ភ្នំពេញ ៖ អ្នកសិល្បៈជាច្រើន បានបញ្ចេញប្រតិកម្ម មិនពេញចិត្តនឹងប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការ អនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្រ្តីនគរបាលជាតិ ដែលបានសម្រេចបណ្តេញតារាសម្ដែងម្នាក់ ចេញពីក្រប ខ័ណ្ឌប៉ូលិស ។ អ្នកសិល្បៈ បានលើកឡើងថា ប៉ូលិសចរាចរណ៍ ដែលក្រសួងមហាផ្ទៃ បណ្តេញចេញពីក្រប ខ័ណ្ឌនោះ គឺជាមន្រ្តីល្អ ដូច្នេះពួកគេសុំឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្មលើមន្រ្តីរូបនេះ ដោយបង្ហាញមូលហេតុឲ្យបានច្បាស់លាស់។


សូមបញ្ជាក់ថា មន្ត្រីនគរបាលម្នាក់ ឈ្មោះ ស៊ិន សុភា អត្តលេខ ៧៧១៨២ ជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដោយមូល ហេតុល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា។
នៅក្នុងប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៦៨៤ ប្រក ចុះថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ដីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះមន្រ្តីនគរបាលជាតិ បានសម្រេច ៖

ប្រការ១- ត្រូវបានអនុវត្តទណ្ឌកម្មខាងវិន័យ ចំពោះអនុសេនីយ៍ទោ ស៊ិន សុភា អត្តលេខ ៧៧១៨២ នាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្ដិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ មូលហេតុ ល្មើសវិន័យនគរបាលជាតិកម្ពុជា ។
ប្រការ២- ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗ ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចាប់ពីខែមេសា ឆ្នាំ២០២៦ តទៅ។
ប្រការ៣- បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤- អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ ក្រុមប្រឹក្សានិងគណៈអភិ បាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ក្រោយបានឃើញប្រកាសរបស់ក្រសួងមហាផ្ទៃ ខាងលើនេះ រហូតមកដល់ពេលនេះ មានអ្នកសិល្បៈមួយចំនួន បានបញ្ចេញប្រតិកម្ម និងស្នើឲ្យក្រសួងមហាផ្ទៃ ពិចារណាឡើងវិញចំពោះការដាក់ទណ្ឌកម្មវិន័យលើតារាសម្ដែង ស៊ិន សុភា ដោយបណ្ដេញចេញពីក្របខ័ណ្ឌប៉ូលិសនេះ ព្រោះមជ្ឈដ្ឋានសិល្បៈ ជឿជាក់ថា មន្ត្រីប៉ូលិសចរាចរណ៍រូបនេះ ជាមន្រ្តីល្អ គួរតែទទួលបានការលើកទឹកចិត្ត ជាជាងបណ្ដេញចេញពីក្របខ័ណ្ឌ ។
លោក ម៉ាដូណា តារាសម្ដែងភេទទី៣ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “ជាអ្នកសិល្បៈមួយរូប ដែលចូលរួមជួយក្នុងសង្គមច្រើន ចេះគោរពនិងឲ្យតម្លៃសិល្បៈគ្រប់រូប ជាប៉ូលិសគំរូដែលធ្វើការជូនប្រជាជនដោយឆន្ទៈ បំពេញការព្វកិច្ចការងារជូនរដ្ធ ជាច្រើនឆ្នាំ (ចរិតល្អ) តើហេតុអ្វីត្រូវដកគាត់ដោយគ្មានការបង្ហាញភាពច្បាស់លាល់ ឬក៏មានអ្នកច្រណែន ដោយឃើញការងារគាត់ល្អ មិនចង់ទុកគាត់? ធាតុពិត គួរដកបុគ្គលណាដែលជេរប្រមាថ មើលងាយប្រជាជន អាងអំណាច ចេញពីក្របខ័ណ្ឌ ទើបត្រូវ ។ សង្ឃឹមថា មានការបកស្រាយ ដោយក្តីគោរព ពីខ្ញុំ ម៉ាដូណា ។ សូមអ្នកសិល្បៈគ្រប់រូប បង្ហាញមតិផង តើដូចខ្ញុំនិយាយពីខាងលើទេ? សូមcomment មក“ ។

លោក ស្រី ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករខ្មែរ និងជាអតីតតារាសម្ដែងល្បីម្នាក់ បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃដដែលនោះថា “មន្ត្រីល្អ ថ្នាក់លើនឹងមើលឃើញ បងជឿជាក់លើប្អូនប្រុស Sin Sophea“ ។
ជុំវិញប្រតិកម្មរបស់អ្នកសិល្បៈ ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការមតិយោបល់ ការបំភ្លឺ ឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានទេ កាលពីម្សិលមិញ ។

ទោះបីជាយ៉ាងណា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួង មហាផ្ទៃ ដែលជាអង្គភាពសាមីរបស់មន្រ្តីនគរបាល ស៊ិន សុភា បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញករណីបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរ បាលខាងលើ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិ និងការគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ពីក្រសួងម ហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកលែងចំពោះមន្ត្រីរូប ណាដែលបានធ្វើសកម្មភាពប្រព្រឹត្តខុសពីបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ឬក៏ប្រព្រឹត្តខុសច្បាប់ណា មួយ ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។
គួររំលឹកថា លោកស៊ិន សុភា មានអាយុ៣៣ឆ្នាំ ជាតារាសម្ដែង និងជាមន្រ្តីប៉ូលិសចរាចរណ៍ ។ លោកជាអតីត Freshie Boy និងជាតារាសម្តែងត្រកូល «ស៊ិន» ពីរនាក់បងប្អូន ជាកូនភ្លោះរួមផ្ទៃម្តាយតែមួយ គឺលោក ស៊ិន សុភ័ក្ត្រ ។ បន្ទាប់ពីដាក់ចិត្តចូលប្រឡូកក្នុងវិស័យសិល្បៈ អស់រយៈពេល ២ឆ្នាំមក នៅឆ្នាំ២០២៥ ប្រជាប្រិយភាពនិងការគាំទ្របងប្អូនភ្លោះទាំងពីរ ចាប់ផ្តើមមានសន្ទុះក្នុងទីផ្សារ ដោយអំឡុងនៃការចូលខ្លួនចាប់យកអាជីពជាអ្នកសិល្បៈនោះ តារាសម្តែងភ្លោះ ទាំងពីរដួង បានបង្ហាញវត្តមានតាមរយៈការសម្តែងឈុតកាយវិការខារ៉ាអូខេ, ធ្វើជាពិធីករទូរទស្សន៍ និងការដើរបង្ហាញម៉ូដ នៅតាមបណ្តាកម្មវិធីតូចធំមួយចំនួន របស់បណ្តាស្ថានីយប៉ុស្តិ៍ទូរទស្សន៍ ជាដើម។

មុនត្រូវបណ្ដេញចេញពីក្របខ័ណ្ឌប៉ូលិស កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ លោកអនុសេនីយ៍ទោ ស៊ិន សុភា និងមនុស្ស ៤រូបទៀត រួមមាន លោកអនុសេនីយ៍ឯក ស៊ិន សុភ័ក្ដ្រ ជាមន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ (ត្រូវជាបងប្អូនភ្លោះ), អ្នកស្រី គង់ ចាន់រដ្ឋា (ត្រូវជាភរិយា), លោក ជា ដារ៉េត ជាមន្ដ្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងលោកហ៊ិន រតនា ជាតួសម្ដែង ត្រូវជំនាញការិយា ល័យ ហៅមកសាកសួរ ក្រោយពីបានស្រាវជ្រាវរកឃើញថា ពួកគេបានថតបង្ហោះវីដេអូចម្រៀង (ចំណងជើងថា «មុខសញ្ញា») គ្រងឯកសណ្ឋាននគរបាលជាតិ មានស្លាកសញ្ញានគរបាលព្រហ្មទណ្ឌ(CID) ឋានន្ដរស័ក្ដិ វរសេនីយ៍ឯក ក្នុងបណ្ដាញសង្គម Facebook និង Tik Tok ។

ជាមួយនឹងការចូលខ្លួននៅពេលនោះ អនុសេនីយ៍ទោ ស៊ិន សុភា និងក្រុមការងារ បញ្ជាក់ថា គោលបំណងនៃការថតចម្រៀង ពាក់ឯកសណ្ឋាននគរបាលនេះ គ្រាន់តែចង់បង្ហាញនិងលើកកម្ពស់តម្លៃនគរបាល អំពីបេសក កម្មនិងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងគ្រឿងញៀន តែប៉ុណ្ណោះ។

នៅពេលនោះដែរ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអរគុណចំពោះការសម្ដែងទាំងឡាយណាដែលមាន បំណងលើកកម្ពស់គុណតម្លៃរបស់នគរបាលជាតិ ពិសេស នគរបាលព្រហ្មទណ្ឌ។ ប៉ុន្ដែនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សំណូមពរដល់សិល្បករ សិល្បការនីទាំងអស់ មុនយកឯកសណ្ឋាននគរបាលជាតិ ទៅប្រើប្រាស់ក្នុងការសម្ដែង សូមជូនដំណឹង និងសុំការអនុញ្ញាតពីអង្គភាពពាក់ព័ន្ធ ជាមុនសិន ចៀសវាងមានការយល់ច្រឡំ និងខុសច្បាប់ជាធរមាន ៕ កុលបុត្រ
