ក្រោយពីរកមិនបានជ័យជម្នះសោះ៥ប្រកួតចុងក្រោយគឺ ស្មើ ៤ និងចាញ់១ ជាពិសេសការបរាជ័យ ២-០ នៅផ្ទះPreston កាលពីចុងសប្តាហ៍កន្លងទៅ លោក Tony Xia ម្ចាស់ក្លឹប Aston Villa អស់ភាពអត់ធ្មត់បានបង្ខំចិត្តបណ្តេញលោក Roberto Di Matteo ចេញពីតំណែងកៅអីគ្រូបង្វឹក។
ការបរាជ័យ ២-០ នៅផ្ទះ Preston បានធ្វើឲ្យក្រុម Aston Villa ធ្លាក់មកដល់លេខ១៩ ក្នុងតារាងអង់គ្លេស ឆេមពានស៊ីប ចាញ់ក្រុមកំពូលតារាង Huddersfield ១៥ពិន្ទុ និងមានត្រឹមតែ២ពិន្ទុ ប៉ុណ្ណោះពីតំបន់កាត់ចោល។
លទ្ធផលដ៏អន់នេះ គឺបានឃ្លាតឆ្ងាយពីក្តីសង្ឃឹមរបស់លោក Tony Xia ដែលបានចំណាយលុយ៦៤លានដុល្លារ ក្នុងគោលបំណងនាំយកក្លឹបនេះត្រឡប់ទៅកាន់ប្រឺមីញេលីកវិញនារដូវកាលក្រោយ។
ក្រោយពីបណ្តេញលោក Di Matteo ចេញពីតំណែង ក្លឹប Aston Villa ក៏បានប្រកាសតែងតាំង លោក Steve Clarke ធ្វើជាគ្រូបង្វឹកស្តីទី មុនពេលស្វែងរកបានគ្រូបង្វឹកថ្មី។
ដោយ៖ ហេង ដេត