ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់ បានចូលធ្វើសកម្មភាពគាស់ទូដែកក្នុងរោងចក្រកាត់ដេរយីហោ Eminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) លួចលុយអស់ជាង៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក រួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល និងបង្កការភ្ញាក់ផ្អើលនៅពេលចូលធ្វើការព្រឹកឡើង។

មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ពុំស្គាល់អត្តសញ្ញាណ រីឯជនរងគ្រោះឈ្មោះ PENG HAO JUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបរនាយកគ្រប់គ្រងរោងចក្រ បច្ចុប្បន្នស្នាក់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកទ្រព្យសម្បត្តិដែលបាត់បង់មានប្រាក់ដុល្លារចំនួន៣១,៥៧២ដុល្លារសហរដ្ឋអាមេរិក និងខូចទូដែកចំនួន១គ្រឿងផងដែរ។

ប្រភពដដែលបន្តថា ជនរងគ្រោះជាថៅកែរោងចក្របានយកលុយទុកក្នុងទូដែកក្នុងការិយាល័យរបស់ខ្លួន លុះព្រឹកឡើងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលគាត់ចូលក្នុងការិយាល័យវិញស្រាប់តែឃើញទូដែកមានរបើកខ្ទេចខ្ទីបាត់លុយអស់ពីក្នុងទូ ហើយសម្ភារៈក្នុងការិយាល័យរប៉ាត់រប៉ាយ ទើបរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកវិល ដើម្បីពិនិត្យនិងស្រាវជ្រាវ។
បន្ទាប់ពីនគរបាលប៉ុស្តិ៍ទទួលបានព័ត៌មានខាងលើ ភ្លាមនោះក៏រាយការណ៍បន្តទៅនគរបាលជំនាញស្រុក នគរបាលជំនាញខេត្ត ចុះមកពិនិត្យកន្លែងកើតហេតុ និងមើលកាមេរ៉ាសុវត្ថិភាពឃើញថា ជនសង្ស័យមានគ្នា៣នាក់ ពុំស្គាល់អត្តសញ្ញាណចូលលួចគាស់ទូដែកយកលុយនៅវេលាម៉ោង២រំលងអធ្រាត្រ។

ក្រោយពីពិនិត្យចប់សព្វគ្រប់ នគរបាលជំនាញបានកសាងសំណុំរឿងបន្តការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យទាំង៣នាក់ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមច្បាប់៕