ខេមរៈ សិរីមន្ត ដែលចូលជ្រកក្រោមដំបូលផលិតកម្មរស្មីហង្សមាស ជិត2ឆ្នាំនោះ ធ្លាប់ត្រូវបានគេគិតថា សិរីមន្ត អាចនឹងមានឱកាសទៅជំនួសតំណែងជាគ្រូបង្វឹក និងគណៈកម្មការរបស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ឬឆន សុវណ្ណរាជ ក្នុងកម្មវិធី The Voice Cambodia និង Cambodian Idol ជាមិនខាន ព្រោះថា សិរីមន្ត ល្បីល្បាញជាងតារាទាំង 2ដួងខាងលើ។
ប៉ុន្តែបុគ្គលិកបម្រើការនៅហង្សមាស ធ្លាប់និយាយថា សិរីមន្ត មិនអាចទៅជំនួសតំណែងបាយ៉ារិទ្ធ និងសុវណ្ណរាជ បានទេ ដោយសារអ្នកចម្រៀងទាំង2 បានចុះកុងត្រាជាមួយកម្មវិធីទាំងនោះហើយ និងមិនទាន់ផុតកំណត់ទេ អ៊ីចឹងសិរីមន្ត មានតែចាំទៅបង្ហាញខ្លួននៅកម្មវិធីថ្មីណាមួយទៀត នាពេលខាងមុខ ព្រោះហង្សមាស ទិញកម្មវិធីគេមក ចេញមិនទាន់អស់ទេ។
ដូចការអះអាងបែបនេះមែន ព្រោះថា ខេមរៈ សិរីមន្ត ពេលនេះត្រូវបានហង្សមាស រុញឱ្យទៅធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រលងចម្រៀងថ្មី X Factor Cambodia ដែលត្រូវចាប់ដៃជាមួយណុប បាយ៉ារិទ្ធិ, ឱក សុគន្ធកញ្ញា និងសុខ សីឡាលីន។
មជ្ឈដ្ឋានមហាជនបានលើកឡើងថា នេះជាការលួងចិត្តរបស់ក្រុមហ៊ុនហង្សមាស ទៅលើតារាចម្រៀងខេមរៈ សិរីមន្ត ព្រោះថា តាំងពីសិរីមន្ត ចូលហង្សមាស រហូតមកដល់ពេលនេះ គឺអតីតតារាចម្រៀងផលិតកម្ម U2 រូបនេះ នៅមិនទាន់ល្បីល្បាញខ្លាំងដូចកាលនៅផលិតកម្មសាន់ដេ ឡើយ។ អ្នកខ្លះថា សិរីមន្ត ដើរចូលស៊ងហង្សមាស ព្រោះផលិតកម្មនេះយកទៅបង្ក្រាបទុកមិនឱ្យឡើងខ្ពស់ជាងព្រាប សុវត្ថិ។ តែតាមសភាពជាក់ស្តែង សិរីមន្ត ត្រូវហង្សមាស ធ្វើបទចម្រៀងឱ្យច្រៀងជាញឹកញាប់ដែរ មិនមែនយកទៅផ្អឹបចោលនោះទេ គ្រាន់តែសិរីមន្ត មិនសូវស្ទុះខ្លាំងដូចមុនប៉ុណ្ណោះ។
តាមរយៈការត្រៀមខ្លួនចូលកាន់តំណែងថ្មីរបស់ខេមរៈ សិរីមន្ត នៅពេលនេះ ចំពេលដែលសិរីមន្ត កំពុងកាន់ទុក្ខមរណភាពរបស់ប្អូនស្រី កញ្ញាខេមរៈ ស្រីពៅ កាលពីថ្ងៃទី25 ខែមករា ឆ្នាំ២០១៩ នោះ ហើយសិរីមន្ត ត្រូវកាន់ទុក្ខគម្រប់100ថ្ងៃ ទើបឡើងឆាកវិញ នៅអំឡុងដើមខែមេសា មុនចូលឆ្នាំខ្មែរ 2019 ខាងមុខនេះ។
ការផ្អាកឡើងឆាក3ខែ របស់ខេមរៈ សិរីមន្ត នេះ ត្រូវបានអ្នករៀបចំប្រគំតន្ត្រី បានឱ្យដឹងថា សិរីមន្ត ខាតប្រាក់ចំណូលក្បែរ20ម៉ឺនដុល្លារ។
ការសំអាងបែបនេះ ដោយសារតែសិរីមន្ត ច្រៀង1កម្មវិធី ស៊ីថ្លៃ3000ដុល្លារ ហើយនៅរដូវក្តៅនេះ សិរីមន្ត ចេញច្រៀង1ខែ មិនក្រោម20កម្មវិធីឡើយ មានន័យថា ចំណូល1ខែ មិនក្រោម6ម៉ឺនដុល្លារទេ៕