ខេត្តសៀមរាប ៖ ទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែងដែលបានជ្រកលាក់ខ្លួនពួនក្រោមស្លាកកោសជប់ម៉ាស្សា ត្រូវបានកម្លាំងនគរបាលជំនាញឆ្មក់ចុះបង្ក្រាប ដោយរកឃើញសុទ្ធតែស្រោមអនាម័យ មានទាំងប្រើរួច និងមិនទាន់ប្រើជាមួយនេះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនថៅកែប្រុសម្នាក់ ព្រមទាំងរំដោះក្រុមនារីវ័យក្មេងជានារីបម្រើសេវាផ្លូវភេទ បានចំនួន៤នាក់ផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបហាងម៉ាស្សា បង្កប់សេវាផ្លូវភេទខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចហាងម៉ាស្សា យីហោស្រីពៅ មានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប បានឱ្យដឹងថា ករណីបង្ក្រាបការជួញដូរមនុស្សក្នុងហាងម៉ាស្សាស្រីពៅ នេះ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើកាករឃាត់ខ្លួនបុរសជាថៅកែហាងម៉ាស្សាម្នាក់ ព្រមទាំងរំដោះបានក្រុមនារីបម្រើសេវាផ្លូវភេទប្រចាំហាង បានចំនួ៤នាក់ផងដែរ ហើយក្នុងនោះ មានម្នាក់អាយុក្រោម១៦ឆ្នាំ។ ដោយឡែក វត្ថុតាងដែលសមត្ថកិច្ចរកឃើញ គឺមានស្រោមអនាម័យជាច្រើន រួមមានទាំងប្រើរួច និងមិនទាន់ប្រើ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះយិន ង៉ែត ត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ក្រោមបទចោទអំពើសញ្ចារកម្ម។ ចំណែកនារីបំរើសេវាផ្លូវភេទទាំង៤នាក់ ជាជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យមន្ទីរសង្គមកិច្ចដើម្បីអប់រំណែនាំ៕