កីឡាករខ្សែបម្រើ Dele Alli នឹងខកខានការបើកឆាកប្រកួតជាមួយក្លឹប Man UTD ក្រោយពេលដែលសមាគមបាល់ទាត់សម្រេចពិន័យកីឡាកររូបនេះមួយប្រកួត ក្រោមបទចោទប្រកាន់សើចចំអកដល់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩។
Alli ត្រូវបានចោទប្រកាន់ពីបទរំលោភទៅលើបទបញ្ជាផ្ទៃក្នុងរបស់សមាគមបាល់ទាត់អង់គ្លេស FA បន្ទាប់ពីគាត់បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គម រូបភាពរបស់គាត់ផ្ទាល់នៅឯចំណតអាកាសយានដ្ឋាន ដោយពាក់ម៉ាសក៍ ហើយមានកាយវិការចំអកឱ្យបុរសម្នាក់ដែលមើលទៅមានរូបរាងដូចជាមកពីទ្វីបអាស៊ី។
ក្រោយបង្ហោះវីដេអូមួយរយៈក្រោយមក គាត់បានសុំទោសចំពោះកាយវិការនោះ។
ក្រៅពីពិន័យមិនឱ្យចូលរួមមួយប្រកួត សមាគមបាល់ទាត់អង់គ្លេស ក៏បានពិន័យកីឡាកររូបនេះជាង៦ម៉ឺនដុល្លារផងដែរ ហើយត្រូវតែចូលរៀនមុខវិជ្ជាអប់រំសីលធម៌ ដែលបណ្តុះបណ្តាលដោយគណៈកម្មការប្រឹក្សាវិន័យឯករាជ្យ។
ការពិន័យមួយប្រកួតនេះ ធ្វើឱ្យ Dele Alli ខកខានក្នុងជំនួបជាមួយក្លឹប MAN UTD នៅថ្ងៃទី១៩ ខែមិថុនាខាងមុខ៕
ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត