Wednesday, August 27, 2025
Homeតារាខ្មែរបន្ទាប់ពីបង្ហាញខ្លួនក្នុងការប្រកួតសម្រស់ធំមួយ ម្ចាស់សម្អាងការមួយ ត្រូវគេចាប់អារម្មណ៍រឿងអាស្រូវជាថ្មី

បន្ទាប់ពីបង្ហាញខ្លួនក្នុងការប្រកួតសម្រស់ធំមួយ ម្ចាស់សម្អាងការមួយ ត្រូវគេចាប់អារម្មណ៍រឿងអាស្រូវជាថ្មី

អ្នកនាងគង់ សុត្រាវី ដែលត្រូវគេស្គាល់ គឺជាម្ចាស់សម្អាងការម្កុដមាសខ្មែរ ទទួលបាននូវការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាងបានក្លាយជាអ្នកឧបត្ថម្ភកម្មវិធីប្រកួតសម្រស់ធំមួយ ហើយត្រូវបានម្ចាស់កម្មវិធីលើកមុខលើកមាត់ក្នុងនាមជាអ្នកជ្រោមជ្រែងកម្មវិធី និងបន្ទាប់ពីអ្នកនាងបង្អួតមុខជំនួញជាច្រើនអមដោយការប្រកាសថា ជោគជ័យគ្រប់ផ្នែក។

អមដោយសារសរសើរពីសម្រស់ផង និងពីជោគជ័យផង អ្នកនាងក៏ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចាប់អារម្មណ៍ឡើងវិញជុំវិញរឿងអាស្រូវដែលធ្លាប់កើតមានចំពោះអ្នកនាងនាពេលកន្លងមកនោះផងដែរ។ ការកម្រើកឡើងវិញនៅរឿងអាស្រូវដែលស្ងប់បាត់នេះ គឺអាចមកពីអ្នកនាងលេចធ្លោម្ដងទៀតនៅក្នុងបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃនេះ។

មនុស្សជាច្រើនបានដឹងពីរឿងអាស្រូវរបស់ អ្នកនាងគង់ សុត្រាវី កាលពីអំឡុងចុងខែវិច្ឆិកា ក្នុងឆ្នាំ២០១៨ ដោយសារតែក្នុងពេលនោះអ្នកនាងត្រូវគេទម្លាយរូបថតលើគ្រែជាមួយនឹងឧកញ៉ាល្បីឈ្មោះម្នាក់ ហើយក៏ត្រូវភរិយាស្របច្បាប់របស់លោកឧកញ៉ានោះ ទម្លាយសារ និងឯកសារជាច្រើន បញ្ជាក់ថា អ្នកនាងមានបានដោយសារតែបានពាក់ព័ន្ធនឹងលុយច្រើនម៉ឺនដុល្លារ ដែលលោកឧកញ៉ានោះបានបោកពីដៃគូជំនួញ។

មកទល់ពេលនេះ ឧកញ៉ាដែលអ្នកនាងមានរឿងអាស្រូវ នៅតែជាប់ផ្លូវច្បាប់ជុំវិញការបាត់លុយរាប់លានដុល្លារ បន្ទាប់ពីមានបណ្ដឹងដោយអ្នកនាងគង់ សុត្រាវី ក៏ត្រូវគេសង្ស័យថា គឺជាអ្នកទទួលផលពីប្រាក់ដែលបាត់រាប់លានដុល្លារផងដែរក្នុងពេលអ្នកនាង ត្រួវបានគេដឹងថា បានពាក់ព័ន្ធនឹងឧកញ៉ាដែលមានបណ្ដឹងនោះ ទើបធ្វើអោយអ្នកនាងមានប្រាក់ខ្ទង់លានដុល្លារ បើកហាងកែសម្ផស្សផង និងពង្រីកសម្អាងការផង។

អំឡុងពេលមានរឿងអាស្រូវនោះ ភរិយាស្របច្បាប់របស់លោកឧកញ៉ាដែលចោទថា អ្នកនាងគឺជាជនទី៣ បានទាំងព្រមានប្ដឹងអ្នកនាង និងសើរើទ្រព្យសម្បត្តិដែលអ្នកនាងមានក្នុងមុខជំនួញទាំងឡាយ ព្រោះតែចោទថា អ្នកនាងមានទ្រព្យច្រើនព្រោះតែឧកញ៉ានោះផ្ដល់ឲ្យនោះផង។ ដូច្នេះហើយ ទើបអ្នកនាងគង់ សុត្រាវី រងការអាម៉ាស់ដល់ថ្នាក់មិនតបត និងបាត់មុខពីក្នុងសង្គមមួយរយៈ ដោយសូម្បីតែគម្រោងសម្ពោធហាងកែសម្ផស្សដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ២០១៩ ក៏ត្រូវលុបចោល ហើយការចេញមុខក្នុងសកម្មភាពសង្គមនានាគឺមិនសូវដូចមុន។

អ្នកនាងទើបតែមានសកម្មភាពលេចមុខលេចមាត់ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ ដោយក្នុងកម្មវិធីប្រកួតសម្រស់ធំមួយនៅផ្សារទំនើប Eon2 កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០២០ គឺជាវេទិកាដែលជួយលើកមុខអ្នកនាង ឲ្យមានកិត្តិយសក្នុងស្រទាប់មហាជន តែក៏ជាវេទិកាដែលធ្វើឲ្យអ្នកនាងត្រូវគេនឹកឃើញរឿងអាស្រូវដែលធ្លាប់បោកបក់ផងដែរ។

នៅលើហ្វេសប៊ុកផ្លូវការ អ្នកនាងគង់ សុត្រាវី កាលពីប៉ុន្មានម៉ោងមុន អ្នកនាងបានបង្ហាញពីមុខជំនួញជោគជ័យរបស់ខ្លួនទាំងមុខជំនួញសម្អាងការ ហាងកាត់ដេរ ហាងកែសម្ផស្ស និងជំនួញធំៗផ្សេងទៀត ដោយទទួលបាននូវការស្ញើចសរសើរ។ ប៉ុន្តែទន្ទឹមនឹងការស្ញើចសរសើរ គេឃើញមនុស្សមួយចំនួនលើកឡើងនូវរឿងអាស្រូវរបស់អ្នកនាងយ៉ាងគួរឲ្យចាប់អារម្មណ៍។

យ៉ាងណាមិញ អ្នកនាងគង់ សុត្រាវី មិនតបតនឹងអ្នកគាស់រំលើងរឿងអាស្រូវដែលធ្លាប់កើតមានកន្លងមកនោះទេ ខណៈដែលអ្នកនាងបានត្រឹមតែរក្សាភាពស្ងាត់ស្ងៀម នៅពេលដំណឹងអាក្រក់រឿងគេចោទថា យកប្ដីគេ និង មានបានដោយសារឧកញ៉ាម្នាក់នោះផ្ដល់ឲ្យច្រើន ត្រូវបានគេគាស់កកាយឡើង។ អ្នកនាងក៏ទំនងនឹងរងការអាម៉ាស់ម្ដងទៀតផងដែរ បន្ទាប់ពីទើបតែលេចធ្លោនៅក្នុងសង្គមជាន់ខ្ពស់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែរឿងអាស្រូវកម្រើកមកបោកបក់សារជាថ្មីបែបនេះទៅវិញ៕

RELATED ARTICLES