ខេត្តពោធិ៍សាត់ ៖ សត្វឆ្កែចំនួន៧ក្បាល ត្រូវជនសង្ស័យដាក់ថ្នាំបំពុលដេករដូករណែលពេញមុខផ្ទះរបស់ម្ចាស់ពួកវា បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ខណៈដែលម្ចាស់របស់ពួកវាចុះពីលើផ្ទះមកដី ប្រទះឃើញ ហើយរាយការណ៍ប្រាប់សមត្ថកិច្ចពិនិត្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នកភូមិបានចោទប្រកាន់ឈ្មោះមុំ វីរៈ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ថាជាចោរលួច។
ពាក្យនេះបានឮតៗគ្នា ធ្វើឱ្យឈ្មោះវីរៈ ចាប់ផ្តើមមានកំហឹង ក៏យកថ្នាំអង់ទ្រីនប្រឡាក់លាយជាមួយ សាច់ជ្រូក មកបំពុលឆ្កែចំនួន៤ផ្ទះ មានដូចជា ផ្ទះទី១-ឈ្មោះបូ នី ផ្ទះទី២-ឈ្មោះ ឆែម ឆម, ផ្ទះទី៣-ឈ្មោះហុក សារិន, ផ្ទះទី៤-ឈ្មោះ ភួប ឆាន ក្នុងចំណោម៧ក្បាលនោះ ងាប់១ក្បាល ម្ចាស់ពួកវាសង្គ្រោះបាន៦ក្បាល។

ប្រភពបានបន្តថា ក្រោយពេលឃើញសត្វឆ្កែពុលដេកពេញមុខផ្ទះរៀងៗខ្លួន ពួកគាត់ក៏ទៅប្តឹងសមត្ថកិច្ចឱ្យចុះពិនិត្យតែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយអាត់ បានឱ្យដឹងថា ក្រោយទទួលបានបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរកឃើញមុខសញ្ញាឈ្មោះមុំ វីរៈ ដែលជាអ្នកធ្វើសកម្មភាពជុំវិញករណីបំពុលសត្វឆ្កែនេះ ហើយនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអាត់ ដើម្បីសួរនាំ។

ក្រោយពីសមត្ថកិច្ចនាំខ្លួនឈ្មោះមុំ វីរៈ មកកាន់ប៉ុស្តិ៍ ឈ្មោះមុំ វីរៈ បានសារភាពថា សកម្មភាពទាំងនេះ ពិតជារូបគេបានប្រព្រឹត្តមែន ដោយគេមានកំហឹងនឹងអ្នកភូមិចោទប្រកាន់រូបគេថាជាចោរ ទើបគេធ្វើសកម្មភាពនេះតែម្តង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្ត៕