ភ្នំពេញ ៖ ទាំងអ្នកជំនាញ និងប្រជាពលរដ្ឋនៅក្នុងតំបន់សុទ្ឋតែមានក្តីសង្ឃឹម និងសុទិដ្ឋិនិយមលើឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាលនឹងមានការអភិវឌ្ឍន៍លឿន ប្រសិនជារដ្ឋា ភិបាលតភ្ជាប់ស្ពានទៅកាន់តំបន់នេះនាពេលខាងមុខ។
នាយកប្រតិបត្តិក្រុមហ៊ុនFocus Propertyលោកប៉ូ អ៊ាវគង់បានថ្លែងឲ្យដឹងកាលពីម្សិលម៉ិញថា តំលៃដីធ្លីនៅតំបន់នេះហាក់ស្ងប់បន្តិចនាឆ្នាំនេះ ហើយសកម្មភាពទិញលក់ក៏មានភាពស្ងប់ស្ងាត់ផងដែរ បន្ទាប់ពីបានកញ្រ្ជោលឡើងចាប់តាំងពីឆ្នាំ២០១៣កន្លងមក ព្រោះគម្រោងសាងសង់ស្ពានរបស់រដ្ឋាភិបាល មិនទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយ ប៉ុន្តែប្រសិនជាមានស្ពានភ្ជាប់ទៅកាន់តំបន់នេះ នឹងធ្វើឲ្យតំលៃដីធ្លីកើនឡើងបន្ថែមទៀត ព្រោះតំបន់នេះមានបរិស្ថានល្អ ដូច្នេះការអភិវឌ្ឍន៍តំបន់នេះយឺតឬលឿន អាស្រ័យលើពេលវេលា និងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋនៅតំបន់នេះ។
លោកបន្តថា “បរិយាកាស ភូមិសាស្រ្តតំបន់នេះពិតជាល្អ តែអ្វីដែលខ្វះខាតនាពេលនេះគឺហេដ្ឋារចនាសម្ព័ន្ឋ មិនទាន់មានការអភិវឌ្ឍន៍បានគ្រប់គ្រាន់នៅឡើយ”។លោកបន្តថា “ពេលនេះអ្នកវិនិយោគក្នុង និងក្រៅប្រទេសកំពុងស្ថិតក្នុងដំណាក់កាលរង់ចាំ”។
លោកប៉ូ អ៊ាវគង់បានឲ្យដឹងថា តំលៃដីធ្លីនៅតាមផ្លូវធំ ជាដីភូមិមានតំលៃចន្លោះពី១៥០ទៅ២៥០ដុល្លារ ប៉ុន្តែបើដីធំៗវិញមានតំលៃចន្លោះពី៣០ទៅ៦០ដុល្លារ។ ចំណែកដីបឹង ឬដីស្រែដែលចូលឆ្ងាយៗពីភូមិមានតំលៃចន្លោះពី៣ដល់១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោកផែន វិជ្ជានោរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបដិសេធមិនអត្ថាធិប្បាយ ដោយឲ្យសួរទៅកាន់លោកវ៉ា ស៊ីម សូរិយាអ្នកនាំពាក្យក្រសួងដែលមិនអាចទាក់ទងបាន។
អ្នកស្រីយីប ស៊ាងហុងប្រធានផ្នែកលក់នៃបុរីចតុមុខស៊ីធី ដែលវិនិយោគដោយក្រុមហ៊ុនBS Land &Homeជាក្រុមហ៊ុនដែលបានធ្វើការវិនិយោគលើបុរីមុនគេនៅតំបន់នេះបានថ្លែងថា បុរីនេះបានចាប់ផ្តើមគំរោងកាលពីចុងឆ្នាំមុន ដោយសារក្រុមហ៊ុនមានចក្ខុវែងឆ្ងាយ ដើម្បីអភិវឌ្ឍន៍នៅតំបន់នេះជាទីក្រុងនាពេលអនាគត ព្រោះតំបន់នេះស្ថិតនៅកៀកទីក្រុងខ្លាំង និងជាតំបន់មានអាកាសធាតុល្អ។អ្នកស្រីបានបន្តថា បុរីបាននិងកំពុងសាងសង់វីឡា និងខុនដូនៅក្នុងគំរោងដំណាក់កាលទី១ ស្ថិតនៅលើផ្ទៃដីជាង១០ហិកតា និងគំរោងដំណាក់កាលទី២ ក៏ស្ថិតនៅលើផ្ទៃដីជាង១០ហិកតាផងដែរ។
អ្នកស្រីបានបន្តថា “ក្រុមហ៊ុនផ្តោតលើទីផ្សារអ្នកមានចំណូល ទាប និងមធ្យម ដើម្បីឲ្យពួកគេមានលំនៅដ្ឋានសមស្រប ដែលជាការគាំទ្រគោលនយោបាយ និងស្ថិរភាពនយោបាយរបស់កម្ពុជា”។អ្នកស្រីបន្តថា “អ្នកទិញលំនៅដ្ឋានក្នុងបុរីនេះភាគច្រើន ជាអ្នករស់នៅភ្នំពេញ ដែលខ្លះទិញខុនដូសម្រាប់លំហែរ បើទោះជាពួកគេមានលំនៅដ្ឋានក្នុងទីក្រុងរួចហើយក៏ដោយ”។
លោកហ៊ុន កយមេឃុំស្វាយជ្រុំបានថ្លែងថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសួរលោកជាបន្តបន្ទាប់ ពីគំរោងសាងសង់ស្ពានទៅកាន់តំបន់នេះ ប៉ុន្តែលោកមិនដឹងនោះទេ ព្រោះវាជាសមត្ថកិច្ចរបស់រដ្ឋាភិបាល ហើយលោកធ្វើការនៅស្ថាប័នថ្នាក់ក្រោមជាតិ មិនអាចដឹងពីការសម្រេចចិត្តនេះឡើយ។លោកបន្តថា ដោយសារលឺពី គំរោងសាងសង់ស្ពាន ប្រជាជននៅតំបន់នេះបានទាមទារតំលៃដីខ្ពស់លើសទីផ្សារ ដែលធ្វើឲ្យសកម្មភាពទិញលក់ដីនៅតំបន់នេះ មានភាពស្ងប់ស្ងាត់នៅក្នុងឆ្នាំនេះ។
លោកបន្តថា “ប្រសិនជាមានស្ពានភ្ជាប់ទៅកាន់តំបន់នេះ ប្រជាជនបីភូមិក្នុងឃុំស្វាយជ្រុំនឹងកាន់តែរីករាយ ហើយតំបន់នេះនឹងមានការអភិវឌ្ឍន៍កាន់តែលឿនមិនខាន”។
ដោយ ៖ គង់ លាងហួរ