យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Edinson Cavani និងខ្សែការពារ Thiago Silva នឹងត្រូវចាកចេញពីក្លឹប Paris SG នៅរដូវក្តៅខាងមុខនេះ។
លោក Leonardo នាយកក្លឹប Paris SG បាននិយាយថា វាគឺជាការសម្រេចចិត្តដ៏ពិបាកដោយសារតែកីឡាករទាំង២នាក់នេះធ្លាប់បានជួយក្លឹបនាពេលកន្លងមក។ ពួកគេទាំង២ បានធ្វើឱ្យក្លឹប Paris SG មានប្រវត្តិសាស្ត្រល្អ ប៉ុន្តែនេះគឺជាទីបញ្ចប់របស់ពួកគេ។ កីឡាករទាំង២ ត្រូវផុតកុងត្រាជាមួយក្លឹបនៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែពួកគេត្រូវចាកចេញពីទឹកដីបារាំង ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ EUFA Champion League ដែលគ្រោងនឹងបញ្ចប់នៅខែសីហា។
នៅពេលសួរថា Neymar និង Kylian Mbappe បន្តនៅជាមួយក្លឹប Parsis SG រដូវកាលក្រោយ លោក Leonardo បានឆ្លើយថា ខ្ញុំមិនអាចនិយាយបានទេ។ ពួកគេទាំង២ នៅសល់កុងត្រារយៈពេល២ឆ្នាំទៀត ហើយយើងកំពុងតែគិតគូរពីអនាគតរបស់ពួកគេ។
Edinson Cavani ដែលបានចូលលេងឱ្យក្លឹប Paris SG តាំងពីឆ្នាំ២០១៣ គឺជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេគ្រប់ពេលវេលា។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២០០គ្រាប់ ក្នុងការបង្ហាញវត្តមាន៣០០ប្រកួត។
ក្លឹប Paris SG នឹងវិលត្រឡប់មកហ្វឹកហាត់វិញនៅថ្ងៃទី២២ ខែមិថុនា ដើម្បីត្រៀមខ្លួនប្រកួត EUFA Champion League នៅវគ្គ៨ក្រុមចុងក្រោយ៕
ប្រភពពី ៖ BBC Sport
ប្រែសម្រួលដោយ ៖ ដេត