Wednesday, September 24, 2025
Homeព័ត៌មានជាតិលោកមេបញ្ជាការ ជួយមើលកូនចៅផង កុំឲ្យរមាស់ដៃធ្វើចឹងទៀត

លោកមេបញ្ជាការ ជួយមើលកូនចៅផង កុំឲ្យរមាស់ដៃធ្វើចឹងទៀត

ខេត្តសៀមរាប ៖ បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាប នៅសុខៗមិនដឹងថាចងកំហឹងនឹងអ្នកណា ឬរមាស់ដៃខ្លាំងពេក ក៏មិនដឹង ក៏ស្រាប់តែទាញកាំភ្លើងអាកាបាញ់បោះសេរីនៅក្នុងបន្ទាយ អស់ជាង២០គ្រាប់លេង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប

ករណីបាញ់បោះសេរីបង្អើលមេឃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទាយអាវុធហត្ថខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនបង្កដែលបាញ់បោះសេរីខាងលើ មានឈ្មោះស៊ុន ស៊ីណាត មានឋានៈជានាយចំណង់ បានបាញ់ដោយកាំភ្លើងអាកា៤៧ (AK47) អស់ប្រមាណជាង២០គ្រាប់។

ប្រភពដដែលបន្តថា មូលហេតុដែលនាំឱ្យមានការបាញ់បោះសេរីខាងលើនេះ គឺដោយសារមន្ត្រីខាងលើ មានការអាក់អន់ចិត្តដោយសារថ្នាក់លើមិនសូវខ្វាយខ្វល់ជាមួយគាត់ ដោយពេលខ្លះពួកគាត់ឈឺ ក៏គ្មាននរណាមកមើល ជាដើម។ មន្ត្រីអាវុធហត្ថខាងលើ គឺត្រូវបានថ្នាក់បញ្ជូនមកពីអាវុធហត្ថលើផ្ទៃប្រទេស ឱ្យមកជួយកិច្ចការអន្តរាគមន៍ក្នុងខេត្តសៀមរាប។

ជុំវិញករណីនេះដែរ ក្រុមអ្នកសារព័ត៌មានបានព្យាយាមទាក់ទងទៅលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តាមទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។

ចំណែកសមត្ថកិច្ចមូលដ្ឋានខ្លះ លើកឡើងថា ករណីនេះពួកគាត់មិនលូកដៃទេ ដោយសារជាកងកម្លាំងដូចគ្នា។

ប្រភពព័ត៌មានចុងក្រោយ បានឱ្យដឹងថា ករណីបាញ់បោះនេះត្រូវបានការិយាល័យបុគ្គលិកនៃកងរាជអាវុធហត្ថខេត្តសៀមរាប ហៅជនបាញ់បោះសេរីខាងលើមកសួរនាំរួចហើយ។ តែចំណាត់ការបន្តយ៉ាងនោះគេនៅមិនទាន់ដឹង នៅឡើយ’

RELATED ARTICLES