Thursday, May 21, 2026
Homeព័ត៌មានជាតិលោកកឹម សុខា តុលាការឲ្យជួបម៉ែ ១ម៉ោង

លោកកឹម សុខា តុលាការឲ្យជួបម៉ែ ១ម៉ោង

ភ្នំពេញ ៖ បន្ទាប់ពីស្នើតុលាការ សុំចេញពីផ្ទះ ទៅជួបមុខម្ដាយដែលឈឺធ្ងន់ ឱ្យទាន់ដង្ហើមចុងក្រោយ ខណៈដែលម្តាយវ័យជិត១០០ឆ្នាំ កំពុងត្រូវបានព្រះសង្ឃសូត្រមន្ត ឲ្យធម៌ ហើយលោកបានត្រឹមតែដង្ហោយហៅអ្នកម្ដាយ តាមទូរស័ព្ទ ពីគេហដ្ឋាន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នោះ ទីបំផុតនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោក កឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលតុលាការកាត់ទោសឲ្យជាប់គុក ២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) និងដកសិទ្ធិគ្រប់បែបយ៉ាង ពីបទក្បត់ជាតិ “សន្ទិដ្ឋភាពជាមួយបរទេស” នោះ ត្រូវបានតំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឲ្យទៅជួបម្តាយ បាន១ម៉ោងដែរ ដោយលោកបានបង្ហាញក្តីនឹករលឹក ព្រួយបារម្ភ និងមនោសញ្ចេតនាគោរពស្រឡាញ់អ្នកម្ដាយដែលកំពុងស្ថិតក្នុងសភាពជរាទ្រុឌទ្រោម ធ្វើឲ្យលោកហូរទឹកភ្នែកជ្រែកថ្ពាល់ ដោយក្តីក្តុកក្តួល។

មេធាវី និងអ្នកនយោបាយ អតីតសហការីលោកកឹម សុខា បានលើកឡើងថា ទោះបីរយៈពេលខ្លី ត្រឹមតែ ១ម៉ោង តែការអនុញ្ញាតរបស់តុលាការនេះ ចាត់ទុកជាគុណធម៌មួយ របស់អ្នកអនុវត្តច្បាប់ ។ ជាមួយគ្នានោះ មជ្ឈដ្ឋានទាំងនោះ ចាត់ទុកសម្ដីរបស់លោកកឹម សុខា ដែលថា នៅពេលមានសេរីភាព នឹងកោរសក់បួសជាសង្ឃ សងគុណម៉ែ គឺជាការបង្ហាញភាពកតញ្ញូចំពោះអ្នកមានគុណ ។

គួរបញ្ជាក់ថា ក្នុងវ័យជរា ឈានចូលជន្មាយុ ១០០ឆ្នាំ លោកយាយ សៅ ង៉ែត ជាម្ដាយបង្កើតរបស់លោកកឹម សុខា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ស្រាប់តែមានសុខភាពចុះខ្សោយខ្លាំង ធ្វើឲ្យកូនចៅចាប់ផ្ដើមព្រួយបារម្ភពីស្ថានភាពជំងឺរបស់គាត់ ។ ក្នុងនោះ លោកកឹម សុខា ជាកូនប្រុសបង្កើតម្នាក់ដែរ ដែលកំពុងជាប់ឃុំក្នុងផ្ទះ មិនអាចមកជួបម្តាយបាន លោកមានអារម្មណ៍ក្ដុកក្ដួល តក់ស្លុតខ្លាំងណាស់ នៅពេលឮថា ម្ដាយឈឺធ្ងន់ ហើយរង់ចាំកូនចៅមកជួបជុំគ្នា ។ លោកបានដាក់លិខិតសុំអនុញ្ញាត ទៅព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ សុំទៅជួបម្តាយ តែភ្លាមៗ ព្រះរាជអាជ្ញារង មិនទាន់បានឆ្លើយតប ធ្វើឲ្យលោកពុះកញ្ជ្រោលក្នុងចិត្តជាខ្លាំង ។ ក្នុងអំឡុងពេលរង់ចាំការអនុញ្ញាតពីព្រះរាជអាជ្ញា ដើម្បីបានចេញពីផ្ទះ ក្រោមការត្រួតពិនិត្យពីតុលាការនេះ លោកកឹម សុខា បានត្រឹមតែព្យាយាមហៅម្តាយ  តាមទូរស័ព្ទអនឡាញ របស់ភរិយារបស់លោក ហើយបានឮសំឡេងលោកស្រែកដង្ហោយហៅម្ដាយថា «ម៉ែ! ចាំកូនសិនណាម៉ែ កូនកំពុងសុំគេទៅមើលម៉ែហើយ…» ។

