យោងតាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Lionel Messi នឹងចុះហត្ថលេខាបន្តកុងត្រាថ្មីជាមួយក្លឹប Barcelona រយៈពេល២ឆ្នាំបន្ថែមទៀត។
កុងត្រាថ្មីរយៈពេល២ឆ្នាំ នឹងធ្វើឱ្យកីឡាករសញ្ជាតិអាហ្សង់ទីន បន្តនៅក្នុងពហុកីឡដ្ឋាន Nou Cam រហូតដល់ឆ្នាំ២០២៣។ កុងត្រាចាស់របស់ Messi ត្រូវអស់សុពលភាពរដូវកាលក្រោយ ហើយលោក Josep Maria Bartomeu ប្រធានក្លឹប Barcelona កំពុងបញ្ចុះបញ្ចូលកីឡាកររូបនេះឱ្យបន្តស្នាក់នៅរយៈពេលយូរអង្វែងទៀត។
កិច្ចព្រមព្រៀងថ្មីនេះ នឹងធ្វើដូចកិច្ចព្រមព្រៀងចាស់ ដែលមានន័យថា Lionel Messi មានឱកាសលុបចោលកុងត្រាពេលណាក៏បាន ប្រសិនបើគាត់ចង់ចាកចេញពី Barcelona។
កីឡាករវ័យ៣២ឆ្នាំរូបនេះ ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មានជាច្រើនដងរួចហើយថា ចង់បញ្ចប់ អាជីពបាល់ទាត់នៅជាមួយក្លឹប Barcelona។
Lionel Messi ត្រូវបានគេចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុត ដែលធ្លាប់លើកពានរង្វាន់ធំៗ ចំនួន៣៤ ដែលក្នុងនោះរួមបញ្ចូលទាំងពានរង្វាន់ Premira Liga ចំនួន១០ និង UEFA Champion League ចំនួន៤៕
ប្រភព ៖ Daily Mail
ប្រែសម្រួលដោយ ៖ ដេត