តារាសម្តែងរូបស្រស់យ៉ែម ស្រីពេជ្រ បានលេចមុខក្នុងវិធីធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គ ដែលរៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ក្នុងកម្មវិធីនេះដែរ មានការចូលរួមពីឯកឧត្តមហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា, ឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, នាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម Pany Arak Pool Thup ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមណាតថាវុធ ពោធិសារ៉ូ អនុប្រធានសមាគមមិត្តភាពថៃ-កម្ពុជា រួមទាំងព្រះសង្ឃមួយចំនួនទៀតដែរ។
ស្រីពេជ្រ បានឱ្យដឹងថា នាងពិតជាពេញចិត្តណាស់ចំពោះកម្មវិធីនេះ ព្រោះនាងស្រលាញ់ខាងសាសនា ហើយថែមទាំងមានបំណងចង់បួសជាដូនជីទៀតផង នៅពេលខាងមុខនេះ។
តារាសម្តែងនិងជាពិធីការិនីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញាយ៉ែម ស្រីពេជ្រ វាចាថា “ខ្ញុំពេញចិត្តណាស់ចំពោះកម្មវិធីធម្មយាត្រាដែនដីទាំង៥ នៃតំបន់ទន្លេមេគង្គនេះ ព្រោះវាបានផ្តល់នូវចំណេះដឹងដល់អ្នកស្រលាញ់សាសនា ដូចជារូបខ្ញុំដែរ”។
ស្រីពេជ្រ បន្តថា “តាមពិត ខ្ញុំមានបំណងចង់បួសជាដូនជីតាំងពីឆ្នាំមុន តែចៃដន្យអីជិតដល់ថ្ងៃបួសទៅហើយ ខ្ញុំក៏ជាប់ថតរឿងឱ្យហង្សមាស ហើយអាក់ខានទៅវិញ។ ប៉ុន្តែគម្រោងធ្វើជាដូនជីនេះនៅតែមាន ហើយនៅឆ្នាំក្រោយខ្ញុំនឹងអាចសម្រេចបំណងនេះ ព្រោះមានតែតាំងសមាធិទេ ដែលអាចធ្វើឱ្យខ្ញុំមានអារម្មណ៍ស្ងប់បាន។ ការបួសនេះខ្ញុំគ្រាន់តែស្លៀកសពាក់សប៉ុណ្ណោះ មិនកោរសក់ទេ”។
ស្រីពេជ្រ បន្តទៀតថា “ខ្ញុំចង់ធ្វើជាដូនជីរយៈពេល១សប្តាហ៍ទៅ១០ថ្ងៃ ដើម្បីឱ្យអារម្មណ៍យើងបានស្ងប់ ព្រោះខ្ញុំគិតថា មានតែសមាធិទេ ដែលអាចធ្វើឱ្យយើងបាត់ការឆេវឆាវ ខឹងអីបាន។ ខ្ញុំធ្លាប់ឃើញកូនគេអ្នកមាន កូនអ្នកធំក៏គេជ្រើសរើសយកការសមាធិដោយធ្វើជាដូនជីនេះដែរ អ៊ីចឹងខ្ញុំចង់ជួយអារម្មណ៍ខ្លួនឯងតាមរយៈការសមាធិជាដូនជីនេះ”។
នៅពេលត្រូវសួរថា តើការចង់ធ្វើជាដូនជីរបស់យ៉ែម ស្រីពេជ្រ ទាក់ទងការមានវិបត្តិស្នេហាឬអត់នោះ ?
តារាស្រអែមស្រស់ថា មិនពាក់ព័ន្ធរឿងនោះទេ ហើយនាងក៏មិនធ្លាប់មានរឿងស្នេហាខកបំណង ឬខូចចិត្តដោយសាររឿងស្នេហាដែរ ប៉ុន្តែនាងដឹងថា ខ្លួនឯងឆាប់ឆេវឆាវពេក ទើបចង់ទៅសមាធិបួសជាដូនជីរយៈពេល១០ថ្ងៃ ដើម្បីរំងាប់អារម្មណ៍។
ដោយឡែកឯកឧត្តមខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា “កម្មវិធីធម្មយាត្រាក្នុងដែនដីទាំង៥ តាមទន្លេមេគង្គនេះ ចង់និយាយអំពីប្រទេសទាំង៥ មានឪពុកតែមួយម្តាយតែមួយ បានន័យថា ឪពុកតែមួយ គឺព្រះពុទ្ធជាម្ចាស់ ម្តាយតែមួយ គឺទន្លេមេគង្គ”។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា “ការធ្វើធម្មយាត្រានេះគឺដើម្បីផ្សារភ្ជាប់ទំនាក់ទំនងពីប្រជាជនទាំង៥ប្រទេស ទាំង៥នៅតំបន់ទន្លេមេគង្គនេះផង ដើម្បីលើកស្ទួយព្រះពុទ្ធសាសនាផង។ ធម្មយាត្រានេះក្រៅពីលើកស្ទួយព្រះពុទ្ធសាសនានោះ គឺសំខាន់ពីទំនាក់ទំនងប្រជាជនដើម្បីឱ្យកាន់តែមានចំណងជិតស្និទ្ធជាមួយគ្នាថែមទៀត ព្រោះសម័យនេះ យើងយកព្រះធម៌ដើម្បីជាគោលចំណងមិត្តភាពរវាងប្រជាជនយើង បន្ថែមទៅលើគោលការណ៍អាស៊ាន សហគមតែមួយអនាគតតែមួយ”។
ក្រៅពីតារាសម្តែង យ៉ែម ស្រីពេជ្រ កម្មវិធីធម្មយាត្រាក្នុងដែនដីនៃប្រទេសទាំង៥ តាមដងទន្លេមេគង្គ ក៏មានការចូលរួមពីតារាសម្តែង រចនា រ៉ាវ៉ាឌី, ផាភួង និងឈូឈូ ជាដើម៕