Thursday, August 28, 2025
Homeព័ត៌មានជាតិមាន សូនីតា ថាក្តីសុខពិតប្រាកដ គឺបានធ្វើអ្វីដែលខ្លួនចង់ធ្វើ

មាន សូនីតា ថាក្តីសុខពិតប្រាកដ គឺបានធ្វើអ្វីដែលខ្លួនចង់ធ្វើ

ភ្នំពេញ ៖ តារាសម្តែងរូបស្រស់ផូរផង់ ល្បីឈ្មោះជារាជិនីក្រមា កញ្ញាមាន សូនីតា បានលើកឡើងថា ក្តីសុខពិតប្រាកដ គឺការបានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ បានទៅកន្លែងដែលខ្លួនឯងចង់ទៅ បាននៅជាមួយមនុស្សដែលខ្លួនឯងចង់ទៅនៅជាមួយ។

កញ្ញា មាន សូនីតា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង​ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ថា «កុំដាក់ទុក្ខលើខ្លួនឯង កុំញញឹមដើម្បីអ្នកដទៃ… ក្តីសុខពិតប្រាកដ គឺការបានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ បានទៅកន្លែងដែលខ្លួនឯងចង់ទៅ បាននៅជាមួយមនុស្សដែលខ្លួនឯងចង់នៅជាមួយ ហើយជាក្តីសុខដែលបានមកសម្រាប់ទុកខ្លួនឯង មិនមែនបានមកសម្រាប់តែឲ្យអ្នកដទៃ»។

កញ្ញា មាន សូនីតា បានលើកឡើងបន្ថែមថា «យើងត្រូវរស់នៅក្នុងភាពជាខ្លួនឯង កុំព្យាយាមធ្វើឱ្យបេះដូងរបស់យើងរងរបួសទៀតអី ! ក្តីសុខពិតប្រាកដ គឺការបានធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ បានទៅកន្លែងដែលខ្លួនឯងចង់ទៅ ហើយជាក្តីសុខដែលបានមកសម្រាប់ទុកខ្លួនឯង មិនមែនបានមកសម្រាប់តែឲ្យអ្នកដទៃ ព្រោះគេមិនសំខាន់ដល់ថ្នាក់ហ្នឹងទេ…។រីករាយជាមួយខ្លួនឯងឱ្យគ្រប់គ្រាន់សិន យើងនឹងដឹងថា គ្មានអ្នកណាអាចធ្វើឱ្យយើងឈឺចាប់បានម្ដងទៀតឡើយ…»។

តារាស្រីដដែល បានសរសេរបន្ថែមថា «មនុស្សគ្រប់គ្នាគឺស្អាត ឲ្យតែគំនិតគិតស្អាត ទោះថារូបកាយយើងមានមនុស្សដទៃវាយតម្លៃថាមិនស្អាត តែយើងនៅតែស្អាតជានិច្ច គឺស្អាតតាមគំនិតដែលយើងមាន…។ យើងមានសិទ្ធិពេញចិត្តលើសំបកកាយរបស់យើង ទោះសំបកកាយនោះមិនល្អ ត្រូវចិត្តចង់បានក៏ដោយ តែវាជារូបពិតរបស់យើង ហេតុអ្វីយើងត្រូវខ្មាសព្រោះតែសម្តីរបស់គេទាំងនោះ? ចាំថា យើងរស់ក្នុងជីវិតយើង! ត្រូវផ្គាប់ចិត្តខ្លួនឯង កុំរស់ផ្គាប់ចិត្តអ្នកដទៃ រស់បែបនេះ គ្មានក្ដីសុខឡើយ…»។

កញ្ញា មាន សូនីតា បន្ថែមទៀតថា «ពេលខ្លះ យើងបានជួបមនុស្សដែលយើងស្រលាញ់ មនុស្សដែលយើងពេញចិត្ត មនុស្សដែលយើងគិតថា ចង់រួមដំណើរជីវិតជាមួយនឹងគេហើយ… ប៉ុន្ដែគ្រប់យ៉ាងមិនដូចការគិត! ព្រោះអ្នកដែលចូលមកក្នុងជីវិតរបស់យើង គេគ្រាន់តែស្រលាញ់ តែគេមិនបានតាមការគិតដូចជាយើង…»។

ជុំវិញការលើកឡើងខាងលើនេះ​ «នគរធំ» មិនអាចសុំយោបល់បន្ថែមពីតារាស្រីរូបស្រស់ មាន សូនីតា បានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា តាមការកត់សម្គាល់​ តាំងពីមុនមកក៏ដូចបច្ចុប្បន្ន កញ្ញា មាន សូនីតា  តែងប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់នាង បែបសុទិដ្ឋនិយម ដូចទស្សន:ដែលនាងបានលើកឡើងខាងលើ ពោលគឺនាងតែងធ្វើនូវអ្វីដែលខ្លួននាងចង់ធ្វើ ទៅកន្លែងដែលខ្លួននាងចង់ទៅ រីករាយជាមួយខ្លួនឯង​គ្រប់ពេល ធ្វើឲ្យជីវិតរបស់នាង មើលទៅពោរពេញទៅដោយសេចក្តីសុខ៕

RELATED ARTICLES