ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដឹកនាំដោយលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានធ្វើសមាជសហគមន៍ខ្មែរ នៅអាមេរិក ស្តីពីការបញ្ចប់សង្គ្រាមជាមួយប្រទេសថៃ និងការទាមទារទឹកដីកម្ពុជា ដែលបាត់បង់ ដោយសន្តិវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ។ ថ្នាក់ដឹនាំនៃរដ្ឋាភិបាលក្រៅប្រទេសនេះ អះអាងថា បន្ទាប់ពីសមាជនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងប្តឹងទាមទារទឹកដីខ្មែរ ចំនួន ៤៩ទីតាំង ដែលថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់នោះមកវិញ ។

សមាជជាតិសហគមន៍ខ្មែរ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានប្រារព្ធធ្វើឡើងយៈពេល ២ថ្ងៃ ពីថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅវត្តភ្នំសេរី រដ្ឋមាស្សាឈូសេត សហរដ្ឋអាមេរិក ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ ព្រះចៅអធិការ ជាអ្នករៀបចំទទួលភ្ញៀវដែលអញ្ជើញមកពីគ្រប់ទ្វីប ក្នុងបណ្ដាប្រទេសជាច្រើន រួមមាន កូរ៉េ ជប៉ុន អូស្រ្តាលី ន័រវេយ៍ ញូវហ្សេឡែន អូស្រ្តាលី កាណាដា ជាដើម នៃរចនាសម្ព័ន្ធបណ្ដាញយុវជនកម្ពុជាសកល របស់លោក សុភ័ណ្ឌ ឡារី, នៃរចនាសម្ព័ន្ធចលនាខ្មែរដើម្បីប្រជាធិបតេយ្យ របស់លោកស្រី មួរ សុខហួរ, នៃរចនាសម្ព័ន្ធរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា និងរចនាសម្ព័ន្ធអតីតគណបក្សសង្រ្គោះជាតិ នៅក្រៅប្រទេស ដែលបានមកជួបជុំគ្នា ដើម្បីពិភាក្សា ប្តូរយោបល់ និងស្វែងរកទិសដៅរួម សម្រាប់អនាគតប្រទេសកម្ពុជា។

រដ្ឋាភិបាលក្រៅប្រទេស ដែលរួមគ្នាធ្វើសមាជជាតិនេះ រួមមាន ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD), អតីតគណបក្សសង្រ្គោះជាតិក្រៅប្រទេស (CNRP-O), អង្គការ Khmer People Network for Cambodia នៅសហរដ្ឋអាមេរិក, អង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ, អង្គការគណៈកម្មការសន្ធិសញ្ញាសន្ធិភាពទីក្រុងប៉ារីសស្ដីពីកម្ពុជា រដ្ឋមីននីសូតា, សហគមន៍កុលបុត្រកុលធីតាខ្មែរ រដ្ឋនេវ៉ាដា, សហគមន៍សាម គ្គីមនុស្សធម៌ប្រចាំរដ្ឋសៅខារ៉ូឡៃណា, សមាគម Rise CAMBODIA, អតីតគណបក្សសង្រ្គោះជាតិ សាខាប្រ ទេសបារាំង, មូលនិធិខ្មែរញូវហ្សេឡែន, អង្គការមូលនិធិសង្រ្គោះបន្ទាន់កម្ពុជា, យុវជនសម័យថ្មីដើម្បីសេរីភាពកូរ៉េខាងត្បូង,សមាគមបេះដូងខ្មែរនៅកូរ៉េ, មជ្ឈមណ្ឌលសហគមន៍ឡិចស៊ិងតុនកម្ពុជា នៅណតខារ៉ូឡៃណា, អតីតគណបក្សសង្រ្គោះជាតិសហរដ្ឋអាមេរិក, មូលនិធិខ្មែរសង្រ្គោះអ្នកប្រជាធិបតេយ្យ, ចលនាសង្រ្គោះជាតិនៅជប៉ុន, មជ្ឈមណ្ឌលដើម្បីខ្មែរអាការី នៅជប៉ុន, ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ នៅកូរ៉េ និងសហគមន៍សាមគ្គីជាតិខ្មែរ នៅកូរ៉េ ។

សមាជសហគមន៍ខ្មែរ មានគោលបំណងបើកឱកាសឲ្យប្រជាពលរដ្ឋដោយផ្ទាល់ ពាក់ព័ន្ធបញ្ហាជាតិ លើក ឡើងនូវវិបត្តិជាតិ និងពិនិត្យរួមគ្នាអំពីដំណោះស្រាយជាតិ តាមរបៀបវារៈដែលបានពិភាក្សា រួមមាន ៖ ទី១ ការបញ្ចប់សង្រ្គាមជាមួយប្រទេសថៃ ដោយភាពថ្លៃថ្នូរ និងទាមទារទឺកដីកម្ពុជា ដែលបាត់បង់ ប្រគល់សងឲ្យប្រ ទេសកម្ពុជា វិញ ដោយសនិ្តវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ។ ទី២ ការស្ដារឡើងវិញឲ្យបាននូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្នុងគោលដៅធានាយុត្តិ ធម៌សង្គមដើម្បីជួយដោះស្រាយវិបត្តិរងគ្រោះ និងភាពក្រីក្ររបស់ប្រជាពលរដ្ឋទូទៅ ។ សេចក្ដីសម្រេចរៀបចំសមាជនេះ ជាការកត់សម្គាល់ ប្រជាពលរដ្ឋខ្មែរ នៅជុំវិញពិភពលោក បានអញ្ជើញចូលរួមសម្ដែងមតិ និងបង្ហា ញអំពីទស្សនៈយោបល់ ដោះស្រាយបញ្ហាជាតិផងដែរ ។

ទាក់ទងដល់ការបញ្ចប់សង្រ្គាមជាមួយប្រទេសថៃ ដោយភាពថ្លៃថ្នូរ និងទាមទារទឹកដីកម្ពុជា ដែលបាត់បង់ ប្រគល់សងឲ្យប្រទេសកម្ពុជា វិញ ដោយសនិ្តវិធី ផ្អែកតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក្នុងនាមជាស្ថបនិកនិងជាប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោកសម រង្ស៊ី បានឡើងថ្លែងបញ្ជាក់នៅក្នុងសមាជសហគមន៍ខ្មែរនោះថា មានតែការប្តឹងឲ្យកោះប្រជុំភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិ ភាពក្រុងប៉ារីស ២៣តុលាប៉ុណ្ណោះ ទើបអាចជួយសង្គ្រោះប្រទេសកម្ពុជា ពីការឈ្លានពានរបស់ប្រទេសជិតខាង និងបញ្ចប់សង្គ្រាមជាមួយថៃ តទៅទៀត ។ បន្ថែមពីលើនេះ លោកសម រង្ស៊ី ក៏បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាធំៗមួយចំនួននៅកម្ពុជា រាប់តាំងពីបញ្ហាសង្គ្រាមខ្មែរនិងថៃ ឧក្រិដ្ឋកម្មឆបោកអនឡាញ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្ស ជាដើម ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា បានឡើងបានធ្វើបទបង្ហាញ ជិត១ម៉ោង ស្តីពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។

