សម្រាប់តារាស្រីស្អាតៗ ពួកគេមួយចំនួនបានថ្ងូរថា អយុត្តិធម៌ដែរ ព្រោះសុខៗបុរសដែលមានប្រពន្ធកូនទៅហើយនោះមកស្រលាញ់នាងៗមុន ហើយអ្នកដែលរងថ្មបាក់ គឺជាពួកនាង ព្រោះត្រូវប្រពន្ធគេប្រចណ្ឌទាំងដែលមិនហាមប្តីខ្លួនឯង អ៊ីចឹងហើយបានមានអ្នកខ្លះច្រឡំថា តារាៗស្នេហ៍តែប្តីគេ។
ប៉ុន្តែសម្រាប់ស្រីស្អាតរ៉ាប៊ី និងប៉ាច គីមមួយ យល់ថា បើយើងមិនរវល់ជាមួយគេ ក៏គ្មានអ្នកណា ហ៊ានដែរ ស្របពេលដែលលោកអ៊ូ វ៉ាវ ឪពុកតារាចម្រៀងអ៊ីវ៉ា បានបញ្ជាក់ថា កូនស្រីរបស់លោក ប្រុសណាក៏អាចស្រលាញ់ និងចូលចែចូវបានដែរ ប៉ុន្តែលើកលែងតែម៉្យាងគត់ គឺ “ប្តីគេ” ទោះជាមហាសេដ្ឋីក៏ដោយ ប៉ុន្តែផ្ទះលោកមិនបើកទ្វារស្វាគមន៍ទេ។

ដោយឡែក ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី ដែលជាតារាចម្រៀងរបស់ថោន វិញ នាងត្រូវបានគេបង្ហើបថា មានប្រុសដល់ទៅ២នាក់តាមស្នេហានាងយ៉ាងស្អិត ក្នុងពេលតែមួយនោះ គឺលោកឧកញ៉ាមហាសេដ្ឋីម្នាក់ និងលោកអភិបាលខណ្ឌម្នាក់ទៀត។
បេប៊ី ធ្លាប់ច្រានចោលចំពោះការលេចឮដំណឹងនេះ ខណៈដែលម្តាយរបស់នាង អ្នកស្រីប៊ុន ណារី បានស្បថស្បែដោយហ៊ានយកជីវិតដាក់ទៀតផង ប្រសិនបើកូនស្រីរបស់គាត់មានស្នេហាជាមួយប្រុសទាំង២ខាងលើ ឬមានជំនួយពីប្រុសទាំងនោះមែន។
អ្នកស្រីណារី ក៏បានសម្តែងការព្រួយបារម្ភចំពោះការលេចធ្លាយព័ត៌មានទាំងនោះ ដែរ ដោយអ្នកស្រីថា ខ្លាចតែប្រពន្ធគេប្រចណ្ឌ តែយើងជាសាមីខ្លួនមិនបានដឹងអីទេ។

ឥឡូវការគិតរបស់ម្តាយបេប៊ី ពិតជាមិនខុសមែន ព្រោះតែភរិយាលោកឧកញ៉ានោះ ពិតជាឆេះដុំ ប្រចណ្ឌប្តីរបស់ខ្លួនជាមួយស្រីស្អាតបេប៊ី មែន។
ប្រភពបានឱ្យដឹងថា លោកឧកញ៉ានោះរពឹសមាត់ធ្លោយនិយាយសរសើរថា បេប៊ី មានសាច់ភ្លៅ ស្អាត ហើយឮដល់ត្រចៀកភរិយា ទើបធ្វើឱ្យប្រពន្ធរបស់លោកឧកញ៉ាប្រតិកម្មផ្អើលតែម្តង។

ទោះជាយ៉ាងណា ភរិយារបស់លោកឧកញ៉ាដែលជាអតីតតារាសម្តែងម្នាក់នោះ តែងតែការពារ កិត្តិយសប្តីជានិច្ច មិនឱ្យបែកធ្លាយព័ត៌មាននាំឱ្យប៉ះពាល់អំណាចប្តីឡើយ។
ការធ្លាយរឿងភរិយាលោកឧកញ៉ាប្រចណ្ឌ បេប៊ី នោះ ចំពេលដែលស្រីស្រស់រូបនេះបានសង់ផ្ទះវីឡាស្កឹមស្កៃ នៅខណ្ឌសែនសុខ ហើយគ្រោងធ្វើពិធីឡើងផ្ទះ តាំងពីមុនថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែកម្មវីធីនោះ ត្រូវបានផ្អាកវិញ ដោយអ្នកស្រីណារី ថា ព្រោះតែកូវីដ-១៩ មិនចង់មានពិធីជួបជុំ។

យ៉ាងណា ម្តាយបេប៊ី បានបញ្ជាក់ថា កូនស្រីរបស់គាត់គ្មានប្រុសណាចិញ្ចឹមទេ ហើយលុយសង់ផ្ទះវីឡាថ្មីនោះ បានមកពីការលក់ផ្ទះចាស់ បូកនឹងលក់ដីកេរ ទើបអាចធ្វើផ្ទះថ្មីបាន។
ប៉ុន្តែគេកត់សម្គាល់ថា ក្រោយធ្លាយរឿងភរិយាឧកញ៉ាប្រចណ្ឌនោះ បេប៊ី ក៏បានដើរចេញពី CTN ដោយបោះបង់អាជីពពិធីការិនីដែលនាងបានតស៊ូជាង១០ឆ្នាំទៅហើយទៅវិញ។

ប៉ុន្តែស្រីស្អាតថា ការលាអាជីពពិធីការិនីនោះ ដោយសារតែនាងចង់យកពេលវេលាមកផ្តោតតែលើការពង្រឹងអាជីពចម្រៀងនៅថោន តែមួយមុខប៉ុណ្ណោះ ព្រោះនាងមិនចង់ខ្លួន១ ជិះទូក២ មិនទាក់ទងរឿងផ្សេងនោះទេ។
បេប៊ី កាន់តែមានសង្ឃឹមអាចដណ្តើមភាពលេចធ្លោជាងនេះ នៅពេលដែលមាស សុខសោភា ដែលជាតួឯកនោះ បានដើរចេញពីថោន ជាង១ខែទៅហើយ។

បេប៊ី នៅតែពិបាកប្រជែងជាមួយស្រីស្រស់រ៉ាប៊ី ដដែល ហេតុនេះហើយ គេមិនដឹងថា តើការសម្រេចចិត្តបោះបង់អាជីពចាស់ ពិធីការិនី មកច្រៀងនោះ ជាការសម្រេចចិត្តខុសឬត្រូវ?
យ៉ាងណា ពេលនេះស្រីស្អាតបេប៊ី ដែលទើបតែមានអាយុ២៤ឆ្នាំនោះ នាងក៏ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យក្បែរមិនចាញ់រ៉ាប៊ី ឡើយ ហើយគេរំពឹងថា នៅថ្ងៃសម្ពោធផ្ទះវីឡាស្កឹមស្កៃ របស់នាងនោះ ច្បាស់ជាលេចមុខគូស្នេហ៍របស់នាងទៅបង្ហាញខ្លួនជាមិនខាន ដែលពេលនេះ ភរិយារបស់លោកឧកញ៉ា ប្រាកដជាអស់ចិត្ត៕