ភ្នំពេញ ៖ ខៀវ សុខារ៉ាវី បាននាំស្វាមី វិលត្រឡប់ទៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដោយមានម្ដាយ ប្អូនប្រុស និងសាច់ញាតិ ក្រុមគ្រួសារមួយចំនួន បានជួនដំណើរនាងផងដែរ ក្រោយសុខារ៉ាវី មកលេងស្រុកលើកនេះ បានដល់ទៅ ១ខែ ។ សុខារ៉ាវី ថាបេះដូងនាង នៅតែស្រលាញ់សិល្បៈ ហើយបើមានពេលវេលាអំណោយផល ពេលមកស្រុកលើកក្រោយ នាងចង់ថតសិល្បៈឡើងវិញ។


ខៀវ សុខារ៉ាវី បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» ផ្ទាល់នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ មុននាងឡើងយន្ដហោះថា មកស្រុកលើកនេះ នាងបានធ្វើដំណើរទៅកម្សាន្ដនៅខេត្តសៀមរាប, ព្រះសីហនុ, បាត់ដំបង, បន្ទាយមានជ័យ និងឧទ្យានជាតិគិរីរម្យ ជាដើម ។ នាងថា រយៈពេល ១០ឆ្នាំ ទៅរស់នៅអាមេរិក ពេលមកដល់ស្រុកខ្មែរ អ្វីដែលនាងភ្ញាក់ផ្អើល គឺការអភិវឌ្ឍរបស់រដ្ឋាភិបាល ផ្លូវខ្វាត់ខ្វែង អគារខ្ពស់ៗ ផ្សារទំនើបច្រើន ពិ សេសគឺអាកាសអាកាសយានដ្ឋានអន្ដរជាតិតេជោ ស្អាតនិងទំនើប មិនចាញ់អាកាសយានដ្ឋានប្រទេសធំៗផ្សេងៗទៀតទេ ។


ខៀវ សុខារ៉ាវី បានឲ្យដឹងដែរថា តាំងពីនាងទៅរស់នៅសហរដ្ឋអាមេរិក ១០ឆ្នាំមកនេះនាងទើបកលេងស្រុក បាន២ដង ដែលមកលើកមុន មានរយៈពេលត្រឹមតែ ២សប្ដាហ៍ប៉ុណ្ណោះ តែលើកនេះ បានមួយខែ ព្រោះនាងមកចំពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ហើយជាពិសេសនាងមកចង់ជួបម្ដាយ និងនៅក្បែគាត់ ឲ្យបានយូថ្ងៃ ។ នាងថា ទោះជាទៅដល់ទីណាក៏ដោយគឺគ្មានប្រទេសណាដែលនាងចង់ទៅ ឬមានក្ដីសុខជាងប្រទេសកំណើតរបស់ខ្លួនឡើយ ។


ខៀវ សុខារ៉ាវី បានរៀបការតាមបែបគ្រិស្ទាន ចូលព្រះវិហារ បំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ជាមួយអា ណិកជនខ្មែរ នៅរដ្ឋលកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០១៨ ។នាងថា រស់នៅទីនោះ មិនសូវជួបខ្មែរ ឬតារាខ្មែរ ដែលទៅរស់នៅអាមេរិក នោះទេ ព្រោះពួកគាត់ភាគច្រើនរស់នៅក្រុងឡងប៊ិច ហើយនាងក៏មិនដែលបានសម្ដែងសិល្បៈ តាមកម្មវិធីនានាដែរ ដោយសារជាប់រវល់ធ្វើការរាល់ថ្ងៃដែរ ។ អតីតតារាសម្ដែងរូបនេះ ថែមទាំងថាពេលទៅដល់អាមេរិក វិញ នាងរៀបគម្រោងថ្មី គឺខំសន្សំលុយ ហើយរៀបគម្រោង ១ឆ្នាំ មកលេងស្រុកម្ដង ដើម្បីបានជួបម្ដាយ ដោយផ្ទាល់ តែពេលមកលើកក្រោយ នាងចង់មកក្នុងពិធីបុណ្យរបស់ខ្មែរ ផ្សេងៗទៀត ដូចជា បុណ្យអុំទូក ជាដើម ។

ខៀវ សុខារ៉ាវី ថាការទៅរស់នៅអាមេរិក ដំបូងៗ នាងមានអារម្មណ៍ពិបាកខ្លះដែរ ប៉ុន្ដែនេះជាការជ្រើសរើសដោយខ្លួនឯង ព្រោះនាងចង់រៀនរស់ដោយខ្លួនឯង ចង់ដឹងថា ខ្លួនឯងដើរដល់ចំណុចណា? ហើយក្រោយរស់នៅអាមេរិក ច្រើនឆ្នាំ នាងគិតថា ពេលនេះខ្លួនឯងរឹងមាំជាងមុន។

ទាក់ទងគម្រោងចង់មករស់នៅស្រុកខ្មែរ វិញ ពេលណានោះ សុខារ៉ាវី ថារឿងនេះ នាងមិនទាន់អាចកំណត់បានឡើយ តែថាទោះជាឃ្លាតឆ្ងាយពីអាជីពសិល្បៈ ជាច្រើនឆ្នាំមែន ប៉ុន្ដែ បេះដូងនាង នៅជាមួយសិល្បៈជានិច្ច ហើយនាងមើលឃើញតារាជំនាន់ក្រោយស្អាតៗ ពូកែនិងឆ្លាតៗណាស់ ។

ឆ្លើយតបសំណួរថា តើខៀវ សុខារ៉ាវី មានគម្រោងរៀបការតាមប្រពៃណីខ្មែរ និងត្រៀមយកកូនទី២ ឬអត់? នាងថា ពិតជាចង់រៀបការតាមប្រពៃណីខ្មែរ នាពេលខាងមុខ ។ នាងថាកាលនៅស្រុកខ្មែរ ធ្លាប់តែថតសម្អាងការ ឲ្យគេ មិនដែលបានរៀបការ អ៊ីចឹងនាងស្រលាញ់ឈុតសម្លៀកបំពាក់ខ្មែរ ហើយចង់គ្រងឈុតសម្លៀកបំ ពាក់ខ្មែរ ស្រលាញ់ឈុតព្រះថោងតោងស្បៃនាងនាគ ប៉ុន្ដែមិនអាចកំណត់ថា ពេលណាទើបរៀបចំពិធីនោះបានឡើយ ។ សុខារ៉ាវី បានឲ្យដឹងដែរថា កាលនាងនិងប្ដី រៀបការនៅអាមេរិក នោះ ធ្វើពិធីតូចតាចទេ អ៊ីចឹងរឿងរៀបការនៅខែ្មរ ប្រាកដជាមាន គ្រាន់តែរង់ចាំពេលវេលាសមស្របសិន ។ ចំណែករឿងយកកូនទីពីរ នាងថា «ចាំមើលសិន» អត់ហ៊ានសន្យាថា នឹងពពោះនៅពេលណាឡើយ ។

គួរបញ្ជាក់ថា ខៀវ សុខារ៉ាវី ក្រោយចេញទៅរស់នៅអាមេរិក តាមស្វាមី ពេលនេះ ហាងសួគ៌ អមរា ម៉ាស្សានិងស្បា របស់នាង នៅសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវម្ដាយនាង អ្នកស្រីនីន រ៉ាត់ ជាអ្នក គ្រប់គ្រងជំនួស៕