ភ្នំពេញ៖ ស្របនឹងពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់ ធនាគារជាតិនៃកម្ពុជា បានប្រកាស ឱ្យសាធារណជនដែលមានក្រដាសប្រាក់រៀល ចាស់ ទក់ រហែក អាចមកប្តូរយកក្រដាសប្រាក់ ថ្មីពីធនាគារជាតិវិញ។ យុទ្ធនាការនេះ ត្រូវបាន ធនាគារជាតិនៃកម្ពុជា អះអាងថា ធ្វើឡើងដើម្បី គាំទ្រដល់គោលនយោបាយលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀលផង និងដើម្បីអបអរដល់ពិធី បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិផង ។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារ ជាតិនៃកម្ពុជា លេខ ៖ ០៧៧/១៦ អ.ប ចុះថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៦ និងចុះហត្ថលេខា ដោយ អគ្គបេឡា ថា យ៉ាវ មានខ្លឹមសារទាំងស្រុងថា “សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ ស្រលាញ់ប្រាក់រៀល ធនគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ដើម្បីគាំទ្រគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល លើកទឹក ចិត្តប្រជាពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន ក៏ដូចជាចូលរួមចំណែកអបអរសាទរចំពោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ធនាគារជាតិនៃកម្ពុជា ក្នុងនាមអាជ្ញាធររូបិយវត្ថុ នឹងរៀបចំយុទ្ធនាការស្រលាញ់ប្រាក់រៀល ចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០១៦ ។

យុទ្ធនាការនេះនឹងផ្តល់ឱកាសដល់ប្រជាជន គ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀលចាស់ ទក់ និង/ឬរហែក ឱ្យមកប្តូរយកក្រដាសប្រាក់ ថ្មីពីធនាគារជាតិនៃកម្ពុជា ។ ការប្តូរក្រដាស ប្រាក់នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦-៣០ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១៥ៈ០០ ដល់ ម៉ោង១៧ៈ០០ នៅគ្រប់សាខារាជធានីខេត្ត (លើកលែងស្នាក់ការកណ្តាល) របស់ធនាគារជាតិនៃកម្ពុជា ជារៀងរាល់ថ្ងៃធ្វើការ ។
ឆ្លៀតក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ធនាគារជាតិនៃកម្ពុជា សូមជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីទាំងអស់ ឱ្យបានជួបប្រទះតែពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕
ដោយ៖ ដារិទ្ធ