ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា នឹងប្រកាសដាក់ឱ្យប្រើប្រាស់ភាសាចារ៉ាយ ក្នុងកម្មវិធីអប់រំពហុភាសា នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅខេត្តរតនគិរី ក្រោមអធិបតីភាពលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ក្រសួងអប់រំ យុវជននិងកីឡា បានអនុវត្តកម្មវិធីអប់រំពហុភាសា ចាប់តាំងពីឆ្នាំ២០០៣ តាមរយៈកម្មវិធីអក្ខរកម្មពហុភាសា (កម្មវិធីអក្ខរកម្មពីរភាសា) សម្រាប់ការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំពហុភាសា (កម្មវិធីអប់រំពីរភាសា) សម្រាប់ការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីអប់រំពហុភាសានេះ មានគាំទ្រពីរាជរដ្ឋាភិបាល យ៉ាងពេញលេញ ហើយក៏មានការចូលរួមគាំទ្រពីមូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារ (UNICEF) មូលនិធិភាពជាដៃគូសម្រាប់ ពង្រឹងសមត្ថភាពវិស័យអប់រំ (CDPF) សហភាពអឺរ៉ុប (EU) អង្គការអេដ អេ អាក់ស្យុង (AEA) អង្គការសហការគ្រប់ជ្រុងជ្រោយដើម្បីកម្ពុជា (ICC) អង្គការបែរកម្ពុជា (CARE) អង្គការ NTFP អង្គការភ្លែនអន្តរជាតិ (Plan) រួមទាំងដៃគូអភិវឌ្ឍ និងសមាគមមួយចំនួនទៀត ដែលបាននិងកំពុងធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។
កម្មវិធីអប់រំពហុភាសា បាននិងកំពុងផ្តល់ការអប់រំដល់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច ប្រមាណ៧៥០០នាក់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី៣ និងបានផ្តល់ឱកាសការងារដល់ជនជាតិដើមភាគតិច ធ្វើការជាគ្រូបង្រៀន ប្រមាណ ៤០០នាក់ ជារៀងរាល់ឆ្នាំ នៅតាមសាលារៀនគោលដៅ ក្នុងខេត្តរតនគិរី ស្ទឹង ត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តព្រះវិហារ។
ដើម្បីគាំទ្រការអនុវត្តកម្មវិធីអប់រំពហុភាសា ប្រកបដោយប្រសិទ្ធភាព ក្រសួង បានរៀបចំយន្តការនិងក្របខ័ណ្ឌគតិយុត្តមួយចំនួន រួមមានការចងក្រងប្រព័ន្ធអក្ខរក្រមភាសាកំណើតជនជាតិដើមភាគតិច ទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និងចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរ ធ្វើជាគោល ផែនការសកម្មភាពអប់រំពហុភាសា ២០២៤-២០២៨ កម្មវិធីសិក្សា សៀវភៅសិក្សា និងសម្ភារៈសិក្សា ដែលផ្សារភ្ជាប់នឹងវប្បធម៌ ប្រពៃណីនិងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច។ ទន្ទឹមនឹងនេះ ក្រសួង បានដាក់បញ្ចូលកម្មវិធីអប់រំពហុភាសា ក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន្ត ខេត្តស្ទឹងត្រែង សាលាគរុកោសល្យនិងវិក្រឹតការខេត្តក្រចេះ និងសាលាគរុកោសល្យនិងវិក្រឹតការខេត្តព្រះវិហារ។ ក្រសួង ក៏បានរៀបចំនិងបកប្រែសៀវ ភៅសិក្សា សម្ភារៈសិក្សា ជាភាសាចារ៉ាយ សម្រាប់អនុវត្តក្នុងកម្មវិធីអប់រំពហុភាសា បន្ថែមទៀត ព្រមទាំងបានដាក់ឱ្យអនុវត្តសាកល្បងនៅសាលារៀនបឋមសិក្សា ចំនួន៧ ក្នុងស្រុកអូរយ៉ាដាវ និងអណ្តូងមាស ខេត្ត រតនគិរី។

ក្រសួង សូមថ្លែងអំណរគុណអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគាំទ្រនិងចូលរួម និងជំរុញឱ្យការអនុវត្តកម្មវិធីអប់រំពហុភាសា ទទួលបានលទ្ធផលល្អ ជាពិសេស បានចូលរួមថែរក្សាភាសាកំណើត ប្រពៃណី និងទំ នៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិច បានល្អ ប្រសើរ…៕