Thursday, August 28, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ស្វាមីហួងហែងមិនឲ្យចេញក្រៅ

ឱក សុគន្ធកញ្ញា ស្វាមីហួងហែងមិនឲ្យចេញក្រៅ

ប្អូនថ្លៃលោកថៅកែហង្សមាស តារាចម្រៀងឱក សុគន្ធកញ្ញា បានវិលរកឆាកតន្ត្រីវិញ ជាង៦ខែទៅហើយ ក្រោយសម្រាលកូន ខណៈដែលពេលនេះអំណាចនិងឥទ្ធិពលរបស់នាងនៅហង្សមាស ត្រូវបានគេចាត់ទុកថា ដូចជាថៅកែ ឬ ម្ចាស់ផលិតកម្មមួយនេះ។

ទោះជាយ៉ាងណា ក្រោយបានកូន១នេះ សុគន្ធកញ្ញា ត្រូវបានប្តីរបស់នាង លោកអ៊ឹង សុខលី ចងជើងកាន់តែខ្លាំង ពោលគឺគេមិនដែលឃើញនាងចេញច្រៀងសម្តែងនៅប៉ុស្តិ៍ណាផ្សេង ក្រៅពីកម្មវិធីរបស់ប្តីនាងជាអ្នកគ្រប់គ្រងឡើយ…។

បន្ទាប់ពីបានរឹងដៃរឹងជើង ក្រោយសម្រាលកូន ឱក សុគន្ធកញ្ញា ចេញច្រៀងសម្តែងលើឆាកតន្ត្រីវិញ ជាង៦ខែទៅហើយ ពោលគឺនាងកាន់ក្បាលមីក្រូវិញ តាំងពីខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកកាលពីខែតុលា ឆ្នាំ២០១៩ និងបានសម្រាលកូនថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។

យ៉ាងណា ក្រោយមានកូន១នេះ សុគន្ធកញ្ញា កាន់តែខុសទាំងស្រុងពីមុន ព្រោះពេលនេះនាងរាំច្រៀងតែនៅទូរទស្សន៍ហង្សមាស ដែលបណ្តាឆាកតន្ត្រីទាំងនោះ គ្រប់គ្រងនិងបញ្ជាផ្ទាល់ដោយស្វាមីរបស់នាងតែម្តង។

សុគន្ធកញ្ញា មិនដែលឡើងច្រៀងសម្តែងនៅស្ថានីយទូរទស្សន៍ណាផ្សេងៗទៀតឡើយ ដែលការលេចមុខតែនៅលើប៉ុស្តិ៍របស់បងថ្លៃរបស់ខ្លួននេះ ត្រូវបានគេសន្និដ្ឋានថា អាចមកពីប្តីនាងហួងហែង និងចងជើងភរិយារបស់លោកមិនឱ្យទៅច្រៀងនៅប៉ុស្តិ៍ផ្សេងទៀត ព្រោះថា នាងជាតារាចម្រៀងល្បីម្នាក់ ហេតុនេះហើយការមិនឡើងច្រៀងប៉ុស្តិ៍ផ្សេង ហើយច្រៀងតែកម្មវិធីប្តីបែបនេះ ធ្វើឱ្យទូរទស្សន៍មួយនេះកាន់តែមានប្រៀបក្នុងការដេញថ្លៃពាណិជ្ជកម្ម។

ប៉ុន្តែទស្សនិកជនជាច្រើននិយាយថា សុគន្ធកញ្ញា បើចេញមុខតែប៉ុស្តិ៍បងថ្លៃរបស់នាង ហើយលែងឡើងនៅប៉ុស្តិ៍ផ្សេងៗបែបនេះ នឹងធ្វើឱ្យនាងប្រឈមការសាំ ហើយអ្នកទស្សនាធុញជាមិនខានឡើយ។ ម៉្យាងទៀត ក្រោយរៀបការប្តី មកដល់ពេលនេះ មានរយៈពេល១ឆ្នាំ២ខែទៅហើយ ប៉ុន្តែសុគន្ធកញ្ញា នៅតែមិនទាន់មានបទចម្រៀងណាមួយផ្ទុះល្បីដូចមុនទៀតទេ ហេតុនេះហើយបានជាកេរ្តិ៍ឈ្មោះរបស់នាងពេលនេះស្ថិតក្នុងស្ថានភាពស្រពេចស្រពិលចំពោះតំណែងនាងនៅហង្សមាស ដែលអាចប្រឈមចុះខ្សោយបន្តិចម្តងៗនេះ។

ប៉ុន្តែស្វាមីរបស់សុគន្ធកញ្ញា លោកសុខលី បានរៀបជើងព្រួលរួចជាស្រេច តាំងពីមុនរៀបការម៉្លេះ នោះគឺប្រគល់តំណែងធំឱ្យនាងដល់ទៅ៤កម្មវិធីផ្សេងគ្នា ជាគណៈកម្មការ និងគ្រូបង្វឹក “The Voice Cambodia”  , “The Voice Kids Cambodia”  , “Cambodian idol” nig “X Factor Cambodia”។

គេថា តួនាទីទាំង៤ដែលនៅក្រោមការគ្រប់គ្រងរបស់ប្តីសុគន្ធកញ្ញា នេះ បើទោះជាសុគន្ធកញ្ញា លែងមានបទល្បីទៀត ក៏អាចជួយទប់លំនឹងនាងមិនឱ្យធ្លាក់យ៉ាងគំហុកពេកដែរ ហើយតាមបណ្តាកម្មវិធី ឬស្ពតធំ ដែលគេត្រូវការតារាហង្សមាស ណាមួយនោះ ច្បាស់ជាលោកសុខលី នឹងរុញឈ្មោះភរិយារបស់លោកឱ្យទៅមុនគេជាមិនខាន ដូចជា ថ្មីៗនេះ នាងបានធ្វើជាទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុនធំក្នុងស្រុក១ ជាដើម៕

RELATED ARTICLES