Saturday, September 21, 2024
Homeព័ត៌មានជាតិទូត​អាមេរិក​ផ្តល់​មូល​និធិ​ជាង​១២​ម៉ឺន ដុល្លារ គម្រោង​ថែ​រក្សា​ប្រា​សាទ​បុរាណ ខ្មែរ​តំបន់ ភាគ​ខាង​ត្បូង

ទូត​អាមេរិក​ផ្តល់​មូល​និធិ​ជាង​១២​ម៉ឺន ដុល្លារ គម្រោង​ថែ​រក្សា​ប្រា​សាទ​បុរាណ ខ្មែរ​តំបន់ ភាគ​ខាង​ត្បូង

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំ កម្ពុជា បានផ្តល់មូលនិធិជាង១២ម៉ឺនដុល្លារ ដល់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងតាមដានថែ- រក្សាប្រាសាទបុរាណខ្មែរនៅតំបន់ភាគខាងត្បូង ប្រទេសកម្ពុជា រួមមាន២៤ទីតាំង ក្នុងខេត្ត កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង និងខេត្តត្បូងឃ្មុំ។

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មាន ពិធីចុះហត្ថលេខា រវាងលោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លើ គម្រោងមូលនិធិរបស់អគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្រាប់ការតាមដាននិងធ្វើផែនទីហានិភ័យ លើប្រាសាទបុរាណខ្មែរនៅតំបន់ភាគខាងត្បូង ប្រទេសកម្ពុជា។ គម្រោងនេះ មានរយៈពេល ពីរឆ្នាំ គឺចាប់ពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៨ ដោយត្រូវចំណាយទឹកប្រាក់អស់ ចំនួន ១២១ ៧៤៥ដុល្លារសហរដ្ឋអាមេរិក។

តាមប្រភពក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា មូលនិធិនេះ ជាមូលនិធិទី១៨ ក្នុង រយៈពេល១៥ឆ្នាំ ដែលអាមេរិកបានចំណាយ ប្រាក់ចំនួន ៣,៨លានដុល្លារអាមេរិក ទៅលើ កម្មវិធីទ្រទ្រង់ការអភិរក្សបេតិកភណ្ឌវប្បធម៌  ដូចជាយុទ្ធនាការប្រឆាំងនឹងការលួចប្លន់វត្ថុបុរាណ ការវិភាគទិន្នន័យ ការអភិរក្សនៅតាមទីតាំង ប្រាសាទនានា ដូចជាភ្នំបាខែង និងប្រាសាទ អង្គរវត្ត ជាដើម។

ថ្លែងក្នុងពិធីចុះហត្ថលេខានោះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidtបានលើកឡើងថា មូលនិធិឯកអគ្គរដ្ឋទូតអាមេរិក គឺជាការវិនិយោគមួយ ទៅលើ ប្រវត្តិសាស្ត្រវប្បធម៌របស់កម្ពុជា ជាពិសេស ជាការវិនិយោគលើប្រជាជនកម្ពុជា ឱ្យពួកគេ ទទួលបានផលប្រយោជន៍យូរអង្វែងពីការអភិ- រក្ស។ ជាមួយគ្នានេះ អាមេរិកក៏មានមោទន- ភាពក្នុងការជួយដល់ការខិតខំរបស់កម្ពុជា ដើម្បី ការពារ ចងក្រងឯកសារ និងបង្ហាញដល់ក្រុម មនុស្សដទៃទៀតនូវបេតិកភណ្ឌដ៏ពិសេសរបស់ កម្ពុជា និងជំរុញដល់គោលដៅដូចមានចែងក្នុង អនុស្សរណៈយោគយល់គ្នាស្តីពីសម្បត្តិវប្បធម៌ រវាងអាមេរិក-កម្ពុជា ឆ្នាំ២០០៣។

