Wednesday, September 24, 2025
Homeព័ត៌មានជាតិគោះស្មារបន្តិច នាងព្រមឡើងម៉ូតូទៅតែម្តង... ចុងក្រោយអង្គយយំស្តាយ

គោះស្មារបន្តិច នាងព្រមឡើងម៉ូតូទៅតែម្តង… ចុងក្រោយអង្គយយំស្តាយ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានដើរចេញពីបន្ទប់ជួល បំណងទៅធ្វើការរោងចក្រ ក៏ស្រាប់តែត្រូវបុរសម្នាក់ស្ទាក់ផ្លូវទះស្មា១ដៃ ស្រាប់តែបាត់អស់ស្មារតី ឡើងម៉ូតូទៅជាមួយគេតាមសម្រួល និងត្រូវបានជនសង្ស័យដឹកទៅកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការ និងប្រមូលយកលុយកាក់របស់ទ្រព្យមានតម្លៃអស់ពីខ្លួន លុះដឹងស្មារតីឡើងវិញ បានត្រឹមអង្គុយទ្រហោយំហើមភ្នែកប៉ុណ្ណោះ។

ហេតុការណ៍ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្សារសែនមេត្រី ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវជនសង្ស័យដាក់ថ្នាំសណ្តំដោះយកគ្រឿងអលង្ការអស់ពីខ្លួន មានឈ្មោះសេង ហ៊ន អាយុ៤២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅម្តុំផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ គាត់បានដើរចេញពីបន្ទប់ជួលបំណងសំដៅទៅរោងចក្រ ដើម្បីចូលធ្វើការដូចសព្វដង។ ខណៈពេលកំពុងតែដើរ ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតូមកទះស្មារបស់គាត់ ធ្វើឱ្យគាត់បាត់ស្មារតីព្រមឡើងជិះម៉ូតូជាមួយជនសង្ស័យតាមសម្រួល និងត្រូវជនសង្ស័យរូបនោះដឹកគាត់តាមម៉ូតូ ឆ្ពោះមកផ្សារសែនមេត្រី លុះពេលទៅដល់កន្លែងស្ងាត់ ជនសង្ស័យក៏បានដោះយកចិញ្ជៀន ខ្សែក និងទូរស័ព្ទ រួមនឹងលុយកាក់មួយចំនួនរបស់គាត់យកទៅបាត់តែម្តង ហើយក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ស្ត្រីរងគ្រោះ បន្តថា លុះមួយសន្ទុះក្រោយមក ទើបគាត់បានភ្ញាក់ដឹងស្មារតីឡើងវិញ និងដឹងថា ខ្លួនត្រូវចោរដាក់ថ្នាំសណ្តំដោះយកចិញ្ជៀន ខ្សែក និងទូរស័ព្ទ រួមនឹងលុយកាក់អស់ពីខ្លួន ក៏ស្រែកទ្រហោយំផ្អើលអ្នកដំណើរ និងប្រជាពលរដ្ឋនៅក្បែរនោះតែម្តង។

ក្រោយពេលកើតហេតុ គេឃើញប្រជាការពារ និងកម្លាំងនគរបាល ចុះទៅដឹកស្ត្រីខាងលើនោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីសាកសួរពីដំណើររឿង និងកំណត់ភិនភាគជនសង្ស័យ តាមប្រមាញ់ចាប់ខ្លួននាំយកទៅចាត់ការតាម ច្បាប់៕

RELATED ARTICLES