Thursday, November 21, 2024
Homeតារាខ្មែរលោកគួច ខេវិន ទៅជួបស្រ្ដីជនជាតិឡាវ-អាមេរិក ដល់មន្ទីរពេទ្យកាល់ម៉ែត្រ ទាំងយប់

លោកគួច ខេវិន ទៅជួបស្រ្ដីជនជាតិឡាវ-អាមេរិក ដល់មន្ទីរពេទ្យកាល់ម៉ែត្រ ទាំងយប់

​អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់ លោកគួច ខេវិន បានស្កាត់ទៅជួបស្រ្ដីជនជាតិឡាវ និងកូនស្រី ដែលមានសញ្ជាតិអាមេរិក ហើយធ្លាក់ខ្លួនឈឺ សម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉ែត្រ ទាំងយប់ កាលពីថ្ងៃទី៧ ខែកុម្ភៈ នៅអាគារផ្នែកប្រព័ន្ធប្រសាទ សង្រ្គោះបន្ទាន់នៅបន្ទប់H1។

ការស្វះស្វែងរកស្ដ្រីនិងកូនស្រ្ដីជាជនជាតិឡាវ ដោយអន្ទះសាររបស់លោកគួច ខេវិន នោះ ដោយលោកបានទទួលដំណឹងថា អាណិកជនឡាវ -អាមេរិក រូបនេះ មកលេងស្រុកខ្មែរ ហើយធ្លាក់ខ្លួនឈឺធ្ងន់ រហូតដល់សន្លប់ មកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ដោយគ្មានទីពឹងឡើយ​គឺមានតែ២នាក់ម្ដាយនិងកូន ហើយចង់ចេញទៅអាមេរិក វិញ មិនកើត ព្រោះគ្មានលុយកាក់។

ប៉ុន្ដែនៅពេលដែលទៅជួបផ្ទាល់នោះ ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ បានឲ្យដឹងថា ស្រ្ដីជនជាតិឡាវនោះ ត្រូវបានមន្រ្ដីខាងស្ថានទូតនៅអាមេរិក ប្រចាំនៅកម្ពុជា បានមកសួរនាំដល់មន្ទីរពេទ្យ ហើយពេលនេះ គាត់បានដឹងខ្លួនវិញហើយ ចំណែកកូនស្រីគាត់ត្រូវខាងស្ថានទូតអាមេរិក យកចេញពីមន្ទីរពេទ្យទៅស្ថានទូតហើយ។

នារីជនជាតិឡាវ សញ្ជាតិអាមេរិក ដែលអាចនិយាយខ្មែរ បាននោះ ប្រាប់អ្នកយកព័ត៌មានយើងថា គាត់មានប្ដីជាជនជាតិខ្មែរ នៅអាមេរិក​និងមានកូន៤នាក់ តែពេលនេះ គាត់និងប្ដីបានលែងលះគ្នាហើយ។ គាត់បាននាំកូនស្រីពៅ មកលេងស្រុកកំណើតនៅឡាវ និងបង្ហួសទៅខេត្តសៀមរាប ហើយពេលមកភ្នំពេញ ក៏ឈឺធ្ងន់ មិនអាចវិលត្រឡប់ទៅអាមេរិក បានទេ។ ពេលនេះ គាត់គ្រាន់បើបន្ដិចហើយ ព្រោះត្រូវខាងស្ថានទូតអាមេរិក មកសួរនាំដែរ។

ស្រ្ដីជនជាតិឡាវនោះ ក៏បានថ្លែងអំណរគុណដល់លោកគួច ខេវិន ដែលបានទៅសួរសុខទុក្ខផងដែរ ព្រោះថា គាត់និងលោកខេវិន មិនដែលស្គាល់គ្នាពីមុនឡើយ។

លោកគួច ខេវិន បានឲ្យដឹងថា “លោកក៏ធ្លាប់រស់នៅអាមេរិកដែរ អីចឹងពេលទទួលបានដំណឹងថា មានអាណិកជនឡាវ-អាមេរិក ឈឺធ្ងន់ មានតែ២នាក់ម៉ែកូន ចង់ទៅអាមេរិកវិញ មិនកើត ទើបលោកមកសួរនាំ និងចង់ជួយពួកគាត់តាមដែលអាចធ្វើទៅបាន”។

លោកបន្តថា “មានតែអ្នកធ្លាប់ឈឺទេ ទើបដឹងថា គ្មានអ្នកនៅក្បែរពិបាកយ៉ាងម៉េច។ ប៉ុន្ដែពេលលោកបានដំណឹងថា ខាងស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា មកសួរនាំ ហើយលោកមិនសូវព្រួយបារម្ភដូចមុនទេ។ ប៉ុន្តែលោកបានទុកលេខទូរស័ព្ទផ្ទាល់ខ្លួន ឲ្យស្រ្ដីជនជាតិឡាវ នោះ ក្នុងការទំនាក់ទំនងទៅលោក ប្រសិនបើមានផលវិបាក និងត្រូវការលោកជួយនូវអ្វីដែលលោកអាចធ្វើទៅបាន”។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ ឈ្មោះ Sa Vy Poch បានបង្ហោះរូបភាពស្រ្ដីជនជាតិឡាវ និងកូនស្រ្ដី ឈឺព្យាលនៅមន្ទីពេទ្យកាល់ម៉ែត្រ  ហើយត្រូវការអ្នកជួយបន្ទាន់ ព្រោះគាត់ទាំង២ ចង់ទៅអាមេរិកវិញ តែគ្មានអ្នកជួយ។ ការបង្ហោះសារនោះ ធ្វើឲ្យផ្អើលអ្នកលេងបណ្ដាញសង្គម រហូតដល់ស្ថានទូតអាមេរិក ប្រចាំនៅខ្មែរ ចុះមកដល់មន្ទីពេទ្យកាល់ម៉ែត្រ ដើម្បីអន្ដរាគមន៍ ខណៈដែលលោកខេវិន ក៏បានមកជួបស្រ្ដីរូបនោះ ទាំងយប់អាធ្រាត្រផងដែរ៕

RELATED ARTICLES