មាស សុខសោភា ជាគោលដៅធំរបស់ផលិតកម្មរស្មីហង្សមាស បន្ទាប់ពីផលិតកម្មនេះស្ទូចបានខេមរៈ សិរីមន្ត ដូចបំណងពីសាន់ដេ។ យ៉ាងណា ទោះជាមាស សុខសោភា គ្មានការកុងត្រាច្រៀងនៅផលិតកម្មថោន ក៏ដោយ តែការចរចារបស់សោភា ជាមួយហង្សមាស ហាក់នៅជាប់គាំងទ្រឹង ទើបពេលនេះ សោភា នៅតែបន្តច្រៀងនៅផលិតកម្មថោន ដដែល ពិសេសគឺត្រៀមចេញបទចម្រៀង សម្រាប់បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះទៀតផង។
អ្នកគាំទ្រ (Fan) មាស សុខសោភា ជាច្រើនបានឱ្យយោបល់តារាចម្រៀងល្បីរូបនេះ ឱ្យបន្តច្រៀងនៅថោន តទៅទៀត ព្រោះថា នាងជាតួឯកនៅថោន តែបើទៅហង្សមាស គឺគេនឹងមិនឱ្យនាងនៅលើឱក សុគន្ធកញ្ញា ដែលជាប្អូនថ្លៃថៅកែហង្សមាស នោះទេ។
យ៉ាងណា មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា នាងកំពុងពិចារណារឿងទៅហង្សមាស ដោយចរចាគ្នាសិន តែទម្លាប់របស់នាង គឺចូលចិត្តធ្វើការដោយមានសេរីភាព ច្រើនជាងការធ្វើការក្រោមការគ្រប់គ្រងរបស់គេទាំងស្រុង។
តាមព័ត៌មានថា ចំពោះមូលហេតុមាស សុខសោភា និងហង្សមាស ចរចាគ្នាមិនទៅមុខ ដោយជាប់គាំងស្ញេញនៅពេលនេះ អាចមកពីសោភា ចង់ច្រៀងដោយគ្មានការកុងត្រាជាមួយផលិតកម្មនេះ ហើយនាងនៅតែអាចចេញបទចម្រៀងផ្ទាល់ខ្លួននៅផលិតកម្មរបស់នាង Camtrax បានជាធម្មតា តែហង្សមាស មិនយល់ព្រមឡើយ។
ប៉ុន្តែសម្រាប់តារាចម្រៀងមួយចំនួនទៀតនៅហង្សមាស ដូចជា ព្រាប សុវត្ថិ និងពេជ្រ សោភា នោះ ក៏ជាអ្នកចម្រៀងដែលគ្មានការកុងត្រាជាមួយហង្សមាស ដែរ ហេតុនេះហើយគេជឿថា ហង្សមាស យល់ព្រមតាមលក្ខខណ្ឌរបស់ហង្សមាស ជាមិនខាន ប្រសិនបើផលិតកម្មនេះនៅតែចិញ្ចឹម ចិត្តចង់បានមាស សុខសោភា ពិតប្រាកដមែន។
មាស សុខសោភា ជាតារាចម្រៀងស្នូល របស់ផលិតកម្មថោន ដែលមហាជនយល់ថា បើថោន បានបាត់ សុខសោភា នោះ ផលិតកម្មនេះគ្មានគីឡូទៅប្រជែងជាមួយហង្សមាស បានឡើយ។
ប្រភពបានឱ្យដឹងថា លោកវ៉ា សុធា ថៅកែផលិតកម្មថោន មិនចង់ឱ្យតារាចម្រៀងសំខាន់របស់លោក គឺមាស សុខសោភា ចាកចេញឡើយ ប៉ុន្តែលោកថៅកែក៏មិនដែលរារាំងបិទផ្លូវតារាណាម្នាក់របស់លោកដែរ ប្រសិនបើពួកគេចង់ចាកចេញមែននោះ។
ស្រីស្អាតប្រចាំផលិតកម្មថោន កញ្ញារ៉ាប៊ី បានឱ្យដឹងថា គ្រប់តារាថោន ទាំងអស់ រួមទាំងរូបនាងផង គឺអាចចេញបាន បើសិនជាលែងចង់នៅ ព្រោះថៅកែរបស់នាងមិនចេះហាមឃាត់អ្នកណាដែលមិនពេញចិត្តនៅជាមួយលោកឡើយ។ ចំណែកលោកករុណា ពេជ្រ អតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន ធ្លាប់អះអាងថា តារាល្បីយ៉ាងណាក៏ដោយ បើគេមិនចង់នៅជាមួយផលិតកម្មយើងទៀតទេ ទោះជាធ្វើម៉េចក៏មិនអាចឃាត់គេបានដែរ អ៊ីចឹងមានតែបណ្តោយតាមដំណើរទៅ។
មាស សុខសោភា ជាតារាចម្រៀងដែលត្រូវប៉ាន់ខ្លាំងនៅរដូវក្តៅនេះ នាងរកប្រាក់ចំណូលបានក្នុង1ខែៗ មិនក្រោម6ម៉ឺនដុល្លារឡើយ តាមរយៈការច្រៀង1កម្មវិធី ស៊ីថ្លៃ3000ដុល្លារ “