ដោយមានការបញ្ជាផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យលោកវ៉ា គឹមហុង ទៅសួរប្រជាពលរដ្ឋដែលបានអះអាងថា បាត់បង់ដីទៅវៀតណាម នៅថ្ងៃនេះ លោកវ៉ា គឹមហុង និងមន្ត្រីជាច្រើនរូប អមដំណើរជាមួយឯកឧត្តម ពេជ្រ ស្រស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ និងជាប្រធានគណបក្សខ្មែរក្រោក បានចុះទៅពិនិត្យ និងសួរប្រជាពលរដ្ឋ តែលទ្ធផល ប្រជាពលរដ្ឋទាំងនោះសុទ្ធតែឆ្លើយថា មិនបានបាត់បង់ដីទៅវៀតណាមនោះទេ។

លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហោះសារថា “ថ្ងៃនេះ (5/9/20) ខ្ញុំបានរួមដំណើរជាមួយឯឧ. វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចុះទៅជួបបងប្អូន ពលរដ្ឋនៅភូមិត្រពាំងថ្លុង នៅជិតទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីចង់បញ្ជាក់ឲ្យច្បាស់ថា តើបន្ទាប់ពីយើងខ្ញុំបោះបង្គោលព្រំដែនរួចនៅតំបន់នោះ មានបាត់ដីទៅវៀតណាមដូចការលើក ឡើងរបស់ជនអគតិដែរឬទេ???

គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ អ្វីដែលគាត់ចូលរួមជាមួយពួកអគតិកន្លងទៅ ដោយ សារពួកគេបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជាទទួល បានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះ ឲ្យពួកគាត់បានអាស្រ័យផលទៅថ្ងៃមុខតែប៉ុណ្ណោះ។ ការពិតត្រូវបានលាតត្រដាងបន្ថែមទៀត”៕




