Wednesday, September 24, 2025
Homeព័ត៌មានជាតិទូច ស្រីនិច សម្ងំលាក់ខ្លួននៅតាខ្មៅ សមត្ថកិច្ចរកឃើញ...

ទូច ស្រីនិច សម្ងំលាក់ខ្លួននៅតាខ្មៅ សមត្ថកិច្ចរកឃើញ…

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ដែលជាអ្នកលក់ឆ្នោតខ្មែរ បន្លំកត់កន្ទុយលេខទាំងឆ្នោតយួនថែមទៀត ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងតាខ្មៅ ឃាត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន យកមកចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចខាងមុខហាងកាហ្វេមួយកន្លែង ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់និងក្រុងតាខ្មៅ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលជាអ្នកកត់ឆ្នោត ឈ្មោះទូច ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ មានលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកត់ឆ្នោត។

សមត្ថកិច្ចដកហូតវត្ថុតាង ក្នុងពេលបង្ក្រាបនេះ រួមមាន ប្រាក់រៀល ១,៣៩៥ ០០០រៀល, ម៉ាស៊ីនព្រីនឆ្នោត MODERN LOTTERY ១គ្រឿង, ម៉ាស៊ីនព្រីន ឆ្នោតខ្មែរ១គ្រឿង, ម៉ាស៊ីនគិតលេខ១គ្រឿង, ទូរស័ព្ទ២គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ ១គ្រឿង និងម៉ាក iPhone១១ ពណ៌ស្លែ ១គ្រឿង), វិញ្ញាបនបត្របញ្ជាក់សិទ្ធិលក់ឆ្នោតខ្មែរ១សន្លឹក, កិច្ចសន្យាផ្តល់សិទ្ធិឱ្យភ្នាក់ងារលក់ឆ្នោតខ្មែរ ១ច្បាប់ (៤សន្លឹក), ក្រដាសកត់ឆ្នោតខ្មែររួច ៦សន្លឹក (ធំ៣ តូច៣), ក្រដាសកាបោន២សន្លឹក (ធំ១ តូច១), ក្រដាសសម្រាប់កត់កន្ទុយលេខឆ្នោត២ដុំ (ធំ១ តូច១)។

ប្រភពសមត្ថកិច្ចដដែល ឱ្យដឹងដែរថា នៅវេលាកើតហេតុខាងលើ សមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចខាងលើ ទើបភ្លាមៗនោះ កម្លាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋានក្រុងតាខ្មៅ បានចុះបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យដែលជាអ្នកកត់ឆ្នោតរួច ទាំងដកហូតបានវត្ថុតាងមួយចំនួនខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ បន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES