ខេត្តកណ្តាល ៖ បុរសម្នាក់ វក់នឹងល្បែងអនឡាញ ជាង១ឆ្នាំមកហើយ ទោះជាប្រពន្ធហាមឃាត់ផង លួងលោមផង ឱ្យឈប់លេង ក៏មិនខ្ចីស្តាប់ រហូតចុងក្រោយ លួចបាញ់លុយពីកុងធនាគារក្នុងទូរស័ព្ទប្រពន្ធ ជាង២០០ ដុល្លារ យកទៅលេងល្បែង ដើម្បីស្រង់ដើម ទីបំផុតចាញ់អស់លុយ បោសគូទខោ។ លុះប្រពន្ធសួរនាំរឿងបាត់ លុយ កើតជាជម្លោះ និងត្រូវប្រពន្ធទាមទារលែងលះ ស្រាប់តែបុរសជាប្តី បានឆាតមកប្រពន្ធថា “លាហើយប្រ ពន្ធសម្លាញ់” រួចក៏ចងកសម្លាប់ខ្លួននៅក្នុងផ្ទះ។

ករណីប្តីវក់ល្បែង ប្រពន្ធសុំលែង ចងកស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៥៥នាទី ព្រលប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល។
បុរសដែលចងកបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះប៉ែន សុខជា អាយុ៣៦ឆ្នាំ មុខរបរកសិករ ស្នាក់នៅផ្ទះកើតហេតុ ស្ថិតក្នុងភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល និងមានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល។

តាមការបំភ្លឺពីស្ត្រីឈ្មោះ គង់ ណម អាយុ៣១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាង (ជនរងគ្រោះ) បានលង់ខ្លួនវក់នឹងល្បែងអនឡាញ ជាង១ឆ្នាំកន្លងមកហើយ ទោះជានាងព្យាយាមហាមឃាត់ លួងលោមប្តីមិនឱ្យ លេងយ៉ាងណា ក៏ប្តីនៅតែមិនស្តាប់។ លុះមកដល់វេលាម៉ោង៨ និង៤៨នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ប្តីបានលួចបាញ់លុយពីកុងធនាគារ ក្នុងទូរស័ព្ទរបស់នាង ចូលទ្នៅងុកុងធនាគារក្នុងទូរស័ព្ទរបស់គាត់ (ប្តី) ចំនួនលុយ២៣០ដុល្លារ ដើម្បីយកទៅលេងល្បែងតាមអន ឡាញ ហើយ ក៏បានចាញ់អស់គ្មានសល់។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បានបន្តថា ដោយសារបញ្ហានេះហើយ ទើបធ្វើឱ្យនាងជាប្រពន្ធ ខឹងសម្បា ក៏កើតមានជំលោះពាក្យសម្តីជាមួយ ប្តី១ប៉្រាវ ហើយប្តីក៏បានទាញម៉ូតូជិះចេញពីផ្ទះបាត់ទៅ មិនដឹងទៅដល់ណាទេ ហើយពុំឃើញត្រឡប់មកផ្ទះវិញសោះ។ ពេលនោះ នាងក៏បាន ទាក់ទងតាមរយៈទូស័ព្ទដៃទៅប្តីដែរ ហើយថែមទាំងបាននិយាយប្រាប់ប្តីថា “យើងលែងលះគ្នាទៅ” តែប្តីរបស់នាងមិនតបអ្វីទាំងអស់។

ស្ត្រីជាប្រពន្ធរូបនេះ បានឱ្យដឹងទៀតថា រហូតមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក៏ស្រាប់តែប្តី (ជនរងគ្រោះ) បានឆាតមកប្រាប់នាងជាប្រពន្ធថា “លាហើយប្រពន្ធសម្លាញ់” តែនាងពុំបានចាប់ អារម្មណ៍នឹងប្តីទេ ព្រោះកំពុងតែធ្វើការក្នុងរោងចក្រផង ណាមួយ នៅមានអារម្មណ៍ខឹងមិនទាន់បាត់នៅឡើយ។ រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែល ខណៈដែលនាងបានចេញពីធ្វើការរោងចក្រ ត្រឡប់មកដល់ ផ្ទះវិញ ក៏ឃើញទ្វារផ្ទះមានសភាពកាត់សោរពីខាងក្រៅ ហើយខ្លួនក៏បានហៅប្អូនថ្លៃមកជួយមើល ខ្លាចក្រែងមានចោរចូលផ្ទះ។ ពេលនោះខ្លួន និង ប្អូនថ្លៃបានចូលទៅក្នុងផ្ទះ ក៏ស្រាប់តែឃើញប្តីរបស់នាង បានចងក ដោយប្រើខ្សែហ្វ្រាំងកង់ ចងកជាប់នឹងដែកទ្វារស្លាប់បាត់ទៅហើយ ទើបកើត មានការឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកច្ចិជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន ដោយជនរងគ្រោះបានយកខ្សែហ្វ្រាំងកង់ចងកជាប់នឹងទ្វារដែក បណ្តាលឱ្យ ដាច់ខ្យល់ស្លាប់។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឱ្យស្ត្រីជាប្រពន្ធ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