Tuesday, April 30, 2024
Homeតារាខ្មែររ៉ាប៊ី ជឿជាក់ “ម៉ែជេរ” ថ្ងៃចូលឆ្នាំខ្មែរ

រ៉ាប៊ី ជឿជាក់ “ម៉ែជេរ” ថ្ងៃចូលឆ្នាំខ្មែរ

ស្រីស្អាតរ៉ាប៊ី ដែលចេញបទចម្រៀងផ្ទុះ 3បទជាប់ៗគ្នា គឺបទ“មាន់ស្រែ”, “លុយ លុយ លុយ” និងបទ “រហែកតែខោ” នោះ តារាចម្រៀងថោន រូបនេះ មានជំនឿយ៉ាងមុតមាំថា បទចម្រៀងរបស់នាងដែលទើបចេញ MV ក្តៅ គឺបទ “ម៉ែជេរ”នេះ នឹងមានការគាំទ្រច្រើនដែលធ្វើឱ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលថែមទៀតជាមិនខានឡើយ។

ប៉ុន្តែយ៉ាងណា រ៉ាប៊ី ថា ក្នុងចំណោមបទចម្រៀងទាំងអស់របស់នាង នៅតែមិនទាន់មានបទមួយណា អាចប្រៀបស្មើជាមួយបទ “មាន់ស្រែ” បានឡើយ ព្រោះបទនោះមានអ្នក Views គ្រប់ Channel ទាំងអស់ជិត​​​ 30M។

​ដោយឡែក បទល្បីៗរបស់នាងផ្សេងៗទៀត គឺមានអ្នក Views ជាង10M។ ចំណែកបទ “ម៉ែជេរ” ដែលទើបតែចេញថ្មីៗនេះ រ៉ាប៊ី ថា មានអ្នក  Views ជិត 3M ទៅហើយ អ៊ីចឹងនាងរំពឹងថា បទនេះនឹងមានអ្នកគាំទ្រ និងយកទៅរាំច្រើនជាមិនខាននៅថ្ងៃចូលឆ្នាំខ្មែរ។

រ៉ាប៊ី វាចាថា “ខ្ញុំបានយកបទ “ម៉ែជេរ” នេះ ទៅច្រៀងតាមឆាកតន្ត្រីធំៗ ឃើញមានយុវវ័យគាំទ្រច្រើនណាស់ អ៊ីចឹងខ្ញុំរំពឹងថា បទនេះនឹងពេញនិយមសម្រាប់ការរាំកម្សាន្ត នៅពេលចូលឆ្នាំខ្មែរខាងមុខនេះ។ ប៉ុន្តែមិនអាចយកបទនេះ ទៅប្រៀបធៀបជាមួយបទ “មាន់ស្រែ” បានទេ ព្រោះបទនោះខ្លាំងណាស់ ខ្ញុំមានអ្វីៗគ្រប់យ៉ាង ត្រូវបងប្អូនទទួលស្គាល់ គឺបទ“មាន់ស្រែ”ហ្នឹងឯង។ អ្វីដែលខ្ញុំសប្បាយចិត្ត គឺបទចម្រៀងល្បីៗរបស់ខ្ញុំទាំងអស់ គឺមានរសជាតិផ្សេង និងដាច់ៗពីគ្នាទាំងអស់ អ៊ីចឹងមិនជាន់បទមួយណាទេ”។

រ៉ាប៊ី ដែលទើបប្រឡូកក្នុងអាជីពចម្រៀង រយៈពេលខ្លីនេះ ត្រូវបានមហាជនមើលឃើញថា នាងដណ្តើមទីផ្សារចម្រៀងផ្នែកយុវវ័យ បានលេចធ្លោជាងគេនៅរយៈពេលចុងក្រោយនេះ  ដោយឈរក្នុងតំណែងតារាចម្រៀងស្រីលេខ2 នៅផលិតកម្ម បន្ទាប់ពីមាស សុខសោភា។

ការឡើងកូដរបស់ស្រីស្អាត រ៉ាប៊ី នេះ ធ្វើឱ្យនាងបានទិញផ្តាច់ផ្ទះដល់ទៅជុង  និងថ្មីៗនេះបានទិញផ្ទះវីឡាបង់រំលស់នៅបុរីប៉េង ហួត (បឹងស្នោ) ទៀតផង ទើបធ្វើឱ្យគេសង្ស័យថា ស្រីស្រស់មានគូស្នេហ៍ឧបត្ថម្ភនៅក្រោយខ្នង។

រ៉ាប៊ី ថា ទឹកលុយទាំងនោះ គឺបានមកពីការសន្សំប្រាក់ពីសិល្បៈ ព្រោះនៅរដូវក្តៅនេះ នាងអាចរកប្រាក់ចំណូលបានក្នុង1ខែ ជាង1ម៉ឺនដុល្លារ ហេតុនេះហើយមិនត្រូវការប្រុសណាចិញ្ចឹមឡើយ៕

RELATED ARTICLES