កីឡាករខ្សែបម្រើ Frankie de Jong នឹង អវត្តមានពីក្លឹប Barcelona ក្នុងជំនួបជាមួយ Bilbao នៅរាត្រីនេះ ដោយសាររបួសសាច់ដុំកំភួនជើងស្តាំ។ នេះបើយោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០។
កីឡាករសញ្ជាតិហូឡង់ដ៍ ខកខានម្តងរួចមកហើយក្នុងជំនួបជាមួយ Sevilla ដែលធ្វើឱ្យលទ្ធផលបានត្រឹមតែស្មើ ០-០។ លទ្ធផលនេះ បានធ្វើឱ្យក្តីសង្ឃឹមលើកពានរបស់គេត្រូវបាត់បង់។
បច្ចុប្បន្នក្លឹប Barcelona ស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន៦៥ពិន្ទុ ស្មើ Real Madrid ប៉ុន្តែបើគិតតាមកំណត់ត្រាប្រវត្តិជួបគ្នា Real Madrid ត្រូវឈរកំពូលតារាង។
លោក Quique Setien គ្រូបង្វឹកក្លឹប Barcelona បាននិយាយថា Frankie de Jong មិនអាចចូលទីលានហ្វឹកហាត់បានទេ ហើយខ្ញុំក៏មិនដឹងថា ពេលណាគាត់អាចត្រឡប់បានមកវិញនោះទេ។
គួរបញ្ជាក់ថា Frankie de Jong បានចូលមកលេងឱ្យក្លឹប Barcelona កាលពីឆ្នាំទៅមិញ ក្នុងតម្លៃខ្លួនជាង៨០លានដុល្លារ។ នៅជាមួយក្លឹបនេះ បង្ហាញវត្តមានបាន២៧ប្រកួត ក្នុងចំណោម៣០ប្រកួត និងស៊ុតបាល់បាន២គ្រាប់៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត