យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Mancini ប្រាប់ កីឡាករ Mario Balotelli ឱ្យកែលម្អខ្លួនឡើងវិញ មុនពេលដែលអាជីពបាល់ទាត់ត្រូវលិចលង់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Roberto Mancini បាននិយាយថា “ខ្ញុំប្រាប់គាត់រាប់ពាន់ដងហើយកុំឱ្យខ្ជះខ្ជាយពេលវេលា នឹងធ្វើឱ្យបាត់បង់ទេពកោសល្យបាល់ទាត់របស់ខ្លួន ប៉ុន្តែគាត់មិនដែលស្តាប់នោះទេ”។
លោកបានបន្តទៀតថា “ខ្ញុំបានប្រាប់គាត់តាំងពីក្មេង ហើយគាត់បានធ្វើរឿងរ៉ាវជាច្រើនដែលខ្ញុំមិនពេញចិត្ត។ ក្នុងវ័យ៣០ឆ្នាំ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយគាត់នឹងកែប្រែ”។
លោក Roberto Mancini ធ្លាប់កោះហៅ Mario Balotelli ចូលក្រុមជម្រើសជាតិ កាលពីឆ្នាំ២០១៨ ដែលពេលនោះគាត់ទទួលបានជោគជ័យនៅជាមួយក្លឹប Man City និង Inter Milan។
ការលើកឡែងីបែបនេះ ក៏ដោយសារតែកាលពីពេលថ្មីៗ ក្លឹប Brescia គំរាមលុបកុងត្រាចោលជាមួយកីឡាករ Mario Balotelli បន្ទាប់ពីកីឡាកររូបនេះមិនព្រមចូលហ្វឹកហាត់។
ចាប់តាំងពីឆ្នាំ២០១៤ កីឡាករខ្សែប្រយុទ្ធ Mario Balotelli បង្ហាញវត្តមានឱ្យក្រុមជម្រើសជាតិអ៊ីតាលី បានតែម្តងគត់ បើទោះជាពីមុនមក គាត់ធ្លាប់បង្ហាញវត្តមានបាន៣៦ប្រកួតក៏ដោយ។
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី មានគម្រោងកោះហៅ Mario Balotelli ចូលក្រុមជម្រើសជាតិ សម្រាប់ប្រកួតពានរង្វាន់ EURO 2020 ដែលត្រូវលើកទៅឆ្នាំ២០២១៕
ប្រភពពី ៖ AFP
ប្រែសម្រួលដោយ ៖ ដេត