Thursday, August 28, 2025
Homeព័ត៌មានជាតិមិត្តភក្តិឯងសោះ រៀបល្បិចមនោសញ្ចេតនា ស៊ីដាច់លុយមិនចេះតិច

មិត្តភក្តិឯងសោះ រៀបល្បិចមនោសញ្ចេតនា ស៊ីដាច់លុយមិនចេះតិច

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ ក្នុងចំណោមបក្ខពួក២នាក់បានរៀបគម្រោងប្រើកលល្បិចមនោសញ្ចេតនាបោកប្រាស់លុយមិត្តភក្តិស្រីដូចគ្នា អស់លុយ១ម៉ឺនដុល្លារ តាមរយៈការខ្ចីលុយជាបន្តបន្ទាប់ ក្រោមហេតុផលថា ឪពុករបស់មិត្តភក្តិប្រុសម្នាក់ទៀតដែលបានណែនាំឱ្យស្គាល់តាមរយៈហ្វេសប៊ុក ឈឺធ្ងន់ ហើយខ្ចីលុយជាបន្តបន្ទាប់សរុប១ម៉ឺនដុល្លារ ហើយមិនសង ចុងក្រោយប្តឹងសមត្ថកិច្ចតាម ចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ទម្រាំតែស្រាវជ្រាវចាប់ខ្លួននារីសង្ស័យខាងលើនេះបាន សមត្ថកិច្ចប្រើប្រាស់រយៈពេលមួយរយៈខ្លី ពោលគឺចាប់ខ្លួនបាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំ រលាំងកែន ស្រុកកណ្តាលស្ទឹង ដោយកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាល។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះស៊ុម តូច ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង។ ចំណែកជនសង្ស័យមានគ្នាចំនួន២នាក់ តែចាប់បានម្នាក់ ឈ្មោះផន ណារី ភេទស្រី អាយុ២៤ឆ្នាំ មានលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះផន ណារី ឈ្មោះ Phan Nha ។ និងម្នាក់ទៀតឈ្មោះផាត់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ប្រើគណនីហ្វេសប៊ុកឈ្មោះរដ្ឋ ថា (កំពុងរត់គេចខ្លួន)។

ប្រភពដដែលបានរៀបរាប់ពីដំណើររឿងថា កាលពីថ្ងៃ (មិនចាំ) អំឡុងឆ្នាំ២០២០ ឈ្មោះផន ណារី ភេទស្រី អាយុ២២ឆ្នាំ (ប្រើអាខោនហ្វេសប៊ុកឈ្មោះផន ណារី) ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានណែនាំឱ្យជនរងគ្រោះស្គាល់បុរសម្នាក់ដែលប្រើប្រាស់អាខោនហ្វេសប៊ុក ឈ្មោះរដ្ឋ ថា។

បន្ទាប់ពីជនរងគ្រោះបានឆាតទំនាក់ទំនងជាមួយអាខោនហ្វេសប៊ុកឈ្មោះរដ្ឋ ថា បានមួយរយៈ ក្រោយមកឈ្មោះផន ណារី បានប្រាប់ជនរងគ្រោះថា ឪពុករបស់ឈ្មោះរដ្ឋ ថា ឈឺធ្ងន់ ហើយត្រូវការលុយ ហើយឈ្មោះផន ណារី ថា “បងឯងផ្ញើលុយឱ្យគាត់ទៅ ព្រោះខ្ញុំស្គាល់ឈ្មោះរដ្ឋ ថា ច្បាស់ណាស់!”។

ប្រភពរៀបរាប់បន្តថា ឈ្មោះផន ណាវី បានខលប្រាប់ជនរងគ្រោះថា ស្គាល់កន្លែងធ្វើការ និងក្រុមគ្រួសាររបស់ឈ្មោះរដ្ឋ ថា ច្បាស់ណាស់ និងមានមុខងារជាទាហានថែមទៀត។ ឈ្មោះ រដ្ឋ ថា បានឆាតជាអក្សរមក Facebook Messenger របស់ជនរងគ្រោះ ដើម្បីខ្ចីលុយចំនួន១ពាន់ដុល្លារ ហើយឈ្មោះ រដ្ឋ ថា បានប្រាប់ជនរងគ្រោះថា ឪពុកគាត់ឈឺធ្ងន់ ហើយឱ្យជនរងគ្រោះវេរលុយតាមវីងទៅលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣។ ជនរងគ្រោះក៏ចាប់ផ្តើមផ្ញើលុយជាបន្តបន្ទាប់តាមលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែល ចំនួន២១លើក ដោយវេរតាមវីងចំនួន១៧លើក តាមទ្រូម៉ានី ៤លើក សរុបទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។

ប្រភពដដែលបញ្ជាក់ថា ស្រាប់តែថ្ងៃមួយ ឈ្មោះផន ណារី បានខលមកជនរងគ្រោះថា ឱ្យដុតក្រដាសផ្ញើលុយទាំងអស់នោះចោលទៅ ហើយឈ្មោះផន ណាវី បានមកដល់ផ្ទះជនរងគ្រោះ ហើយសុំមើលក្រដាសវីង (ផ្ញើ លុយ) ប៉ុន្តែជនរងគ្រោះមិនឱ្យ ពេលនោះ ឈ្មោះផន ណារី បានគំរាមថា បើឪពុកម្តាយជនរងគ្រោះដឹងរឿងទាំងអស់នេះ គាត់នឹងឈឺស្លាប់។

ដោយមានការសង្ស័យ ជនរងគ្រោះក៏បានហៅឈ្មោះផន ណារី ឱ្យជូនទៅជួបឈ្មោះ រដ្ឋ ថា តែឈ្មោះផន ណារី មិនព្រមជូនជនរងគ្រោះទៅនោះទេ ហើយស្រីជើងល្អផន ណារី ក៏គេចខ្លួនបាត់ ចាប់តាំងពីពេលដែលជនរងគ្រោះឱ្យជូនទៅជួបបុរសឈ្មោះរដ្ឋ ថា នោះតែម្តង។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់នារីឈ្មោះផន ណារី បានឱ្យដឹងថា នាងពិតជាបានសមគំនិតគ្នាជាមួយអាខោនហ្វេសប៊ុក ឈ្មោះរដ្ឋ ថា បោកលុយពីជនរងគ្រោះអស់ចំនួន១ម៉ឺនដុល្លារ ប្រាកដមែន។

ចំពោះករណីនេះ ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES