Monday, September 23, 2024
Homeសេដ្ឋកិច្ចជាតិឧស្សាហ​កម្ម​រថយន្ត​​ថ្មី​នៅ​​កម្ពុជា ប្រឹង​ក្រោក​ឈរ​

ឧស្សាហ​កម្ម​រថយន្ត​​ថ្មី​នៅ​​កម្ពុជា ប្រឹង​ក្រោក​ឈរ​

បើទោះជាមានវិធានការទប់ស្កាត់យ៉ាងណា ក៏នៅតែមានការត្អូញត្អែរកាន់តែច្រើនពីហានិភ័យនៃឧស្សាហ៍រថយន្ត ដោយសារតែការវាយលុកនៃទីផ្សាររថយន្តជជុះដែលរដ្ឋាភិបាលមិនទាន់បិទឈប់អោយនាំចូលនៅឡើយនៅកម្ពុជា។ ម្ចាស់ក្រុមហ៊ុនធំៗកាន់តែត្រូវគេឃើញបញ្ចេញនូវយុទ្ធសាស្រ្តបង់រំលោះកាន់តែប្រសើរ និងមានការផ្សព្វផ្សាយខ្លាំងក្លាជាងមុនដើម្បីបន្តឈរជើងកុំអោយដួលរំលំ នៅក្នុងបរិបទដែលពលរដ្ឋកម្ពុជាពេញនិយមរថយន្តជជុះព្រោះតែបញ្ហាតម្លៃខុសគ្នា។

car4

ម្ចាស់ក្រុមហ៊ុននាំចូលរថយន្តថ្មីៗបានសំឡឹងឃើញថាទីផ្សារថយន្តនៅក្នុងប្រទេសកម្ពុជាមានការរីកចំរើនកាន់តែខ្លាំងក្នុងរយៈពេលចុងក្រោយ។ ក្នុងនោះតម្រូវការរថយន្តទំនើបៗនៅក្នុងប្រទេសនេះ ក៏មានកំណើនកើនឡើងជារៀងរាល់ឆ្នាំផងដែរ ប៉ុន្តែបើធៀបនឹងទីផ្សារស្ទុះឡើងនៃរថយន្តជជុះគឺនៅតែចាញ់ដាច់ឆ្ងាយ។ ក្រុមអ្នកវិភាគសេដ្ឋកិច្ចបានកត់សម្គាល់ឃើញថាទីផ្សាររថយន្តជជុះបានជួយឲ្យពលរដ្ឋមានលទ្ធភាពប្រើប្រាស់ច្រើន ប៉ុន្តែក៏ធ្វើឲ្យខាតបង់ចំណូលពន្ធចូលជាតិផងដែរ បើធៀបនឹងការបិទចោលលែងឲ្យរថយន្តប្រភេទនេះនាំចូល ហើយធ្វើឲ្យរថយន្តថ្មីៗដែលមានតម្លៃពន្ធល្អជាងរថយន្តជជុះអាចបង្កើនបរិមាណច្រើនឡើងជំនួសវិញ។ ក្រុមអ្នកវិភាគបញ្ជាក់ថា បើប្រទេសកម្ពុជាបញ្ចប់វត្តមាននាំចូលរថយន្តជជុះ នោះប្រទេសកម្ពុជានឹងមានផលចំណេញធំ៣ ទី១នឹងងាយទាក់ទាញបានការបង្កើតរោងចក្រផលិតរថយន្តនៅក្នុងប្រទេសដែលនឹងជួយឲ្យតម្លៃរថយន្តធូរថ្លៃ ទី២នឹងធ្វើឲ្យពលរដ្ឋមានការងារធ្វើ និងទី៣គឺធ្វើឲ្យអ្នកប្រើប្រាស់កាត់បន្ថយនូវហានិភ័យពី ការប្រើប្រាស់រថយន្តជជុះនាំចូលដែលមានគ្មានស្ដង់ដារ ដែលភាគច្រើនគឺប្រទេសដើមលែងឲ្យប្រើដោយសារតែមានបញ្ហាបច្ចេកទេសនោះតែម្ដង។ យ៉ាងណាមិញ មន្ត្រីរដ្ឋាភិបាលធ្លាប់បានបញ្ជា់ថា កម្ពុជាមិនអាចបិទចោលភ្លាមៗនូវការនាំចូលរថយន្តជជុះបានទេ ដោយសារតែពលរដ្ឋភាគច្រើនមិនមានលទ្ធភាពទិញរថយន្តថ្មីដែលមានតម្លៃខ្ពស់។ ម្យ៉ាងមានការប៉ាន់ស្មានថា បើទីផ្សាររថយន្តជជុះពិតជាត្រូវបិទមែន នោះតម្លៃរថយន្តថ្មីដែលមានកម្រិតខុសគ្នាច្រើន គឺមិនខុសពីធ្វើអោយពលរដ្ឋកាន់តែលំបាករឿងអត់លុយគ្រប់រថយន្តថ្មីនោះទេ។

car3

លោក PileeVong អនុប្រធានឧស្សាហកម្មយានយន្តកម្ពុជាធ្លាប់បានអះអាងថា ទីផ្សាររថយន្តថ្មីនឹងប្រឈមការធ្លាក់ចុះ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តច្បាប់ឲ្យមានការនាំចូលរថយន្តជជុះ និងមិនដំឡើងពន្ធនាំចូលរថយន្តជជុះដើម្បីដាក់សម្ពាធដល់អ្នកនាំចូលរថយន្តជជុះកុំឲ្យបន្តនាំចូលរថយន្តដែលកាត់ត ឬខ្វះបច្ចេកទេសយកមកដាក់លក់។ លោកថាមកទល់សព្វថ្ងៃម្ចាស់អាជីវកម្មរថយន្តថ្មី កាន់តែពិបាករស់ដោយសារតែតម្រូវការអ្នកហ៊ានទិញរថយន្តថ្មីនៅតិចនៅឡើយបើធៀបនឹងអ្នកមានតម្រូវការថយន្តជជុះ។ ក្នុងនោះចំណូលដែលទទួលបានពីការលក់ដូររថយន្តនាំចូលរបស់ក្រុមហ៊ុនភាគច្រើន ក៏សឹងនឹងត្រូវប្រឈមផងដែរបើទោះជាមើលទៅគឺបរិយាកាសនៃតម្រូវការរថយន្តថ្មីមានការហក់ឡើងជាងមុន។ ជាពិសេសចំពោះប្រភេទរថយន្តថ្មីទាំងឡាយណាដែលមិនទាន់មានBrand (ល្បីឈ្មោះ)ក្នុងប្រទេសកម្ពុជាគឺជារឹតតែពិបាកដណ្ដើមបានភាពទាក់ទាញ បើទោះជាបានប្រើយុទ្ធសាស្រ្តបង់រំលោះ និងធ្វើការផ្សព្វផ្សាយយ៉ាងគគ្រឹកគគ្រេង។ ដកស្រង់សម្ដីនាពេលមុនលោកបាននិយាយថា«ទីផ្សាររថយន្តនៅកម្ពុជារាល់ថ្ងៃ គឺក្រៅពីតម្លៃថោក ក៏ត្រូវតែជាម៉ាកដែលអ្នកប្រើប្រាស់ចូលចិត្តផងដែរអញ្ចឹងហើយបានជារថយន្តថ្មីដែលនាំចូលគឺពិបាករស់មែនសម្រាប់ម៉ាកមួយចំនួន តែបើគ្មានទីផ្សាររថយន្តជជុះអ្វីៗវានឹងប្រសើរជាងនេះ ប៉ុន្តែបើទុនស្ថានភាពដូចបច្ចុប្បន្នគឺឧស្សាហកម្មរថយន្តថ្មីនឹងមិនអាចទៅមុខបានទេសម្រាប់ជំហានបោះទុនជារោងចក្រដំឡើងឲ្យច្រើន ឬរោងចក្រផលិតនោះ!»។