សំឡេងដង្ហោយហៅរបស់លោក កឹម សុខា បានធ្វើឲ្យមជ្ឈដ្ឋានមហាជន ជាពិសេស អ្នកនយោបាយប្រឆាំង ដែលធ្លាប់ជាអតីតសហការីរបស់លោក នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្ដែងក្ដីសង្វេគក្តុកក្តួលជាមួយចំពោះលោកកឹម សុខា រហូតស្រក់ទឹកនេត្រាគ្រប់គ្នា នាគ្រានោះ ហើយទិដ្ឋភាពបែបនេះ បានជំរុញទឹកចិត្តតុលាការ ឲ្យផ្តល់ក្តីមេត្តា អនុញ្ញាតដល់លោក កឹម សុខា ឲ្យបានទៅជួបអ្នកម្តាយរបស់លោក  បាន១ម៉ោងដែរ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ។

តាមប្រភពពីសហមេធាវី របស់លោកកឹម សុខា បានឲ្យដឹងថា តំណាងអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក កឹម សុខា បានទៅជួបម្តាយ រយៈពេលមួយម៉ោង ហើយផុតរយៈពេលនេះ លោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅផ្ទះរបស់លោកវិញ ។

ជាទិដ្ឋភាពនៅថ្ងៃនោះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចនគរបាល នៃក្រសួងមហាផ្ទៃ នាំចូលរថយន្ត ធ្វើដំណើរឆ្ពោះទៅកាន់បុរី មួយកន្លែង ក្នុងរាជធានីភ្នំពេញ ជាអាសយដ្ឋានដែលអ្នកម្ដាយរបស់លោក កំពុងស្នាក់នៅ ។ ពេលទៅដល់ ក្រៅពីសមត្ថកិច្ចនៅចាំខាងក្រៅ នៅខាងក្នុងផ្ទះ ឯណោះ ក៏មានសហការី និងសហមេធាវី អមដំណើរលោកកឹម សុខា ចូលទៅជួបម្ដាយលោកផងដែរ ។

លោកមេធាវី ផែង ហេង សហមេធាវីការពារក្ដីលោកកឹម សុខា ដែលអមដំណើរលោកកឹម សុខា ផ្ទាល់ បានបញ្ជាក់តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា «ឯកឧត្តមកឹម សុខា ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ ជូនឯកឧត្តម មកជួបមុខម្តាយរបស់គាត់ ដែលប្អូនគាត់ បានយកមកនៅផ្ទះ ក្នុងបុរី  ក្នុងរាជធានីភ្នំពេញ។ គួរសង្វេគ ពេលគាត់ឮសំឡេងឯកឧត្តម គាត់ខំប្រឹងព្រិចៗភ្នែក ហាក់បង្ហាញថា គាត់នៅស្តាប់ឮសម្រែកហៅរបស់ឯកឧត្តម និងខំប្រឹងចង់ស្តាប់ព្រះធម៌» ។

លោកមេធាវី ផែង ហេង បានឲ្យដឹងថា លោក កឹម សុខា បាននិយាយប្រាប់ម្ដាយលោកថា ពេលលោកមានសេរីភាព លោកនឹងកោរសក់បួសជាសង្ឃ ដើម្បីសងគុណអ្នកម្តាយរបស់លោក ។

លោក ផែង ហេង បានបង្ហោះវីដេអូស្ដីពីសកម្មភាពលោក កឹម សុខា ជួបម្ដាយលោក ភ្ជាប់ជាមួយសំណេរថា “ឯកឧត្តម កឹម សុខា បានជួបម្តាយ ជាទីគោរពស្រឡាញ់របស់គាត់ហើយ គឺព្រឹកម៉ោង ៨និង៣០នាទី ថ្ងៃ២០ ឧសភា ២០២៦ កងនគរបាល បាននាំឯកឧត្តម មកជួប ក្នុងផ្ទះប្អូនស្រីរបស់គាត់ ដែលបងប្អូនបាននិមន្តព្រះសង្ឃ មកឲ្យព្រះធម៌។ ខ្ញុំផ្ទាល់ ជាមេធាវី ក៏ស្រក់ទឹកភ្នែក លោកយាយ សៅ ង៉ែត គាត់ខំប្រឹងព្រិចភ្នែក និងកម្រើកដៃ ហាក់ចង់បញ្ជាក់ថា គាត់ខំស្តាប់ព្រះធម៌ ស្តាប់ឮសម្រែកឯកឧត្តម កឹម សុខា ហៅម៉ែៗ និងចង់ឱបឯកឧត្តម ព្រមទាំងមាត់ហាក់បង្ហាញថា ចង់និយាយមកកាន់កូន ឬឲ្យពរជ័យ។ កូនៗនៅថែទាំលោកយាយ បានប្រាប់ថា លោកយាយមានជីវិតឡើងវិញ ក្រោយឮសំឡេងឯកឧត្តម កឹម សុខា ស្រែកហៅគាត់ តាមទូរស័ព្ទ ម្សិលមិញ។ ពេលជួប ឯកឧត្តម ប្រាប់ថា ពេលគាត់មានសេរីភាព គាត់នឹងសាងផ្នួស បួសជាសង្ឃ សងគុណម៉ែ។ ឯកឧត្តម រំលឹកថា ឯកឧត្តម គោរពតាមដំបូន្មានម៉ែ តាំងពីក្មេង រហូតមកដល់ថ្ងៃនេះ មិនដែលសម្លាប់សត្វ មិនដែលធ្វើបាបជីវិតសត្វលោក មិនគុំកួនសងសឹកអ្នកដែលបានបំពានលើកឯកឧត្តមទេ។ ឯកឧត្តម ប្រាប់ថា ដោយសារអំពើល្អ ដោយសារសមាធិសីល ទើបបុណ្យកុសល បានឲ្យកូនមកជួបម៉ែ“ ។

ជាមួយគ្នានោះដែរ លោកស្រី ម៉េង សុភារី សហមេធាវីមួយរូបទៀត របស់លោក កឹម សុខា បានលើកឡើងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របសើលោកស្រី បង្ហាញពីមនោសញ្ចេតនារវាងម្ដាយនិងកូន គឺលោកយាយ សៅ ង៉ែត និងលោក កឹម សុខា ដោយលោកស្រី បានសរសេរថា «ក្តីស្រលាញ់ដ៏ជ្រាលជ្រៅ គឺជាអំណាចនៃកម្លាំងចិត្ត! លោកយាយបានតស៊ូរហូតពេលនេះ បានជួបកូនប្រុសដែលគាត់ខានឃើញ អស់រយៈពេលជិតមួយទសវត្សរ៍»។

លោកស្រី ម៉េង សុភាឬី សរសេរបន្ថែមថា «១ម៉ោង នៃការជួបជុំដែលពោរពេញដោយទឹកភ្នែក និងក្តីអាលោះអាល័យ។ សមត្ថកិច្ចបាននាំរូបកាយឯកឧត្តម កឹម សុខា ទៅវិញហើយ!»។

ក្រៅពីបានជូនដំណឹងតាមបណ្ដាញសង្គម ខាងលើ ក្នុងបទសម្ភាសន៍ខ្លី ជាមួយ“នគរធំ” នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ លោកស្រីមេធាវី ម៉េង សុភារី បានបញ្ជាក់ថា ការផ្តល់ឱកាសឲ្យលោក កឹម សុខា បានជួបអ្នកម្តាយ តាមការស្នើសុំ ក្នុងស្ថានភាពនេះ គឺចាត់ទុកជាគុណធម៌មួយ របស់អ្នកអនុវត្តច្បាប់ ហើយសង្ឃឹមថា គុណធម៌ដែលតំណាងអយ្យការ និងថ្នាក់ដឹកនាំ បានធ្វើនៅពេលនេះ នឹងបន្តធ្វើទៀត មិនឲ្យសាបសូន្យ ។

លោកស្រី ម៉េង សុភារី បានមានប្រសាសន៍ថា “ការផ្តល់ឱកាសឲ្យឯកឧត្តម កឹម សុខា បានជួបអ្នកម្តាយ តាមការស្នើសុំ ក្នុងស្ថានភាពនេះ គឺចាត់ទុកជាគុណធម៌មួយ របស់អ្នកអនុវត្តច្បាប់ ហើយអ្នកអនុវត្តច្បាប់ ក៏គួរអនុញ្ញាតដូចគ្នានេះ ចំពោះអ្នកផ្សេង ជាពិសេសអ្នកនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ជាដើម ដែលជាប់ឃុំ គ្មានសេរីភាព។ ហើយយើងខ្ញុំសង្ឃឹមថា គុណធម៌ដែលតំណាងអយ្យការ និងថ្នាក់ដឹកនាំ បានធ្វើនៅពេលនេះ នឹងបន្តធ្វើទៀត មិនឲ្យសាបសូន្យ“ ។

សម្រាប់អ្នកនយោបាយ ក្រៅពីបានចូលរួមត្រេកអរជាមួយលោកកឹម សុខា ដែលត្រូវបានតុលាការ អនុញ្ញាតឲ្យជួបម្ដាយ ក៏បានធ្វើការកត់សម្គាល់នូវសម្ដីរបស់លោកកឹម សុខា មួយចំណុច នៅពេលនោះទៀត គឺលោកកឹម សុខា បាននិយាយប្រាប់ម្ដាយថា «កូនមិនដែលបៀតបៀនអ្នកណា ដូច្នេះអ្នកណាដែលបៀតបៀនកូន អ្នកហ្នឹងទទួលកម្មរបស់គេចុះ!» ។

លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាអនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលជាអតីតសហការីលោក កឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា ការលើកឡើងរបស់លោក កឹម សុខា ប្រៀបធៀបទៅនឹងរឿងកម្មផល គឺទី១ គាត់ចង់មានន័យថា គាត់មិនក្បត់ជាតិ មិនដែលបម្រើបរទេស បំផ្លាញខ្មែរឡើយ គឺក្នុងមួយជាតិនេះ គាត់ធ្វើល្អចំពោះមនុស្សនៅជុំវិញខ្លួន និងធ្វើពលិកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិខ្មែរ តែមួយគត់។ ទី២. គាត់ឈឺចាប់ជាមួយផ្លូវច្បាប់ មិនផ្តល់ភាពយុត្តិធម៌ដល់រូបគាត់ ដូច្នេះគាត់មានតែងាកទៅផ្លូវព្រះធម៌ ចង់សំដៅទៅលើអ្នកដែលប្រឌិតរឿងមួលបង្កាច់គាត់ ដោយអយុត្តិធម៌ ថា “អំពើបាបកម្មនេះ នឹងធ្លាក់ទៅខ្លួនអ្នកវិញ គ្រួសារអ្នកវិញ ជាក់ជាមិនខាន” ។

លោក សួន សូរីដា បានមានប្រសាសន៍ថា “រឿងម្តាយលោកប្រធាន កឹម សុខា ឈឺធ្ងន់ដល់ដំណាក់ចុងក្រោយនៃដង្ហើមរបស់គាត់ ហើយលោក កឹម សុខា ត្រូវបានអនុញ្ញាតពីតុលាការ ឱ្យលោកបានជួបមុខចុងក្រោយ ក៏អាចបញ្ជាក់ពីគុណធម៌នៃផ្លូវច្បាប់ផង និងពីប្រមុខរដ្ឋាភិបាល ផងដែរ ។ ទោះបីរឿងនេះ ក៏ហាក់ដូចមានផុលផុសពីមហាជនខ្មែរ ក្នុងការលើកជាយោបល់ព្រោងព្រាត លើសង្គមហ្វេសប៊ុក ដោយម្នាក់ៗ សម្ដែងការសង្វេគ អាណោចអាធ័ម ឈឺចាប់ក្នុងទិដ្ឋភាពដែលកូនជាប់គុក យ៉ាងអយុត្តិធម៌ ហើយដង្ហោយស្រែហៅម្តាយ «ម៉ែ! ខ្ញុំខា ណាម៉ែ! សូមម៉ែបើកភ្នែកមកកូន សូមម៉ែរង់ចាំកូនណាម៉ែ កូនកំពុងសុំគេ ទៅមើលម៉ែហើយ ចាំកូនណាម៉ែ…»។ ចង់មិនចង់ ប្រសិនបើតុលាការ និងរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាត នោះអាចបង្កកំហឹងពីមហាជនខ្មែរ ដែលពលរដ្ឋខ្មែរ មើលឃើញថា «នរណាធ្វើឱ្យបែកបាក់ជាតិ ក្នុងស្ថានភាពនៃការរំលោភឈ្លានពានពីយោធាសៀម»។ នៅពេលលោកប្រធាន កឹម សុខា បានជួបភក្រ្តម្តាយ ជាទីគោរពស្រឡាញ់ លោកបានស្ទុះទៅឱបម្តាយ រួចរ៉ាយរ៉ាប់សាទុក្ខជាច្រើន ក្នុងនោះ ពាក្យមួយឃ្លា លោកបានលើកឡើងថា «កូនមិនដែលបៀតបៀននរណាទេ កុំថាមនុស្ស សូម្បីសត្វ ក៏កូនមិនដែលបៀតបៀនម្តងឡើយ កូនតែងតែស្តាប់ម្តាយទូន្មានប្រដៅ ស្តាប់ឱវាទធម៌ព្រះពុទ្ធ ជាប់ជានិច្ច ដូច្នេះអ្នកណាបៀតបៀនកូន អ្នកហ្នឹងទទួលកម្មផលរបស់គេចុះ»។ ប្រសាសន៍របស់លោក មានន័យ២ ៖ ១. ចង់ស្រែកប្រាប់លោកា ឱ្យដឹងថា គាត់មិនក្បត់ជាតិទេ គាត់មិនដែលបម្រើបរទេស បំផ្លាញខ្មែរឡើយ ក្នុង១ជាតិរបស់លោក ធ្វើល្អចំពោះមនុស្សដែលនៅជុំវិញខ្លួន ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិខ្មែរ តែមួយគត់។ ការចោទចាប់គាត់ គឺជាការចោទប្រឌិតរឿង មួលបង្កាច់គាត់ ដោយអយុត្តិធម៌។ ២. គាត់ឈឺចាប់ណាស់ ងាកទៅផ្លូវច្បាប់ មិនផ្តល់ភាពយុត្តិធម៌ដល់រូបខ្លួន ដូច្នេះលោកមានតែងាកទៅផ្លូវព្រះធម៌ «អ្នកសាងអំពើអាក្រក់ អ្នកនោះនឹងទទួលផលកម្មដែលគេបានសាង»។ ដូច្នេះលោកចង់សំដៅទៅលើអ្នកដែលប្រឌិតរឿង មួលបង្កាច់លោក ដោយអយុត្តិធម៌ ថា «អំពើបាបកម្មនេះ នឹងធ្លាក់ទៅខ្លួនអ្នកវិញ គ្រួសារអ្នកវិញ ជាក់ជាមិនខាន“ ។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ជាអតីតសហការីជំនិតរបស់លោក កឹម សុខា ដែលបានទៅដល់លំនៅឋាននោះដែរ ហើយឃើញពិធីសូត្រធម៌ ត្រូវបានធ្វើជាលក្ខណៈគ្រួសារឯកជន ដោយមានការហាមប្រាមនិងរឹតបន្តឹងសន្តិសុខ ពីសំណាក់កងកម្លាំងសមត្ថកិច្ចនគរបាលនោះ បានរំលឹកឡើងវិញ ពីទ្រឹស្ដីរបស់លោក ណេលសុន ម៉ាន់ដេឡា (Nelson Mandela) អតីតប្រធានាធិបតីអាហ្រ្វិកខាងត្បូង ថា ជាអ្នកដឹកនាំ មិនសងសឹក និងបានចង្អុលបង្ហាញជាទស្សនទាន «ប្រសិនបើអ្នកចង់សាងសន្តិភាពជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ នោះសត្រូវទាំងឡាយ នឹងក្លាយជាមិត្តដ៏ល្អរបស់អ្នក» ។ ក្នុងន័យនេះ  លោកធ្វើការកត់សម្គាល់ថា ករណីលោក កឹម សុខា បានជួបម្ដាយ ១ម៉ោង បង្ហាញឲ្យឃើញពីដំណើរឆ្ពោះទៅរកការបង្រួបបង្រួម ផ្សះផ្សា និងឯកភាពជាតិ ក្នុងផ្លូវនយោបាយ ។

លោក មាជ សុវណ្ណារ៉ា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា «ធម៌អភ័យទាន នាំទៅរកការអត់ឱន សន្ដោសប្រណី យោគយល់ និងអធ្យាស្រ័យ ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួម ផ្សះផ្សា និងឯកភាពជាតិ មិនមានការបែកបាក់ មិនមានការឈឺចាប់ និងមិនរងការប្រមាថ សម្រាប់ប្រទេស និងមនុស្សជាតិ! ការចងចាំនៃការអានសៀវភៅរបស់ខ្ញុំ កាលនៅជាអតីតអ្នកទោសនយោបាយ ខ្ញុំបានចាប់អារម្មណ៍លោក Nelson Mandela អតីតអ្នកទោសនយោបាយ ២៧ឆ្នាំ និងជាអតីតប្រធានាធិបតី អាហ្រ្វិកខាងត្បូង គឺជាអ្នកដឹកនាំមិនសងសឹក ក្នុងទ្រឹស្តីដែលគាត់បានចង្អុលបង្ហាញជាទស្សនទាន «ប្រសិនបើអ្នកចង់សាងសន្តិភាពជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ នោះសត្រូវទាំងឡាយ នឹងក្លាយជាមិត្តដ៏ល្អរបស់អ្នក» ខណៈលោកមានកេរ្តិ៍ឈ្មោះនិងកិត្តិស័ព្ទល្បីល្បាញនៅលើពិភពលោក ដោយលោកត្រូវបានប្រជាពលរដ្ឋអាហ្វ្រិក ដាក់រហស្សនាមថា ជា«វីរបុរសនៃសន្តិភាព» ។ ខ្ញុំសូមរម្លឹក ១១ឃ្លា ខាងក្រោមនេះ ដែលជាកម្រងទស្សនៈល្អៗ និងមានគុណតម្លៃ កាលលោកនៅមានជីវិត និងត្រូវបានគេអនុវត្ត និងនិយាយតៗគ្នា រហូតដល់មកដល់បច្ចុប្បន្ននេះ ៖

១. ប្រទេសជាតិមួយ មិនអាចអភិវឌ្ឍនិងរីកចម្រើនបានឡើយ បើសិនប្រជាជនទាំងនោះ គ្មានចំណេះដឹង។

២. មេដឹកនាំពិតប្រាកដ គឺប្រើគ្រប់មធ្យោបាយទាំងអស់ ទោះបីមធ្យោបាយ ឬចំណុចទាំងនោះធ្ងន់ធ្ងរ ឬក៏រសើបយ៉ាងណាក្ដី ប៉ុន្តែអ្វីដែលសំខាន់បំផុត អ្នកដឹកនាំ ត្រូវចេះពិភាក្សា និងរួបរួមគ្នាជានិច្ច នោះអ្នកដឹកនាំទាំងអស់ នឹងកាន់តែខ្លាំង និងមានប្រសិទ្ធភាព។

៣. អ្នកដែលធ្វើអ្វីៗដោយឈរលើគោលការណ៍សីលធម៌ គុណធម៌ ស្មោះត្រង់ និងតក្កវិជ្ជា ជាបុគ្គលដែលគ្មានភាពភ័យខ្លាចពីអំណាចអមនុស្សធម៌ និងអំពើឃោរឃៅឡើយ។

៤. រឿងដ៏សំខាន់នៅក្នុងជីវិត មិនមែនត្រឹមតែការដកដង្ហើម និងមានជីវិតរស់ប៉ុណ្ណោះទេ តែអំពើល្អ នឹងផ្លាស់ប្ដូរជីវិតអ្នកឱ្យប្រសើរឡើង នោះទើបជីវិតមានន័យ។

៥. មនុស្សម្នាក់ៗ សុទ្ធតែអាចឈរនៅទីខ្ពស់ ហើយអាចចេញពីការលំបាក និងទទួលជោគជ័យបាន លុះត្រាតែពួកគេមានការតាំងចិត្តខ្ពស់ និងធ្វើអ្វីៗដែលខ្លួនចង់បាន។

៦. មេដឹកនាំដ៏ពិតប្រាកដ គឺជាអ្នកដែលបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ក្ដីសុខខ្លួនគ្រប់យ៉ាង ដើម្បីសេរីភាពរបស់ប្រជាពលរដ្ឋ ។

៧. ការអប់រំដ៏ត្រឹមត្រូវ គឺជាអាវុធដ៏មុតស្រួចបំផុត ដែលអាចផ្លាស់ប្ដូរពិភពលោកបាន។

៨. យើងអាចអត់ឱនបាន ប៉ុន្តែមិនអាចបំភ្លេចចោលឡើយ។

៩. ប្រសិនបើអ្នកចង់សាងសន្តិភាពជាមួយនឹងសត្រូវ អ្នកត្រូវតែធ្វើការជាមួយពួកគេ នោះសត្រូវទាំងឡាយ នឹងក្លាយជាមិត្តដ៏ល្អរបស់អ្នក។

១០. បុគ្គលឈ្នះ គឺជាបុគ្គលដែលមិនព្រមបោះបង់ក្ដីសុបិនរបស់ខ្លួនចោលឡើយ។

១១. សម្រស់ដ៏អស្ចារ្យនៃជីវិត គឺមិនស្ថិតនៅត្រង់អ្នកមិនធ្លាប់បរាជ័យឡើយ តែស្ថិតនៅត្រង់ថា អ្នកបរាជ័យហើយ គឺចេះក្រោកឈរឡើងវិញ។

គួរជម្រាបថា លោក នេលសុន មេនដេឡា កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩១៨។ លោកបានទទួលមរណភាព នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ ដោយសារជំងឺមហារីកសួត“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា និយាយទៅ អ្វីដែលព្រះរាជអាជ្ញា តាមរយៈអយ្យការ អនុញ្ញាតឲ្យលោកកឹម សុខា ទៅមើលម្តាយ នៃជីវិតចុងក្រោយ វាជាគុណធម៌មួយ នៅក្នុងច្បាប់ ដែលមានន័យថា ច្បាប់ មិនយោគយល់មែន ប៉ុន្តែច្បាប់ ក៏មានក្រមសីលធម៌មួយ សម្រាប់មនោសញ្ចេតនារវាងកូន និងម្ដាយ ។ ម្យ៉ាងទៀត វាជារឿងមួយដែលអ្នកនយោបាយ ត្រូវតែមានការរផ្សះផ្សា ឯកភាពជាតិ យោគយល់អធ្យាស្រ័យ សន្តោស អភ័យទានឲ្យគ្នា ដើម្បីជាគំរូមួយ កុំសងសឹកគ្នា ព្រោះវាជាការប្រកួតប្រជែង គំនុំបែបហេតុផលនយោបាយ វាមិនជារឿងព្រហ្មទណ្ឌ ឧក្រិដ្ឋកម្ម ក្បត់ជាតិ លក់ទឹកដីនោះទេ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា នេះវាជាគុណធម៌នៅក្នុងច្បាប់  ច្បាប់ វាជារឿងច្បាប់ហើយ តែច្បាប់ សម្រាប់ដាក់ទោសពៃរ៍ដល់អ្វីការជាប់ចោទប្រកាន់ ជាការកាត់ទោសទៅលើឧក្រិដ្ឋជន ទៅលើបញ្ហាអីផ្សេង អាហ្នឹងវាជារឿងមួយ ប៉ុន្តែនេះករណីលោក កឹម សុខា វាជាហេតុផលនយោបាយ អតីតប្រធានគណបក្សសង្រ្គោះជាតិ ដ៏លេចធ្លោមួយ ប្រដមប្រសងជាមួយបក្សកាន់អំណាច តាំងតែពីការរួបរួមអ្នកប្រជាធិបតេយ្យ រវាងបក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្ស មក ។ អ៊ីចឹងយើងឃើញថា ហេតុផលនៃការកាត់ទោសលោក កឹម សុខា ទៅជាគប់គិតជាមួយនឹងជនបរទេស រដ្ឋបរទេស ហើយក្បត់ជាតិ ក្បត់អី វាមិនមែនត្រូវទំនង ដែលថាទៅលក់ទឹកលក់ដី កាប់ព្រៃឈើ ឬក៏បទឧក្រិដ្ឋសម្លាប់មនុស្សអីទេ ។ អ៊ីចឹងវាជាការកាត់ទោសហេតុផលនយោបាយ កាត់ទោសទៅដល់ ២៧ឆ្នាំ ហើយអ្វីដែលព្រះរាជអាជ្ញា តាមរយៈអយ្យការហ្នឹង គឺអនុញ្ញាតឲ្យអតីតប្រធានគណបក្សសង្គ្រោះជាតិ ទៅមើលម្តាយ នៃជីវិតចុងក្រោយ វាជាគុណធម៌មួយ នៅក្នុងច្បាប់ ច្បាប់ មិនយោគយល់មែន ប៉ុន្តែច្បាប់ ក៏មានក្រមសីលធម៌មួយ សម្រាប់មនោសញ្ចេតនារវាងកូននិងឪពុកម្ដាយ ប្ដីប្រពន្ធ មានករណីដូចជា យើងឃើញហើយថា មួយជីវិតមនុស្ស តែស្លាប់ហើយ គឺសូន្យសុងហើយ គ្មានថ្ងៃវិលវិញទេ“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងនេះជាគុណធម៌នៅក្នុងច្បាប់ទម្លាប់មួយ ដែលមានសុចរិតភាព តម្លាភាព ក្នុងបែបណា ដើម្បីបង្ហាញនៅក្នុងច្បាប់ប្រពៃណី សាសនា ហើយការព្រាត់ប្រាសនិរាសគ្នា ជំងឺដែលយើងមើលមិនឃើញ កើត ចាស់ ឈឺ ស្លាប់ អីហ្នឹង គឺថាវាជានាទីចុងក្រោយ លុះអវសាននៃជីវិត ដែលកូន មានទោសនៅក្នុងហេតុផលនយោបាយ ហើយមិនបានជួបមុខម្ដាយមក វាសឹងតែជិតដប់ឆ្នាំហើយ ហើយនេះជាដង្ហើមចុងក្រោយ ដែលម្ដាយ មានព្រះជន្មទៅដល់ ១០០ឆ្នាំ ។ អ៊ីចឹងព្រះរាជអាជ្ញា អនុញ្ញាតឲ្យ វាជារឿងមួយដែលយើងឃើញថា អ្នកនយោបាយ យើងត្រូវតែមានការរផ្សះផ្សា ឯកភាពជាតិ យោគយល់អធ្យាស្រ័យ សន្តោស អភ័យទានឲ្យគ្នា ។ អ៊ីចឹងខ្ញុំមើលឃើញថា នេះជាគំរូមួយ ដែលយើងកុំសងសឹកគ្នា ព្រោះវាជាការប្រកួតប្រជែង គំនុំបែបហេតុផលនយោបាយ វាមិនជារឿងព្រហ្មទណ្ឌ ឧក្រិដ្ឋ ឃាតកម្ម ឃាតករ សម្លាប់ ឬក៏ក្បត់ជាតិ លក់ទឹកលក់ដីណាទេ ។ អ៊ីចឹងខ្ញុំមើលឃើញថា នេះជាអ្វីដែលតុលាការបានអនុញ្ញាតឲ្យគាត់ទៅជួបម្ដាយគាត់ នៅថ្ងៃនេះ“ ។

