Friday, November 29, 2024
Homeកីឡាអន្ដរជាតិខ្សែបម្រើក្លឹប Schalke ថា លោកដូណាល់ ត្រាំ មិនស័ក្តិសមជាប្រធានាធិបតីអាមេរិក

ខ្សែបម្រើក្លឹប Schalke ថា លោកដូណាល់ ត្រាំ មិនស័ក្តិសមជាប្រធានាធិបតីអាមេរិក

កីឡាករខ្សែបម្រើសញ្ជាតិអាមេរិក Weston McKennie បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Schalke  ក្នុងក្របខណ្ឌអាល្លឺម៉ង់ Bundesliga បានចោទប្រកាន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពីបទរើសអើងពូជសាសន៍ និងរិះគន់អាកប្បកិរិយាប្រធានាធិបតីរូបនេះ បន្ទាប់ពីមរណភាពរបស់លោក George Floyd ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild កីឡាកររូបនេះបាននិយាយថា នៅក្នុងភ្នែករបស់ខ្ញុំ លោកដូណាល់ ត្រាំ គឺជាអ្នករើសអើងពូជសាសន៍។ ខ្ញុំគិតថា លោកដូណាល់ ត្រាំ មិនស័ក្តិសមជាប្រធានាធិបតិអាមេរិកនោះទេ។ គាត់គ្មានទំនួលខុសត្រូវច្បាស់លាស់សម្រាប់ប្រជាជនអាមេរិក។

កីឡាករវ័យ២១ឆ្នាំ ដែលកំណើតនៅរដ្ឋតិចសាស់ រូបនេះ បានចូលរួមក្នុងយុទ្ធនាការទាមទាររកយុត្តិធម៌ឱ្យលោក George Floyd ។

មិនត្រឹមតែកីឡាករសញ្ជាតិអាមេរិក Weston McKennie ប៉ុណ្ណោះទេ កីឡាករអត្តពលិកឆ្នើមៗជាច្រើនទៀតនៅលើពិភពលោក បានទាមទារឱ្យសហរដ្ឋអាមេរិក រកយុត្តិធម៌ឱ្យលោក George Floyd ដែលត្រូវប៉ូលិសរដ្ឋមុនីសូតា ធ្វើទារុណកម្មយកជង្គង់ស្កត់ករហូតដល់ស្លាប់។

កាលពីសប្តាហ៍មុន ក្លឹបបាល់ទាត់អាល្លឺម៉ង់ ជាច្រើន ដែលក្នុងនោះរួមបញ្ចូលទាំង Schalke ផងដែរ បានបង្ហាញសាមគ្គីភាពចូលរួមតវ៉ាជាមួយពិភពលោក ដោយការលុតជង្គង់មុនពេលបើកការប្រកួត។

ទាក់ទងនឹងបញ្ហានេះ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA មិនចាត់ទុកថាជាទោសកំហុសអ្វីនោះទេ៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES