Thursday, December 5, 2024
Homeតារាបរទេសក្រុមចម្រៀងថៃ BNK48 មិនត្រឹមតែស្អាតៗទេ ថែមទាំងចេះច្រៀងបទមរតកដើមថែមទៀត

ក្រុមចម្រៀងថៃ BNK48 មិនត្រឹមតែស្អាតៗទេ ថែមទាំងចេះច្រៀងបទមរតកដើមថែមទៀត

ក្រុមតារាចម្រៀងស្រីថៃ BNK48 បានបង្ហាញខ្លួននៅកណ្ដាលផ្សារទំនើបអ៊ីអន១ កាលពីល្ងាច ថ្ងៃទី០៦ ខែកុម្ភៈ ធ្វើឲ្យផ្អើលអស់អ្នកដើរផ្សារ ព្រោះស្រីស្អាតទាំង៦ដួងនោះ បានច្រៀងនិងសម្ដែងគួរឲ្យទាក់ទាញជាខ្លាំង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ថែមទៀតនោះ ក្រៅពីយកបទចម្រៀងល្បីៗរបស់ខ្លួន មកបង្ហាញទស្សនិកជនខ្មែរ ក្រុម BNK48 ក៏ចេះច្រៀងបទខ្មែរ មរតកដើមផងដែរ គឺបទ ”ស្នេហ៍ឆ្លងវេហា” ធ្វើឲ្យអ្នកគាំទ្រតារាចម្រៀងថៃ បានហ៊ោយ៉ាងកងរំពងជុំវិញឆាក។

លោកហួង តារាមុន្នី នាយកផលិតកម្មវិធីទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានឲ្យដឹងថា “ក្រុមចម្រៀង BNK48 មិនមែនល្បីតែនៅថៃទេ គឺល្បីនៅទូទាំងអាស៊ី និងមានអ្នកគាំទ្ររហូតដល់ទៅ៥៨ប្រទេសទៀតផង ឲ្យក្លាយទៅជាសមាជិករបស់ពួកគេ។ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ បានសម្រេចចិត្តចុះ MOU រយៈពេល៥ឆ្នាំ ជាមួយ BNK48 នៅថ្ងៃនេះ ព្រោះតែជាក្រុមនេះល្បី ហើយក្រោយចុះកុងត្រាហើយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ មានសិទ្ធិអញ្ជើញ BNK48 មកសម្ដែងពេលណាក៏បានដែរ”។

លោកបន្តថា “កិច្ចព្រមព្រៀងរវាងទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏មានសិទ្ធិស្នើអ្នកដែលមានសមត្ថភាពមួយរូប ឲ្យក្លាយទៅជាសមាជិករបស់ BNK48 ដូចបណ្ដាប្រទេសចំនួន៥៨ផ្សេងទៀតដែរ”។

ក្រុមចម្រៀង BNK48 ដែលមានវ័យចន្លោះពី១៤ទៅ១៧ឆ្នាំ បានបង្ហាញទឹកមុខរីករាយជាខ្លាំង ចំពោះការមកសម្ដែងនៅកម្ពុជា ជាលើកទី១ មានការគាំទ្រច្រើនពីអ្នកគាំទ្រ តាំងពីចុះពីលើយន្ដហោះដល់ឆាកសម្ដែងនេះ ហើយពួកគាត់សន្យាថា នឹងវិលត្រឡប់មកច្រៀងសម្ដែងនៅកម្ពុជា ឲ្យបានញឹកញាប់ថែមទៀត ក្រោយចុះ MOU ជាមួយទូរទស្សន៍ប៉ុស្ដិ៍លេខ៥នេះ។

ដោយឡែក ចំពោះការលើកយបទ ”ស្នេហ៍ឆ្លងវេហា” មកច្រៀងលើកដំបូងនៅកម្ពុជា នេះ ត្រូវបានប្រធានក្រុម BNK48 អះអាងថា ពួកគេបានហាត់សមរយៈពេល១សប្ដាហ៍ ទើបអាចច្រៀងប៉ារ៉ូលខ្មែរ បាន៕

RELATED ARTICLES