លោកឯកអគ្គរដ្ឋទូតអាមេរិក វីល្លៀម ហេដត៍ មានប្រសាសន៍ថា “យើងធ្វើការវិនិយោគ ទៅលើក្រុមអ្នកធ្វើការផ្នែកអភិរក្សវប្បធម៌ ដែលរួមមានអ្នកបុរាណវិទ្យា អ្នកអភិរក្ស និង បុគ្គលិកកម្មករ។ យើងធ្វើការវិនិយោគទៅលើ មនុស្សដែលរស់នៅជិតប្រាសាទទាំងនេះ ហើយ យើងធ្វើការវិនិយោគទៅលើយុវជន ដោយធ្វើ ការអភិរក្សប្រាសាទទាំងនេះដើម្បីឱ្យគេអាច បង្រៀន និងធ្វើជាគំរូដល់មនុស្សជំនាន់ក្រោយ”។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ  លោកស្រីភឿង សកុណា មានប្រសាសន៍ថា ប្រាសាទបុរាណ គឺជាសម្បត្តិរបស់មនុស្សជាតិ ទាំងមូល ដែលចាំបាច់ត្រូវចូលរួមថែរក្សា និង ការពារ។ ដូច្នេះ ថវិកាដែលទទួលបាននេះ នឹង ប្រគល់ជូនអគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីយកទៅអភិវឌ្ឍ និងជួសជុលប្រាសាទនានា តាមតំបន់ភាគខាង ត្បូងប្រទេសកម្ពុជា។

លោកស្រីភឿង សកុណា បញ្ជាក់ថា “យើងបានធ្វើរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុង ការផ្សព្វផ្សាយនូវផ្ទាំងប៉ាណូ ស្លាកសញ្ញាសម្រាប់ ទប់ស្កាត់នូវការជួញដូរ និងការចរាចរណ៍វត្ថុ- បុរាណខុសច្បាប់ នៅតាមផ្លូវច្រកព្រំដែននានា ហើយក៏បានផលិតខ្សែវីដេអូខ្លីៗ សម្រាប់ផ្សព្វ- ផ្សាយនៅតាមសហគមន៍នានា ដើម្បីផ្សព្វផ្សាយ ឱ្យប្រជាជនបានដឹងពីគ្រោះថ្នាក់នៃការបាត់បង់  និងទប់ស្កាត់ការជួញដូរវត្ថុបុរាណ ដោយខុស ច្បាប់។ យើងក៏បានធ្វើផងដែរ នូវការធ្វើបញ្ជី សារពើភណ្ឌតាមវត្ត តាមប្រាសាទ តាមឃ្លាំង ដើម្បីឱ្យវត្ថុបុរាណទាំងនោះ ចុះបញ្ជីបានត្រឹមត្រូវ”។

អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ រូបី នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ប្រាក់ ស៊ុនណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ថា គម្រោង       របស់មូលនិធិស្ថានទូតអាមេរិកនេះ ពិតជាមាន ប្រយោជន៍សម្រាប់ការអភិរក្សសម្បត្តិវប្បធម៌ របស់កម្ពុជា ហើយលោកក៏សូមសំណូមពរឱ្យ កូនខ្មែរគ្រប់គ្នាចូលរួមថែរក្សាការពារបេតិភណ្ឌ ជាតិ។

