Wednesday, August 27, 2025
Homeព័ត៌មានជាតិប្រុងអូសចេញក្រៅបាត់ទៅហើយ សន្តិសុខឃើញសកម្មភាពទាន់

ប្រុងអូសចេញក្រៅបាត់ទៅហើយ សន្តិសុខឃើញសកម្មភាពទាន់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ខណៈធ្វើ សកម្មភាពលួចម៉ូតូអ្នកដទៃ ត្រូវបានសន្តិសុខយាមម៉ូតូនៅស្តាតអូឡាំពិក ឃើញទាន់ចាប់ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចនគរបាលខណ្ឌ៧មករា យកទៅចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនក្នុងករណីលួចម៉ូតូខាងលើ មានឈ្មោះសៀន កុសល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៧៨៦ ផ្លូវលំ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយឡែក ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះហោ ច័ន្ទតារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ង៧០ ស្នាក់នៅផ្ទះលេខ៤០៤B ផ្លូវលេខ៨៧.RT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចដដែលបានឱ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ នៅកន្លែងផ្ញើម៉ូតូក្នុងស្តាតអូឡាំពិក ផ្លូវលេខ២១៧ ក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូឌុបមកស្តាត ដើម្បីហាត់ប្រាណ។ លុះពេលមកដល់ក៏បានចូលកន្លែងផ្ញើម៉ូតូ ហើយឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1CI-1416 ចូលមកកន្លែងផ្ញើម៉ូតូ ហើយពេលអ្នកទទួលបញ្ញើកឹបសំបុត្ររួច ជនរងគ្រោះក៏យកកន្ទុយសំបុត្រទៅទុកនៅក្រោមកែបម៉ូតូ ហើយដើរទៅហាត់ប្រាណបាត់ ឃើញដូច្នេះជនសង្ស័យបានចូលទៅធ្វើសកម្មភាពបង្ហើបកែបម៉ូតូលួចយកសំបុត្រ ហើយអូសយកម៉ូតូចេញមកក្រៅ តែត្រូវសន្តិសុខអ្នកយាមម៉ូតូឃើញពីសកម្មភាពរបស់ជនសង្ស័យ ក៏ចាប់ខ្លួនយកមកឱ្យសមត្ថកិច្ចតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ធាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកឯម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕

RELATED ARTICLES