Wednesday, September 24, 2025
Homeព័ត៌មានជាតិប្រុសចង់លុបភស្តុតាងចោល ស្រីដឹងខ្លួនទាន់ ហៅសមត្ថកិច្ចចាប់ខ្លួន

ប្រុសចង់លុបភស្តុតាងចោល ស្រីដឹងខ្លួនទាន់ ហៅសមត្ថកិច្ចចាប់ខ្លួន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី ក្នុងករណីលួចមានស្ថានទម្ងន់ទោស បន្ទាប់ពីជននេះ និងបក្ខពួកម្នាក់ទៀតធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះនៅចំណុចស្ពានព្រែកបាទ្បាត់ឆឹង ស្ថិតនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះហុង សុខឡាំង ភេទស្រី អាយុ២០ឆ្នាំ មានលំនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ចំណែកជនសង្ស័យ (០២នាក់) ទី១-ឈ្មោះវី ម៉េងហ៊ង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ និងទី២-ឈ្មោះ មឿន សុខម៉េត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (គេចខ្លួន) មានលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ដោយឡែក វត្ថុតាងទូរស័ព្ទដៃចំនួន០១គ្រឿង ម៉ាក iPhone ពណ៌ទឹកមាស ជារបស់នារីរងគ្រោះ។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា នៅថ្ងៃខែឆ្នាំវេលាខាងលើ ឈ្មោះហុង សុខឡាំង (ជនរងគ្រោះ) បានបើកម៉ូតូមួយគ្រឿងចេញពីផ្ទះ នៅភូមិព្រែកប៉ាន មកផ្សារព្រែកឃ្លោក លុះពេលមកដល់គល់ស្ពានព្រែកបាឡាត់ឆឹង ស្រាប់តែមានជនសង្ស័យពីរនាក់មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ មកឆក់ទូរស័ព្ទជនរងគ្រោះ បានសម្រេច ហើយបានជិះម៉ូតូគេចខ្លួនបាត់។

លុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរសៀល មានឈ្មោះត្រាយ ដែលជាអ្នកលក់ទូរស័ព្ទនៅឃុំតាលន់ បានឆាតមកប្រាប់ឈ្មោះហុង សុខឡាំង ថា មានគេយកទូរស័ព្ទមកឱ្យលុបកម្មវិធី តែឃើញមានរូបសុខឡាំង នៅក្នុងទូរស័ព្ទ។

ភ្លាមនោះ ឈ្មោះហុង សុខឡាំង បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្គិ៍ត្រើយស្លា ក៏ចុះទៅដល់កន្លែងលក់ទូរស័ព្ទរបស់ឈ្មោះត្រាយ ឃើញឈ្មោះវី ម៉េងហ៊ង ទើបឃាត់ខ្លួន រួមនឹងវត្ថុតាងយកមកប៉ុស្តិ៍សាកសួរតែម្តង។

នៅចំពោះមុខសមត្ថនគរបាលកិច្ចប៉ុស្តិ៍ត្រើយស្លា ឈ្មោះវី ម៉េងហ៊ង បានសារភាពថា ខ្លួននិងបក្ខពួកឈ្មោះមឿន សុខម៉េត ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីឈ្មោះហុង សុខឡាំង ប្រាកដមែន។

ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវីធី៕

RELATED ARTICLES