ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួន បន្ទាប់ពីជននេះធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងម៉ាស៊ីនត្រជាក់តាមផ្ទះប្រជាពលរដ្ឋ និងលួចរបស់របរមិនរើសមុខ ពេលអូសរទេះដើររើសអេតចាយនៅពេលយប់ ក្នុងតំបន់ប៉ោយប៉ែត។

ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ សមត្ថកិច្ចអាវុធហត្ថ ធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះឆាង ហេង ភេទប្រុស អាយុ៤២ឆ្នាំ ថាមានករណីលួចកាត់ខ្សែភ្លើង កើតឡើងនៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ២០២០ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះភ្លាម លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះយុន ចិន ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
ក្រោយសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានដើររើសអេតចាយផង និងលួចកាត់យកខ្សែភ្លើងម៉ាស៊ីនត្រជាក់តាមផ្ទះផង ហើយយកទៅលក់យកប្រាក់។

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងរួចហើយ៕