នៅក្នុងបទបង្ហាញនោះ លោក អ៊ុំ សំអាន បានធ្វើការបង្ហាញទីតាំងមួយចំនួនដែលថៃ កំពុងគ្រប់គ្រងក្នុងទឹកដីកម្ពុជា ដោយយោងទៅតាមផែនទីខ្នាត ១/២០០ ០០០ ដែលគូសដោយបារាំង ហើយតាមរយៈផែនទីនេះ បញ្ជាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ថៃ បានកំពុងគ្រប់គ្រងទឹកដីកម្ពុជា ចំនួន៤៥តំបន់ បន្ទាប់ពីសង្រ្គាមឈ្លានពានមកលើកម្ពុជា លើកទី២ ។
ភ្ជាប់ជាមួយការធ្វើបទបង្ហាញនេះ លោក អ៊ុំ សំអាន ក៏បានបញ្ជាក់ថា ជំហានបន្ទាប់ក្រោយពីសមាជជាតិ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងដាក់ពាក្យបណ្តឹងដាច់ដោយឡែកមួយទៀត ប្តឹងភាគីថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីកម្ពុជាចំនួន ៤៩ទីតាំង មកវិញ រួមទាំងប្តឹងទាមទារសំណងពីភាគីថៃ ផងដែរ។ លោកសង្ឈឹមថា បណ្តឹងរបស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា នឹងទទួលបានជោគជ័យ។

លោក អ៊ុំ សំអាន បញ្ជាក់ថា ទីតាំងទាំង៤៩ ដែលរដ្ឋាភិបាលកម្ពុជា ប្ដឹងទាមទារថៃប្រគល់មកឲ្យកម្ពុជា វិញនោះ រួមមាន ៖ ១. ប្រាសាទតាមាន់តូច ២. ប្រាសាទតាមាន់ធំ ៣. ប្រាសាទតាក្របី ៤. ប្រាសាទខ្នារ ៥. តំបន់មុំបី ៦. តំបន់ច្រកអានសេះ ៧. ភូមិជោគជ័យ ៨. ភូមិព្រៃចាន់ ៩. ភ្នំក្រហម (ផ្ទះតាម៉ុក) ១០. ភ្នំទ្រព្យ ១១. តំបន់ថ្មដា ១២. តំបន់អូរស្មាច់ ១៣. តំបន់បឹងត្រកួន ១៤. តំបន់អូរភ្លុកដំរី (ផ្ទះបីខ្នង) ១៥. តំបន់ច១ ១៦. តំបន់ថ្មដូន ១៧. ភ្នំរ៉ើង ១៨. ភ្នំគីង្គក់ ១៩. ភ្នំ៣៥០ ២០. ភ្នំ២២៨ ២១. ភ្នំ៥០០ ២២. ភ្នំ៣២២ ២៣. ភ្នំ៦៧៧ ២៤. ភ្នំប៉ោយ ២៥. ភ្នំ៤០០ ២៦. តំបន់អូរខ្លាឃ្មុំ ២៧. តំបន់ជាំតែ ២៨. ភ្នំអូរផ្កាស្នេហ៍ ២៩. ផ្ទះតាម៉ុក (ជាំតែ) ៣០. តំបន់ដើមត្រាង ៣១. តំបន់ដំណាក់ស្ដេច ៣២. តំបន់កសេះ ៣៣.តំបន់តាថាវ ៣៤. តំបន់ជប់អង្គញ់ ៣៥. តំបន់ចូកគ្រួស ៣៦. តំបន់បុស្បូវ ៣៧. បក្សីចាំក្រុង ៣៨. តំបន់តាស៊ឹម (កំពូលភ្នំ) ៣៩. តំបន់ចាក់ច្រែង (កំពូលភ្នំ) ៤០. តំបន់ថ្មបីដុំ ៤១. តំបន់កអណ្ដើក ៤២. ភ្នំតាថង ៤៣. ភ្នំព្រលានសាទុំ ៤៤. ប្រាសាទស្ដុកកក់ធំ ៤៥. តំបន់ថ្ម៨ដុំ ៤៦. ច្រកលោកយាយលាប ៤៧. តំបន់អូរទី២ (តំបន់អូរស្មាច់) ៤៨. កោះគុត និង៤៩. ដែនសមុទ្រត្រួតស៊ីគ្នា ទំហំ២៦០០០គីឡូម៉ែត្រការ៉េ ៕ កុលបុត្រ