Saturday, November 23, 2024
Homeបច្ចេកវិទ្យាកប់សារី !!! ជាមួយបច្ចេកវិទ្យា 10X Lossless Zoomរបស់ OPPO

កប់សារី !!! ជាមួយបច្ចេកវិទ្យា 10X Lossless Zoomរបស់ OPPO

យោងតាមសារពត៌មានបរទេសជាច្រើន បានចុះផ្សាយលើការបង្ហាញខ្លួនស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom របស់ក្រុមហ៊ុន Oppo នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយ Mobile World Congress (MWC) 2019 នៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ដោយក្នុងនោះ ក្រុមហ៊ុន Oppo បានដាក់បង្ហាញស្មាតហ្វូនដ៏ពិសេសមួយគ្រឿង បង្អួតដល់ពិភពលោក។ អ្វីដែលជាចំណុចដែលធ្វើឲ្យមនុស្យជាច្រើន​មានការ​ចាប់អារម្មណ៍ខ្លាំងនោះ គឺផ្នែកកាម៉េរាខាងក្រោយរបស់ទូរស័ព្ទប្រភេទថ្មីមួយគ្រឿងនេះ វាមានសមត្ថភាព                  

អាចធ្វើការ Zoom  ឬពង្រីកបានដល់ទៅកម្រិត 10 ដង ដោយ​មិន​មានការប៉ះពាល់ដល់គុណភាពរូបភាពដែលថតចេញមកឡើយ។

ក្រុមហ៊ុនស្មាតហ្វូន Oppo ក៏បានប្រកាសថាស្មាតហ្វូន ដែលបំពាក់ដោយសេនស័រកាម៉េរា 10X Lossless Zoom ថ្មីមួយគ្រឿងនាពេលនេះ នឹង​ចាប់​ផ្ដើម​​ចូលខ្លួនក្នុងទីផ្សារនាពេលខាងមុខ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនគ្រាន់តែបានបង្ហាញការធ្វើតេស្ដទៅលើ​ម៉ូឌែល​ស្មាតហ្វូន​ជាគម្រូប៉ុណ្ណោះ ដូច្នេះស្មាតហ្វូនដែលដាក់ឲ្យសាកល្បងថតទាំងអស់នេះ គឺមិនទាន់ផលិតរួចរាល់ 100% ​នៅឡើយ​ទេ។

នៅក្នុងព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូឌែលស្មាតហ្វូនដែលក្រុមហ៊ុន Oppo ដាក់ឲ្យសាកល្បងនោះបានបំពាក់ Case ពីលើជុំវិញមួយតួខ្លួនទូរសព្ទតែម្តង ដោយមិនធ្វើការបង្ហាញរូបរាងច្បាស់លាស់ ហើយថែម​ទាំង​បានបិទបាំងកាម៉េរាខាងមុខថែមទៀតផង ហាក់មិនចង់បង្ហាញនូវអ្វីដែលជារូបរាងពិតប្រាកដនៃគម្រោងម៉ូឌែលប្រភេទថ្មីនោះដែរ នៅពេលនោះដែរក្រុមហ៊ុនបានរៀបចំជារូបភាពទូទៅបែបសិម្បនិម្មិតជាអគារ និង សកម្មភាពទូទៅរបស់មនុស្សតូចៗ ដើម្បីឲ្យអ្នកចូលរួមទាំងអស់បានសាកល្បង ប្រើប្រាស់បច្ចេកវិទ្យា10X Lossless Zoomទៅលើរូបនិម្មិតទាំងនោះ ថាវាមានគុណភាពច្បាស់កម្រិតណា ជាមួយនឹងបច្ចេកវិទ្យាដ៏ថ្មីស្រឡាងមួយនេះដែរ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Oppo ក៏បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលទូរស័ព្ទនេះដាក់ចេញ​លក់​ជាផ្លូវការនៅលើទីផ្សារនោះរូបភាពដែលថតចេញមក ក៏នៅមានគុណភាពដូចរូបភាពដែលថតចេញពីទូរស័ព្ទគំរូតេស្តទាំងអស់នេះអញ្ចឹងដែរ ដោយគ្រាន់តែការការ​ឌីហ្សាញ​របស់ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្ដូរខ្លះៗតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត នៅលើទូរស័ព្ទគម្រូតេស្តនេះ គេឃើញមានបំពាក់ដោយសេនស័រកាម៉េរាក្រោយ 3គ្រាប់ ដោយកាម៉េរាគោលមានទំហំ 48MP ហើយបន្ទាប់មក គឺជាកាម៉េរាប្រភេទ Ultra-Wide ដែលមានទំហំ 8MP និងចុងក្រោយ ជាសេនស័រកាម៉េរាដែលពិសេសជាងគេ គឺ​មាន​ទំហំ 12MP ប្រភេទ Telephoto អាចធ្វើការ Zoom បានដល់ទៅកម្រិត 10ដងឯណោះ។

ដូច្នេះសូមលោកអ្នកមើលរូបភាពទូទៅបែបតូចៗ ចេញពីទូរស័ព្ទគម្រូតេស្តនេះទាំងអស់គ្នា ដូចខាងក្រោម៖

ជាទូទៅក្រុមហ៊ុន Oppo នៅមិនទាន់ប្រាប់អំពីឈ្មោះរបស់ស្មាតហ្វូនមួយប្រភេទនេះនៅឡើយទេ ដោយគ្រាន់តែបានបញ្ជាក់ថា អាចនឹងត្រូវបានបង្ហាញខ្លួននៅលើទីផ្សារក្នុងចន្លោះខែមេសា និងខែមិថុនា ឆ្នាំ 2019 ខាងមុខនេះផងដែរ។

តាមរយៈរូបភាពដែលថតចេញពីទូរស័ព្ទនេះ តើលោកអ្នកយល់ឃើញដូម្តេចដែរចំពោះគុណភាពដែលថតចេញពីសេនស័រកាម៉េរាបច្ចេកវិទ្យា 10X Lossless Zoom របស់ Oppo នៅពេលនេះ? ចាំមើលថារូបរាងទូរស័ព្ទពិតប្រាកដ ដែលផ្ទុកបច្ចេកវិទ្យាទំនើបនេះ មានរូបរាងដូម្តេចទៅ?

ព័ត៌មានបន្ថែមលោកអ្នកអាចចូលទៅកាន់ Page របស់ Oppo តាមរយៈ ៖

https://www.facebook.com/OPPOCAMBODIA/
RELATED ARTICLES