Tuesday, April 30, 2024
Homeព័ត៌មានជាតិគោលដៅទី៥ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា

គោលដៅទី៥ នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា

ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២ ០ ១ ៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងការរៀបចំសិក្ខាសាលានៅខេត្តពោធិ៍សាត់ ដែលជាគោលដៅទី៥ នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តមសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងឯកឧត្តមសាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ភ្ជាប់ជាមួយនឹងប្រធានបទ “អ្វីជាការជួញដូរឧបករណ៍និស្សន្ទ ៖ ការត្រៀមខ្លួនការវិនិយោគនិងការយល់ដឹងពាក់ព័ន្ធ?” សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ បទប្បញ្ញាត្តិ និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាយ សុជាតិ បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍បើកកម្មវិធីសិក្ខាសាលានៅខេត្តពោធិ៍សាត់នេះ។

ឯកឧត្តមបានលើកឡើងពីសក្ដានុពលនៃខេត្តរបស់លោក និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញតាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៧% ក្នុងមួយឆ្នាំ។

តាមរយៈសិក្ខាសាលានេះ ឯកឧត្តមសាយ សុជាតិ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។

ឯកឧត្ដមសុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការ មូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។

ឯកឧត្ដមបានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានមានប្រសាសន៍ថា “ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគការផ្លាស់ប្តូរទម្លាប់ពីការសន្សំមកជាការវិនិយោគការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុកនិងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម”។

លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានបង្ហាញពីក្ដីរំពឹងខ្ពស់របស់លោកទៅលើសិក្ខាសាលាតាមបណ្ដាខេត្ត និងជឿជាក់ថា វានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់វិនិយោគិនដែលវិនិយោគលើផលិតផលឧបករណ៍និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ។

លោក Lawrence Kook ក៏បានប្ដេជ្ញាអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ឱ្យកាន់តែមានភាព ល្អប្រសើរ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។

លោក Lawrence បាននិយាយថា “មុនបំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា នឹងបានធ្វើដំណើរនិងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា”។

លោកបន្តថា “មិនតែប៉ុណ្ណោះ យើងនឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ នៅពេលយើងចូលរួមក្នុងពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកា ខាងមុខនេះ”។

គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង និងគណៈកម្មការមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តក្នុងខេត្ត ចំនួន១០ រួចមកហើយ រួមមាន ៖ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ នេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង ធ្លាប់បានចូលរួមពិព័រណ៍ និង ព្រឹត្តិការណ៍ហិរញ្ញវត្ថុធំៗ ដូចជា៖ ពិព័រណ៍ iFX Expo ឆ្នាំ២០១៨ នៅប្រទេសសាយប្រឺស ពិព័រណ៍ L on don Summit ឆ្នាំ២ ០ ១ ៨ នៅចក្រភពអង់គ្លេស និងពិព័រណ៍ iFX Expo Aisa ២០១៩ នៅទីក្រុងហុងកុង ។

ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំ តាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777៕

RELATED ARTICLES