លោកប្រាក់ ស៊ុនណារ៉ា មានប្រសាសន៍ ថា “បាទ! គម្រោងហ្នឹង មាន២៤ប្រាសាទមាន ខេត្តកំពង់ឆ្នាំង កំពត តាកែវ ព្រៃវែង ត្បូងឃ្មុំ និងកំពងស្ពឺ។ ធម្មតាប្រសាទបុរាណខ្មែរ ធម្មតា អាយុកាលក៏វាចាស់ទៅ ព្រោះប្រាសាទយើង មានតាំងពីសតវត្សទី៦មក ដល់សម័យអង្គរ យើងហ្នឹង ប្រាសាទយើងច្រើន ធ្វើអំពីថ្ម អំពីឥដ្ឋ ថ្មភក់ ថ្មបាយក្រៀមហ្នឹងឯង ហើយលើកលែង តែក្រោយសម័យអង្គរ ដែលសំណង់បេតិកភណ្ឌ ហ្នឹង វាដូរពីថ្មហ្នឹង មកជាសំណង់អំពីឈើវិញ។ ដូច្នេះហើយខាងនាយកដ្ឋានខ្ញុំបាទខាងនាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណនេះ យល់ ឃើញថា យើងមានថវិការដ្ឋដែរ និយាយឱ្យចំ ក្រសួងមានគោលនយោបាយមួយ គឺថាស្វែងរក ដៃគូជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការ ថែទាំអភិរក្ស បេតិកភណ្ឌជាតិហ្នឹង។ ហេតុ- ដូច្នេះហើយ បានជាយើងស្វែងរកដៃគូណាដែល គេអាចជួយយើងបាន ហើយទន្ទឹមនឹងការប្រកាស របស់ស្ថានទូតអាមេរិក ខ្ញុំសូមជម្រាបជូនថា គម្រោងរបស់ស្ថានទូតអាមេរិកនេះ មានជាយូរ ឆ្នាំមកហើយៗ នេះមិនមែនជាលើកទី១ទេ ដែលក្រសួងបាន បើខ្ញុំនិយាយតែផ្នែកខ្ញុំទេ យើង ធ្លាប់ទទួលបាន តាំងពីឆ្នាំ២០០៥ ២០១៦នោះ គឺលើកដំបូងហើយ ដែលខ្ញុំបានហ្នឹង គឺក្នុងការ ជួសជុលប្រាសាទមួយនៅហាន់ជ័យ ខេត្តកំពង់- ចាម។ ក្រោយមកទៀត យើងក៏បានថវិកាពី ស្ថានទូតហ្នឹងដែរ ទាក់ទងនឹងការធ្វើបញ្ជីសាពើ- ភណ្ឌវត្ថុបុរាណខ្មែរ ដែលទើបតែបញ្ចប់ថ្មីនេះ ហើយទន្ទឹមនឹងហ្នឹង ក៏យើងបានថវិកាដូចគ្នា ប៉ុន្តែមិនមែនជាមូលនិធិស្ថានទូតទេ វាមាន ផ្សេងទៀត របស់ស្ថានទូតដែរ ក្នុងវិស័យវប្បធម៌ ដូចគ្នាទាក់ទងនឹងការផ្សព្វផ្សាយការទប់ស្កាត់ ការជួញដូរវត្ថុបុរាណរបស់យើង ក៏យើងបាន តាមរយៈស្ថានទូតអាមេរិកដែរ ហើយចំណុច ដែលគេចាប់អារម្មណ៍ តាមខ្ញុំយល់ធម្មតារឿង ជាប់ធ្លាក់ ហ្នឹង មិនមែនស្ថានទូតនៅភ្នំពេញ ជា អ្នកវាយតម្លៃទេ គេមានពីវ៉ាស៊ីងតោន មកពី សហរដ្ឋអាមេរិក ប្រហែលជាមានក្រុមប្រឹក្សា គេមានគណៈកម្មការគេវាយតម្លៃគម្រោងមួយៗ ដែលគេដោក់ស្នើទៅ។ ប៉ុន្តែខ្ញុំគិតថា ប្រហែល គេមានការចាប់អារម្មណ៍ទៅលើរឿងការអភិរក្ស ព្រោះចំណងជើងគេដាក់ធំណាស់ ហើយយើង ផ្តោតទៅលើការគាំពារអភិរក្សប្រាសាទបុរាណ យើងហ្នឹង ហើយចំណុចមួយ យើងបានពន្លេច  ថា គម្រោងហ្នឹង មិនយកមកអភិរក្សប៉ុណ្ណឹង ទេ យើងត្រូវផ្ទេរចំណេះដឹងទាំងអស់ហ្នឹង ដែល មន្ត្រីយើងមានជំនាញក្នុងការអភិរក្ស ក្នុងការ អីទាំងអស់ហ្នឹង ទៅឱ្យនិស្សិត មន្ត្រីរាជការជំនាន់ ក្រោយទៀត។ អ៊ីចឹងគម្រោងខ្ញុំហ្នឹងមានការ ចូលរួមពីនិស្សិត មន្ត្រីវ័យក្មេង”។

លោកប្រាក់ ស៊ុនណារ៉ា មានប្រសាសន៍ បន្តថា “ក្នុងនាមខ្ញុំទទួលបន្ទុកលើការងារបេតិក- ភណ្ឌរូបី ខ្ញុំយល់ថា នេះជាការរួមចំណែកមួយ របស់ដៃគូរបស់យើង របស់សហរដ្ឋអាមេរិក ក្នុង ការជួយថែរក្សាគាំពារបេតិកភណ្ឌរបស់ជាតិ ខ្មែរយើង។ ដូច្នេះទន្ទឹមនឹងហ្នឹង ខ្ញុំសូមអំពាវនាវ ដល់ជនរួមជាតិរបស់យើងទាំងអស់ ឱ្យចូលរួម ថែរក្សាការពារសម្បត្តិបេតិកភណ្ឌទាំងអស់ហ្នឹង ឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយ ទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថា ថវិកាដែលគេផ្តល់ មកឱ្យយើងហ្នឹង យើងយកទៅធ្វើកិច្ចការហ្នឹង ដោយទទួលបានជោគជ័យ ហើយទី២ យើងផ្តល់ ចំណេំដឹះងទៅឱ្យកូនខ្មែរយើង”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES