ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្តបាត់ដំបង ចុះសហការជាមួយនគរបាលជំនាញព្រហ្មទណ្ឌខេត្តពោធិ៍សាត់ អនុវត្តដីកាសាលាដំបូងខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនត្រូវចោទជាចោរប្លន់ម្នាក់ បន្ទាប់ពីធ្វើសកម្មភាព ហើយបានព្យាយាមរត់គេចខ្លួនមកពួនសម្ងំជាង១២ឆ្នាំមកនោះ។
ករណីកម្លាំងសមត្ថកិច្ចសហការចុះអនុវត្តដីកាខាងលើ ធ្វើឡើងវេលាម៉ោង៨និង០៦នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចអូររំចេក ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួល ផែនការងារព្រហ្មទណ្ឌ បានឱ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងដោយយោងដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៣៦៥,បទខ ចុះថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០០៩ ចេញដោយលោកអ៊ុំ ចាន់ថុល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ហើយជនត្រូវចោទមានឈ្មោះរឿន និមល ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី ស្នងការរងឱ្យដឹង បន្តថា ក្នុងដីកាសាលាដំបូងខេត្តបាត់ដំបង ដដែល បញ្ជាក់ថា ជនត្រូវចោទ រឿន និមល ជាប់ចោទពីបទប្លន់ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨ ស្ថិតនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងត្រូវបានចោទប្រកាន់តាមមាត្រា៦ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសក្នុងបទឧក្រិដ្ឋ ចុះថ្ងៃទី០៧ ខែមករា ឆ្នាំ២០០២។ ជនត្រូវចោទប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ហើយបានរត់គេចខ្លួនចេញពីមូលដ្ឋានបាត់រហូត ទើបតែចាប់ខ្លួនបាននៅពេលនេះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ចាត់ការបន្តកសាងឯកសារយកទៅ ឱ្យតុលាការផ្តន្ទាទោសតាមច្បាប់៕