ភ្នំពេញ ៖ បុរសម្នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ចូលទៅចាក់សាំង នៅស្ថានីយប្រេង១កន្លែង ស្រាប់ តែពេលកំពុងចាក់សាំង ម៉ូតូបានឆ្លងភ្លើង ធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លាមនោះ ម្ចាស់រ៉ឺម៉ក បានស្ទុះរុញរ៉ឺម៉កម៉ូតូខ្លួនចេញឆ្ងាយពីស្ថានីយប្រេង កុំឱ្យឆេះរាលដាល និងត្រូវបានបុគ្គលិកស្ថានីយប្រេង នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ទាន់ពេល។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈ ១កន្លែង ស្ថិតក្រោមស្ពានអាកាស៧មករា ក្បែរមន្ទីរពេទ្យពេទ្យលោក សង្ឃ ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើករ៉ឺម៉កចូលទៅចាក់សាំង នៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ស្ថិតនៅទីតាំងកើតហេតុខាងលើ លុះពេលកំពុងចាក់សាំង ស្រាប់តែម៉ូតូរ៉ឺម៉ក បានឆ្លងភ្លើង កើតមានការឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ប្រភពដែល បន្តថា ភ្លាមៗនោះ ម្ចាស់រ៉ឺម៉ក បានរុញម៉ូតូរ៉ឺម៉ករបស់ខ្លួនដែលកំពុងឆេះ ចេញឆ្ងាយពីស្ថានីយប្រេង ព្រោះខ្លាចឆាបឆេះដល់ស្ថានីយប្រេង។ បន្ទាប់មកបុគ្គលិកស្ថានីយប្រេង បាននាំគ្នាយកបំពង់ឧស្ម័នពន្លត់អគ្គិ ភ័យ ធ្វើការបាញ់ពន្លត់ ទាន់ពេលវេលា ធ្វើឱ្យភ្លើងបានរលត់ទៅវិញអស់។

គួរបញ្ជាក់ថា ហេតុការណ៍ឆេះនេះ មិនបានបង្ករបួសស្នាមដល់នរណាម្នាក់នោះទេ ។ ក្រោយកើតហេតុ ម្ចាស់រ៉ឺម៉ក បានយកយានជំនិះរបស់ខ្លួន ទៅជួសជុលដោយខ្លួនឯង៕