ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូបានចូលទៅជួលបន្ទប់ផ្ទះសំណាក់ ស្នាក់នៅ១យប់ លុះកំពុងដឹកដៃគ្នាឡើងឋានសួគ៌ ដោយភ្លេចដាក់គន្លឹះទ្វារ ក៏ស្រាប់តែលេចមុខបុរសម្នាក់ស្ទុះបើកទ្វារចូលដល់ក្នុងបន្ទប់ រួចខ្ទប់ទ្វារជាប់ ធ្វើឱ្យគូស្នេហ៍ខាងលើភ័យស្លន់ស្លោស្រែកផ្អើលផ្ទះសំណាក់ ទាំងកណ្តាលរាត្រី និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យដែលចូលទៅរំខានក្តីសុខរបស់គេ នាំយកមកសួរនាំ។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ នៅចំណុចបន្ទប់លេខ៣០៥ ជាន់ទី៣ ផ្ទះសំណាក់យីហោ សេវេន អេចឌី 7SEVEN HD មានទីតាំងនៅជិតបេនឡានកាពីតូល តាមផ្លូវលេខ១១១ កែងផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
បុរសដែលបង្កភាពភ្ញាក់ផ្អើលនិងរំខានក្តីសុខគូស្នេហ៍គេខាងលើនេះ មានឈ្មោះអ៊ុំ សុភ័ក្ត អាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាគូស្នេហ៍ដែលកំពុងមានក្តីសុខ បែរជាភ័យស្ទើរលស់ព្រលឹងខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមសម្តីស្ត្រីម្នាក់ដែលជាអ្នកមើលការខុសត្រូវក្នុងផ្ទះសំណាក់ខាងលើ បានឱ្យដឹងថា ដំបូងឡើយ មានយុវជនប្រុសស្រី២នាក់ បានមកជួលបន្ទប់ស្នាក់នៅ១យប់ក្នុងផ្ទះសំណាក់ខាងលើ គឺនៅបន្ទប់លេខ៣០៥ ជាន់ទី៣។ ខណៈមកដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានបុរស ម្នាក់ទំនងបែកថ្នាំបានរត់ចូលក្នុងផ្ទះសំណាក់ ហើយក៏ឡើងទៅលើជាន់ទី៣ រួចទម្លាយទ្វារចូលទៅដល់ក្នុងបន្ទប់ និងបានបិទខ្ទប់ទ្វារវិញ ធ្វើឱ្យយុវជនប្រុសស្រីទាំង២នាក់ខាងលើ មានការភ័យស្លន់ស្លោយ៉ាងខ្លាំង ប៉ុន្តែយ៉ាងណាបុរសរូបនោះក៏មិនបានធ្វើអ្វីផ្តេសផ្តាសនោះទេ។

បើតាមសម្តីជនរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់ស្មានថា បុគ្គលិកផ្ទះសំណាក់ចូលមកមានការអី ស្រាប់តែឃើញជនសង្ស័យចូលមកទាញទ្វារបិទខ្ទាស់គន្លឹះជាប់ និងថែមទាំងគំរាមមិនឱ្យពួកខ្លួនទាំង២នាក់ស្រែកទៀតផង ដោយបានសម្លុតថា បើហ៊ានតែស្រែក គេនឹងចាប់បោកឱ្យងាប់ ខណៈនោះពួកគាត់ទាំង២នាក់ក៏ឃើញជនសង្ស័យក្តាប់ដៃ មានអាការដូចមនុស្សបែកថ្នាំ ធ្វើឱ្យពួកគាត់ភ័យខ្លាច ទើបមិនហ៊ានស្រែក។

ក្រោយកើតហេតុ ស្ត្រីដែលជាអ្នកគ្រប់គ្រងផ្ទះសំណាក់ខាងលើ បានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយធ្វើអន្តរាគមន៍ដល់បន្ទប់លេខ៣០៥ ជាន់ទី៣ ហើយក៏បានប្រើពាក្យសម្តីអង្វរលួងលោមទៅលើជនសង្ស័យ និងមានពាក្យគំរាមកំហែងខ្លះដើម្បីឱ្យជនសង្ស័យបើកទ្វារ រហូតមួយសន្ទុះធំទើបបានជនសង្ស័យព្រមបើកទ្វារចេញមកខាងក្រៅ ហើយត្រូវបានសមត្ថកិច្ចវាយខ្នោះយកទៅសួរនាំ និងឱ្យជនរងគ្រោះទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលិត ដើម្បីសួរនាំដំណើររឿង។
សំណាងល្អជនរងគ្រោះទាំង២នាក់មិនមានរងរបួសនោះទេ គ្រាន់តែហួសចិត្តហើយនឹកស្មានមិនដល់សោះ ប្រហោងពោះអស់ហើយ។

បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យខាងលើបានប្រាប់ថា ខ្លួនមានឈ្មោះអ៊ុំ សុភ័ក្ត ខ្លួនកំពុងរត់គេចពីសមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងដេញចាប់ខ្លួន និងដេញវាយ ទើបរត់គេចបែបនេះ ទើបរួចខ្លួន។
ក្រោយសួរនាំចប់ទើបដឹងថា បុរសខាងលើនេះមានជំងឺសរសៃប្រសាទ ក៏បានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