ភ្នំពេញ៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះជួលក្បែររបងសាលា ជាស៊ីម សាមគ្គី ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានរលត់ទាំងស្រុងហើយ នៅវេលាម៉ោង៩ និង៥០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង និងប្រើប្រាស់ទឹកអស់ជាច្រើនរថយន្ត រួចមក ។
ប្រភពព័ត៌មានពីភ្នាក់ងារនគរធំប្រចាំនៅទីនោះ បានរាយការណ៍មកថា គ្រោះអគ្គិភ័យខាងលើនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ ៣ល្វែង និង១២បន្ទប់ ដែលសុទ្ធតែជាបន្ទប់ជួល ព្រមទាំងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនផងដែរ ។ ចំណែកមូលហេតុនៃការឆេះនេះត្រូវបាន គេសន្និដ្ឋានជាជំហ៊ានដំបូងថា ដោយសារទុស្សេចរន្តអគ្គិសនី ។
ខណៈពេលនេះ សមត្ថកិច្ចបានដកកម្លាំងទៅវិញជាបណ្ដើរៗហើយ ក្រោយភ្លើងបានរលត់ទាំងស្រុង ។
មន្រ្ដីជំនាញពន្លត់អគ្គិភ័យ បានអំពាវឲ្យប្រជាពលរដ្ឋ មេត្ដាយកចិត្ដទុកដាក់ឲ្យបានខ្ពស់បំផុត ចំពោះបញ្ហាអគ្គិភ័យ ដោយត្រូវពិនិត្យឲ្យបានសព្វគ្រប់ មុននឹងចាកចេញពីគេហដ្ឋាន ទៅរកស៊ី ធ្វើការ ជៀសវាងជួបគ្រោះអកុសលបែបនេះកើតឡើង ៕