car2

លោកថាកម្ពុជាបើចង់ឲ្យមានការស្ទុះឡើងក្នុងវិស័យរថយន្តគឺលុះត្រាតែបិទឲ្យអស់នូវប្រភេទរថយន្តជជុះដូចគ្នានឹងប្រទេសភាគច្រើន ដើម្បីផ្ដល់ជម្រើសឲ្យពលរដ្ឋដែលខ្វះលទ្ធភាពប្រើប្រាស់រថយន្តបកពីកេស ប៉ុន្តែនៅក្នុងពេលនេះតម្លៃនៃរថយន្តថ្មីក៏ត្រូវតែកែសម្រួលតម្លៃពន្ធ ដើម្បីឲ្យមានតម្លៃទាបផងដែរ។ វិធានការបែបនេះលោកថានឹងជួយកាត់បន្ថយគ្រោះថ្នាក់ផងពីការប្រើប្រាស់រថយន្តជជុះដែលមានបញ្ហាបច្ចេកទេស និងជួយឲ្យកម្ពុជាចំណេញពន្ធពីការនាំចូលរថយន្តថ្មីកើនឡើង។ លោកនិយាយថា«បើរដ្ឋគាត់បញ្ឈប់ការនាំចូលរថយន្តជជុះ ខ្ញុំថាចំណេញពន្ធច្រើនមែនទែន ឧទាហរណ៍ថារថយន្តថ្មីធ្លាប់យកពន្ធ៥ពាន់ដុល្លារអ្នកនាំចូលលក់បាន១០០គ្រឿងទេ ប៉ុន្តែបើគាត់យកពន្ធត្រឹមតែ៣ពាន់ដុល្លារ ហើយអ្នកលក់អាចនាំចូលដល់១ពាន់គ្រឿង ឬមួយគ្រឿងជំនួសឲ្យរថយន្តជជុះ ខ្ញុំថាចំណេញពន្ធច្រើនមែនទែន ព្រោះរថយន្តជជុះរាល់ថ្ងៃច្រើនតែចំនួននាំចូលទេ ប៉ុន្តែពន្ធគឺទាបខ្លាំងណាស់ធៀបនឹងរថយន្តថ្មី!»។ លោកថាការទប់ស្កាត់រថយន្តជជុះ មិនប៉ះពាល់ដល់ពលរដ្ឋកម្ពុជាជាអ្នកប្រើប្រាស់នោះទេ ដោយសារតែអ្នកប្រើប្រាស់រថយន្តទី១ពីក្រុមហ៊ុន រមែងត្រូវការផ្លាស់ប្ដូរដែលនាំកម្ពុជានៅតែមានរថយន្តជជុះក្នុងស្រុកដែលមានតម្លៃធូរ សម្រាប់ប្រើប្រាស់ជាធម្មតា។

car1

លោកងួន សាំង អគ្គនាយកក្រុមហ៊ុនRMA បានអះអាងថា ក្នុងចំនោមប្រទេសទាំងអស់នៅតំបន់អាស៊ីអាគ្នេយ៍គឺមានតែកម្ពុជា និងមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលនៅអនុញ្ញាតិឲ្យមានការនាំចូលរថយន្តជជុះពីក្រៅប្រទេស។ លោកថារថយន្តជជុះភាគច្រើនគឺជារថយន្តដែលខ្វះបច្ចេកទេសហើយមិនត្រូវបានអនុញ្ញាតិឲ្យប្រើនៅក្នុងប្រទេសគេ។ ប៉ុន្តែដោយសារតែតម្លៃវាទាប ហើយប្រទេសគេមានឱកាសលក់បានលុយផង ទើបរថយន្តទាំងនោះអាចមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងហើយទើបវាជាការប្រឈមមួយ នៅពេលអតិថិជនទិញប៉ះរថយន្តប្រភេទនោះ ជាពិសេសគឺរថយន្តកាត់តដែលងាយនឹងគ្រោះថ្នាក់បំផុតនៅពេលមានបញ្ហាកើតឡើង។ យ៉ាងណាក៏ដោយលោកថាជម្រើសដែលអាចម្ចាស់ក្រុមហ៊ុននាំចូលរថយន្តថ្មីៗអាចបន្តឈរជើង គឺគ្មានអ្វីប្រសើរជាលក្ខណ្ឌអោយបង់រំលោះល្អប្រសើរជាងមុន និងប្រកួតប្រជែងគ្នាធ្វើកម្មវិធីប្រូម៉ូតហ្សិនក្នុងតម្លៃចំណេញអោយទាប ដើម្បីទាក់ទាញអ្នកចង់ជិះឡានជជុះអោយងាកមកប្រើរថយន្តថ្មីវិញ។ លោកថាវិធានការណ៍ល្អមួយគឺត្រូវធ្វើអោយពលរដ្ឋដែលជាអតិថិជនស្គាល់ពីផលប៉ះពាល់របស់រថយន្តជជុះ ជាពិសេសគឺរថយន្តកាត់តតួដែលបាននាំចូលជាមុន ទើបនការងាកមកចាប់អារម្មណ៍រថយន្តថ្មី នឹងអាចមានសន្ទុះ ប៉ុន្តែលោកនៅតែមើលឃើញថាទីផ្សាររថយន្តថ្មី និងនៅតែចាញ់រថយន្តជជុះ ដោយសារតែហេតុផលតម្លៃ។

ស្ថិតិចុងក្រោយបង្ហាញថារថយន្តជជុះត្រូវបាននាំចូលមកកាន់កម្ពុជាប្រមាណជាង៤ម៉ឺនគ្រឿង ក្នុងពេលដែលរថយន្តថ្មីមានចំនួនត្រឹមតែ៤ពាន់គ្រឿងក្នុងមួយឆ្នាំៗ៕

ដោយ ៖ ប៉េង លី

RELATED ARTICLES