ខេត្តព្រះសីហនុ ៖ ករណីជនជាតិចិន ដាក់ថ្នាំសណ្តំដើម្បីបន្លំបោកលុយជនជាតិចិនដូចគ្នា ជាង៦ម៉ឺនដុល្លារ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ បំបែកបានដោយជោគជ័យនិងឈានដល់ការចាប់ខ្លួនបានជនសង្ស័យ៤នាក់ រំដោះជនរងគ្រោះម្នាក់ផងដែរ នៅចំណុចហាងបាយជប៉ុន សណ្ឋាគារឃ្វីនកូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០។ ក្រោយទទួលពាក្យបណ្តឹងភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវនិងឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចាប់ខ្លួននេះ បានធ្វើសកម្មភាពដាក់ថ្នាំសណ្តំក្នុងស្រាបៀរឱ្យជនរងគ្រោះផឹក រួចបំភ័ន្តឱ្យជនរងគ្រោះវេរលុយតាមវីឆាតទៅគណនីជនសង្ស័យ អស់ទឹកប្រាក់ចំនួន ៦៤៨៩០ដុល្លារ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ Lie Hua Sen ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាងសង់ ស្នាក់នៅផ្ទះជួលជិតឧតុនិយម ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។

ចំណែកក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Wang Bin អាយុ៣០ឆ្នាំ ទី២-ឈ្មោះ Li Zhi Shun អាយុ២១ឆ្នាំ ទី៣-ឈ្មោះ Zhou Wei You អាយុ៤៤ឆ្នាំ និងទី៤-ឈ្មោះ Pei Quay អាយុ២៣ឆ្នាំ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