គួររំលឹកថា លោក កឹម សុខា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស»។ ទោះជាយ៉ាងនេះក្តី ចៅក្រម បានសម្រេចដាក់លោក កឹម សុខា ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយអនុញ្ញាតឲ្យលោកនៅក្នុងផ្ទះ ជាមួយនឹងការដកហូតសិទ្ធិមួយចំនួន ។

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងលោក កឹម សុខា ទុកជាបានការដដែល ព្រមទាំងផ្តន្ទាទោសបន្ថែម ដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេស រយៈពេល៥ឆ្នាំ។

តាមសាលដីកា របស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានវិនិច្ឆ័យដូចខាងក្រោម ៖

-ទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៍ លេខ៣៤៥ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ របស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទុកជាត្រឹមត្រូវតាមទម្រង់និងគតិច្បាប់។

– ទទួលសេចក្តីចម្លងបណ្ដឹងឧទ្ធរណ៏ លេខ៣៤៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ របស់ជនជាប់ចោទឈ្មោះ កឹម សុខា ទុកជាត្រឹមត្រូវតាមទម្រង់ច្បាប់ តែបដិសេធចោល ដោយទាស់នឹងគតិច្បាប់។

– តម្កល់សាលក្រមព្រហ្មទណ្ឌ លេខ១៨២ «ម”ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការទាំងមូល និងផ្តន្ទាទោសបន្ថែម នូវទោសបន្ថែម លើជនជាប់ចោទ ឈ្មោះ កឹម សុខា ដោយហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ៥(ប្រាំ) ឆ្នាំ តាមបញ្ញត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

-សាលដីកានេះ ជំនុំជម្រះជាសាធារណៈនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងថ្ងៃបន្តបន្ទាប់ ចំពោះមុខជនជាប់ចោទឈ្មោះ កឹម សុខា ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី និងប្រកាសជាសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ក្រោយការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ដូចខាងលើនេះ មកដល់ពេលនេះ បើតាមការបញ្ជាក់របស់សហមេធាវី លោក កឹម សុខា មិនទាន់សម្រេចប្ដឹងទៅតុលាការកំពូលនៅឡើយទេ។ ប៉ុន្តែអ្វីសំខាន់ លោកកំពុងបារម្ភពីស្ថានភាពជំងឺម្ដាយជរារបស់លោក ទើបលោកស្នើសុំតុលាការ ទៅជួបម្ដាយរបស់លោក ដែលលោកគិតថា ជាពេលវេលាដ៏សំខាន់នឹងមានតម្លៃបំផុត ដែលលោកត្រូវតែជួបម្ដាយ ឲ្យបានច្រើន ក្នុងនាទីចុងក្រោយរបស់គាត់ ៕ កុលបុត្រ

RELATED ARTICLES