Thursday, August 28, 2025
Homeព័ត៌មានជាតិនៅក្បែរប្រពន្ធពិតមែន ប៉ុន្តែគាត់មិនមានចេតនានោះទេ

នៅក្បែរប្រពន្ធពិតមែន ប៉ុន្តែគាត់មិនមានចេតនានោះទេ

ខេត្តមណ្ឌលគិរី ៖ ប្តីប្រពន្ធ២នាក់បានចេញទៅធ្វើស្មៅដំឡូងមីង ដោយបុរសជាប្តីបានប្រើម៉ាស៊ីនកាត់ស្មៅ ចំណែកប្រពន្ធអង្គុយដកស្មៅនៅក្បែរប្តីនោះដែរ ស្រាប់តែអកុសល ពេលបុរសជាប្តីកំពុងកាត់ស្មៅសុខៗ ទំនងជាផ្លែកាំបិតកាច់បុកប៉ះដុំថ្ម ធ្វើឱ្យបាក់ខ្ទាតមកចំស្ត្រីជាប្រពន្ធដែលអង្គុយក្បែរនោះ បណ្តាលឱ្យរងរបួសធ្ងន់ លុះក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបានតែប៉ុន្មានម៉ោង ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យបុរសជាប្តីយំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចអូទេ ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា។ លុះមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងមន្ទីរពេទ្យ។

ស្ត្រីរងគ្រាះខាងលើ មានឈ្មោះឡោ ស៊ិន អាយុ៤៧ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះឈន វណ្ណា អាយុ៥០ឆ្នាំ មុខរបរកសិករ និងមានកូនប្រុសម្នាក់ ឈ្មោះវណ្ណា សុភ័ក្រ ទើបនឹងអាយុ៥ឆ្នាំប៉ុណ្ណោះ។ ក្រុមគ្រួសារមួយនេះមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ រួមជាមួយប្តីរបស់ខ្លួនបាននាំគ្នាចេញទៅធ្វើស្មៅចម្ការដំឡូងមីដូចសព្វដង។ លុះពេលទៅដល់ បុរសជាប្តីឈ្មោះឈន វណ្ណា បានប្រើម៉ាស៊ីនកាត់ស្មៅ ចំណែកស្ត្រីរងគ្រោះក៏បានទៅអង្គុយបោចស្មៅដំឡូងមីនៅក្បែរកន្លែងដែលប្តីកាត់ស្មៅនោះដែរ ស្រាប់តែអកុសល ពេលបុរសជាប្តីកំពុងកាត់ស្មៅសុខៗទំនងជាផ្លែកាំបិតកាត់ស្មៅបុកប៉ះចំដុំថ្ម ទើបធ្វើឱ្យបាក់ខ្ទាត និងហោះមកបុកចំស្មា (ដើមដៃ) ខាងឆ្វេងរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ស្ត្រីរងគ្រោះត្រូវបានបុរសជាប្តី រួមនឹងក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសល មកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ស្ត្រីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័មតែម្តង និងត្រូវបានក្រុមគ្រួសារដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ។

តាមការពិនិត្យពីកម្លាំងជំនាញ ដោយមានការចូលរួមពីមេភូមិ មេឃុំឃើញថា ស្ត្រីរងគ្រោះពិតជារងរបួស ដោយសារផ្លែកាំបិតម៉ាស៊ីនកាត់ស្មៅប្រាកដមែន។

សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យបុរសជាប្តី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES