ខេត្តតាកែវ ៖ ស្ត្រីចាស់ជរាម្នាក់បានធ្លាក់ខ្លួនឈឺ រស់នៅក្នុងស្ថានភាពជីវភាពក្រីក្រលំបាកខ្វះខាត ដើរទៅណាមុនរួចហើយ ត្រូវកូនស្រីតែមួយទុកចោលគេចចេញពីផ្ទះបាត់ ទុកឱ្យម្តាយរស់វេទនាឯកា ពេលនេះគាត់បានប្រកាសដង្ហោយហៅឱ្យកូនស្រីវិលវិញ ព្រោះគាត់ត្រូវការភាពកក់ក្តៅពីកូន នៅក្នុងជីវិតចុងក្រោយរបស់គាត់។
អ្នកស្រីប៉ែន យ៉ាទី អាយុ៣០ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលតែងតែចូលរួមការងារសង្គម និងមនុស្សធម៌ ស្វែងរកអំណោយសប្បុរសជនជួយជនក្រីក្រ ចាស់ជរា ក្មេងកំព្រា ជាដើមនោះ បានបញ្ជាក់ថា លោកយាយអភ័ព្វសព្វថ្ងៃអាយុ៨០ឆ្នាំហើយ រស់នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ គាត់បានសុំពឹងឱ្យអ្នកស្រីជួយប្រកាសរកកូនស្រីរបស់គាត់ ឈ្មោះភួង ភេទស្រី អាយុជាង ៥០ឆ្នាំ ដែលបានចុះចោលគាត់ជាម្តាយ អស់រយៈពេលជាច្រើនខែមកហើយ ដោយមិនឃើញ វិលមករកគាត់វិញសោះ។

ដូច្នេះគាត់នឹកកូនស្រីតែមួយនេះណាស់ ក្នុងរយៈពេលនេះគាត់ត្រូវការអ្នកមើលថែរក្សា ព្រោះគាត់ដើរមិនរួចទេ ដោយសារឆ្អឹងជើងបាក់ មិនទាន់ជា ហើយក៏មានការខ្វះខាតក្នុងជីវភាពផងដែរ ក្នុងនាមជាមនុស្សខ្លួនមួយ គ្មានសាច់ញាតិ។ ហេតុនេះ គាត់សុំផ្តាំទៅកូនស្រីថា បើកូនបានដឹងដំណឹង នេះហើយ សូមមកមើលគាត់ផង។
អ្នកស្រីប៉ែន យ៉ាទី បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ ថា ពេលបានឃើញស្ថានភាពរបស់លោកយាយកម្សត់ខាងលើនេះ អ្នកស្រីពិតជាមានចិត្តអាណិតអាសូរទៅដល់គាត់ណាស់ ព្រោះក្នុងវ័យជរា លំបាកតោកយ៉ាក និងគ្មានសាច់ញាតិបងប្អូននេះ គាត់គួរតែទទួលបានភាពកក់ក្តៅពីកូនស្រីតែមួយ ជួយចិញ្ចឹមមើលថែ ប៉ុន្តែកូនស្រីគាត់បែរជាទុកម្តាយចោល រត់គេចបាត់ ទុកឱ្យគាត់រស់នៅតែឯងកណ្តោចកណ្តែង រងាឈឺផ្សា ក្នុងភាពអត់ឃ្លាន ។
អ្នកស្រីប៉ែន យ៉ាទី បន្តថា ពេលនេះ អ្នកស្រីកំពុងរៀបចំអំណោយ រួមមានថវិកា អង្ករ ខោអាវ ចាន ឆ្នាំង និងគ្រឿងឧបភោគ-បរិភោគមួយចំនួន យកទៅជួនលោកយាយកម្សត់ នៅរយៈពេលពីរថ្ងៃខាងមុខនេះ។

ជាមួយនេះ អ្នកស្រីសុំផ្តាំទៅកូនស្រីដែលរត់ចោលម្តាយជរានោះ សូមវិលមករកម្តាយវិញកុំខាន បើទោះបីរស់នៅក្នុងជីវភាពយ៉ាងម៉េច ក៏ត្រូវតែមកជួបគាត់ ផ្តល់ក្តីស្រលាញ់ យកចិត្តទុកដាក់ដល់ម្តាយដែលមានវ័យជរា ថែមទាំងមានជំងឺទៀតព្រោះគាត់មានតែកូនស្រីម្នាក់ គ្មានសាច់ញាតិណាក្រៅពីនេះទេ។
អ្នកស្រីប៉ែន យ៉ាទី បានបញ្ជាក់ដូច្នេះថា “អារម្មណ៍ខ្ញុំអាណិតលោកយាយខ្លាំងណាស់ ព្រោះដោយសារគាត់រស់នៅម្នាក់ឯង គាត់ចាស់ជរា គាត់អត់មានកូន អត់មានចៅអីទេ ហើយគាត់ឈឺទៀត ដល់ពេលអ៊ីចឹងទៅ កង្វះខាតរបស់គាត់ហ្នឹងក៏ច្រើន។ ដូច្នេះខ្ញុំចង់ឱ្យគាត់ហ្នឹង មានកូននៅក្បែរ ហើយចង់ប្រកាសឱ្យកូនហ្នឹង បានមកជួបគាត់វិញ។

និយាយទៅ ខ្ញុំគ្រាន់តែសុំសំណូមពរឱ្យកូនហ្នឹងវិលមកជួបម្តាយវិញ ហើយសុំខមាទោសពីគាត់ជាម្តាយ គឺខមាទោសដែលយើងធ្លាប់ធ្វើខុស យើងត្រូវតែវិលមកមើលម្តាយ ដែលម្តាយកំពុងតែដេកឈឺ អត់មានអីហូប រាល់ថ្ងៃគាត់ពិបាកខ្លាំងណាស់។
អ៊ីចឹងសុំឱ្យកូនស្រីហ្នឹង មកជួបម្តាយវិញផង ទោះបីថាស្ថានភាពគាត់ក្រលំបាកម៉េចក៏ដោយ គាត់មិនត្រូវចោលម្តាយខ្លួនឯងទេ ត្រូវតែវិលមកជួបម្តាយវិញ ហើយខ្ញុំក្នុងពេលឆាប់ៗនេះ នឹងចុះទៅប្រគល់របស់ហូបចុកខ្លះឱ្យគាត់”៕ កុលបុត្រ