ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់ក្រោយពេលផឹកស្រាស្រវឹងមិនដឹងជាខឹងចិត្តពីរឿងអ្វី ក៏ស្រាប់តែដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ ធ្វើឱ្យប្រជាពលរដ្ឋជិតខាងមានការភ្ញាក់ផ្អើលនិងភ័យខ្លាចយ៉ាងខ្លាំង រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ឃាត់ខ្លួនយោធាចិត្តក្តៅ នាំយកទៅសាកសួរ។
ករណីយោធាស្រវឹងបាញ់បោះសេរីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនសង្ស័យស្ថិតក្នុងបុរីពិភពថ្មី ផ្ទះលេខ០៦ ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
បុរសជាមន្ត្រីយោធាបាញ់បោះសេរី ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះពៅ សារ៉ង ភេទប្រុស អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធាឋានន្តរស័ក្តិអនុសេនីយឯក អត្តលេខ០៦៣៦១៩ កងឯកភាពយោធភូមិភាគពិសេស ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាមន្ត្រីយោធាខាងលើបានអង្គុយផឹកស៊ីនៅខាងមុខផ្ទះរបស់ខ្លួន តាំងពីក្បាលព្រលប់ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយពេលផឹកស្រាស្រវឹងមិនដឹងថា បុរសរូបនោះមានកំហឹងរឿងអ្វី ក៏ស្រាប់តែដកកាំភ្លើងខ្លីបាញ់មេឃ១គ្រាប់ ធ្វើឱ្យមានការភ្ញាក់ផ្អើលនិងភ័យខ្លាចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងយ៉ាងខ្លាំង។
បន្ទាប់ពីដកកាំភ្លើងបាញ់បោះសេរីរួចមក ក៏ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថ បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងឈានដល់ការឃាត់ខ្លួនមន្ត្រីយោធាខាងលើទៅសួរនាំ ព្រមទាំងដកហូតបានវត្ថុតាង អាវុធខ្លីម៉ាកឡុក១ដើម គ្រាប់ចំនួន១០គ្រាប់។ ចំណែកនៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យរកឃើញសំបកគ្រាប់១គ្រាប់ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីយកទៅចាត់ការតាមនីតិវិធី៕