ម្ចាស់បទ “សុំទោស” សៅ ឧត្តម អាយុ28ឆ្នាំ ដែលជាអតីតបេក្ខភាព Cambodian Idol រដូវកាលទី1 ឈានដល់វគ្គផ្តាច់ព្រ័ត្រ ជាមួយនី រតនា និងម៉ៅ ហាជី តែពានត្រូវបានហង្សមាស ប្រគល់ឱ្យនី រតនា នោះ ពេលនេះ ឧត្តម ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង បានសម្រេចិត្តដឹកដៃតារាបង្ហាញម៉ូដ ស្រីស្អាតចាន់ កែវវង អាយុ23ឆ្នាំ មានស្រុកកំណើតនៅភូមិខ្លាចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រៀបការជាចំហរ កាលពីថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2019។
មង្គលការតារាចម្រៀង សៅ ឧត្តម បានរៀបចំពិធីជប់លៀង70តុ នៅក្នុងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង) ដោយមានតារាសិល្បៈដែលជិតដិតឧត្តម ប៉ុណ្ណោះ បានចូលរួមក្នុងនោះ មានដូចជា គូម៉ា, ប៉ែន សារ៉ាវ, សុវត្ថិឌី ធារីកា, ម៉ៅ គឹមធីតា ជាដើម។
សៅ ឧត្តម បានប្រាប់អ្នកកាសែតថា លោកនិងភរិយា បានស្គាល់គ្នា5ឆ្នាំហើយ ទើបឈានមកដល់ថ្ងៃរៀបការនៅពេលនេះ ដោយដំបូងឡើយ បានជួបគ្នានៅតាមខេត្តមួយ នៅពេលដែលឧត្តម បានទៅច្រៀងកម្មវិធីនោះ ហើយអ្នកនាងកែវវង បានទៅដើរបង្ហាញម៉ូដ ហើយពួកគេចាប់ផ្តើមទាក់ទងគ្នារហូតមក ក្រោយមានចាស់ទុំទាំងសងខាងបានដឹងឮ និងគាំទ្រផងដែរ។
ក្រោយពេលរៀបការហើយនេះ ឧត្តម ថា នឹងនៅតែបន្តអាជីពចម្រៀងជាធម្មតា ចំណែកភរិយាលោកចង់នៅបង្ហាញម៉ូដតទៅទៀត គឺតាមចិត្ត គឺលោកមិនរារាំងទេ។
ដោយឡែករឿងយកកូនវិញ ទាំងឧត្តម និងអ្នកនាងកែវវង បានអះអាងដូចគ្នាថា នឹងត្រូវពន្យារពេលសិន ដោយគិតគូររឿងរកលុយ សំខាន់ជាង តែនៅឆ្នាំ2020 ទើបអាចគិតរឿងយកកូន៕