Wednesday, August 27, 2025
Homeតារាខ្មែរទូច ស្រីលក្ខណ៍ ត្រៀមចេញបទចម្រៀងបង្ហាញរឿងពិត វាយបកអតីតស្វាមី

ទូច ស្រីលក្ខណ៍ ត្រៀមចេញបទចម្រៀងបង្ហាញរឿងពិត វាយបកអតីតស្វាមី

ភ្នំពេញ ៖ តារាចម្រៀងមេម៉ាយកូនមួយឈ្ងុយដូចដូងដុត ទូច ស្រីលក្ខណ៍ ដែលមុននេះបានប្រកាសលែងប្តី ដោយទម្លាយរឿងប្តីបរទេសមានស្រីថ្មីនោះ ពេលនេះស្រាប់តែត្រូវបុរសជាអតីតប្តីឆ្លើយតប វាយបកវិញថា នាងបានដេញប្តីចេញពីផ្ទះ និងមានគូស្នេហ៍ថ្មី មុនលោកមានស្រីស្នេហ៍ថ្មីទៅទៀត ថែមទាំងបាននាំប្រុសថ្មីនោះឡើងផ្ទះ ដែលលោកធ្លាប់រស់នៅជាមួយនាងនោះទៀតផង។

អតីតស្វាមីរបស់ទូច ស្រីលក្ខណ៍ បានបញ្ជាក់បែបនេះ តាមរយៈលិខិតបំភ្លឺរបស់លោក ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០។

លិខិតបំភ្លឺរបស់លោកម័រថេន ក្វាមមេន (Morten Kvammen) ឆ្លើយតបបំភ្លឺចំពោះការចោទប្រកាន់របស់អតីតភរិយា ទូច ស្រីលក្ខណ៍ មានខ្លឹមសារទាំងស្រុងថា “នេះជាការឆ្លើយតបរបស់ខ្ញុំចំពោះការចោទប្រកាន់ដែលអតីតភរិយាខ្ញុំ ទូច ស្រីលក្ខណ៍ ,លក្ខិណា យ៉ែម តែងតែបំភ្លឺលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទូទៅ។

អ្នកនិយាយថា ខ្ញុំបានចាកចេញពីអ្នក ហើយបោកប្រាស់អ្នក ដោយសារមានស្រីថ្មី។ មិនពិតទេ! អ្នកបានបញ្ចប់ទំនាក់ទំនងជាមួយខ្ញុំ នៅខែសីហា ឆ្នាំ២០១៩ ជាងមួយឆ្នាំកន្លងមក ហើយបានបណ្តេញខ្ញុំចេញពីផ្ទះទៀតមែនទេ?

បន្ថែមលើនេះ អ្នកបានផ្សព្វផ្សាយជាសាធារណៈ បង្ហាញមុខគូស្នេហ៍ថ្មីរបស់អ្នកនៅលើបណ្តាញសង្គម កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ទង្វើមិនគប្បីមួយ កាលខែមករា ឆ្នាំនេះ អ្នកក៏នាំមិត្តប្រុសថ្មីរបស់អ្នកទៅផ្ទះដែលខ្ញុំបានទិញ ហើយនោះជាផ្ទះដែលយើងធ្លាប់បានរស់នៅជាមួយគ្នាទៀត។

បន្ទាប់ពីអ្នកមានមិត្តប្រុសថ្មី ខ្ញុំក៏បានចាប់ផ្តើមទំនាក់ទំនងថ្មីដែរ នៅក្នុងខែមីនា (ឆ្នាំ២០២០ មានន័យថា ស្រីលក្ខណ៍ មានមិត្តប្រុសថ្មីមុន)។ បន្ទាប់មកក៏អ្នកចាប់ផ្តើមវាយប្រហារខ្ញុំនៅទីសាធារណៈ ដោយគ្មានហេតុផល ដែលថាខ្ញុំមានស្រីថ្មីចោលអ្នកទៅ វិញ។

អ្នកនិយាយទៀតថា ខ្ញុំបោះបង់ចោលអ្នក និងកូនប្រុសរបស់ខ្ញុំ ទៅរស់នៅជាមួយក្មេងស្រីផ្សេងទៀត។ នេះក៏ជាការកុហកដែរ។

បន្ទាប់ពីយើងបែកគ្នា យើងសុទ្ធតែចែកមើលកូន ដោយផ្លាស់ប្តូរគ្នាអស់រយៈពេល៦ខែដូចៗគ្នា។ ប៉ុន្តែថ្ងៃក្រោយទៀត បន្ទាប់ពីអ្នកដឹងថា ខ្ញុំក៏កំពុងមានគូសង្សារថ្មីដែរ អ្នកក៏លែងឱ្យកូនយើងមកជួបខ្ញុំ ដូចដែលបានព្រមព្រៀងគ្នាកាលខ្ញុំយកកូនយើងឱ្យអ្នកវិញ (កាលមុន ស្រីលក្ខណ៍ សន្យាថា នឹងឱ្យកូនជួបខ្ញុំម្តងម្នាក់)។ អ្នកបាននិយាយថា គាត់មិនអាចមកជួបខ្ញុំបានទេ ព្រោះគាត់ឈឺដោយសារតែវីរុសកូរ៉ូណា ប៉ុន្តែតាមពិត គឺអ្នកមានបំណងមិនឱ្យគាត់មកជួបខ្ញុំ។

អ្នកគំរាមថា នឹងទូរស័ព្ទទៅប៉ូលិស ប្រសិនបើខ្ញុំមកផ្ទះរបស់យើងដើម្បីជួបគាត់ ហើយអ្នកបានចោទប្រកាន់ខ្ញុំថា បានព្យាយាមចាប់ជម្រិតគាត់ពេលដែលខ្ញុំនិយាយជាមួយគាត់ អំឡុងពេលដែលគាត់កំពុងលេងនៅតាមផ្លូវ។ ប្រការនេះ ធ្វើឱ្យខ្ញុំត្រូវតែសុំអាជ្ញាធរនៅសង្កាត់ ដើម្បីជួយខ្ញុំបានឃើញមុខកូន ប៉ុន្តែអ្នកមិនបង្ហាញមុខកូនឱ្យខ្ញុំបានឃើញឡើយ។ អ្នកគ្រាន់តែឱ្យខ្ញុំបានឃើញមុខគាត់ពីចម្ងាយ ប្រៀបបីដូចជាឆ្កែមួយក្បាលនៅតាមផ្លូវ ស្ថិតនៅក្រៅរបងផ្ទះដែលខ្ញុំទិញសម្រាប់គ្រួសារយើង។

អ្នកនិយាយថា ខ្ញុំមិនដែលបានផ្តល់ប្រាក់ឱ្យអ្នក សូម្បីតែទិញទឹកដោះគោ សម្រាប់កូនប្រុសរបស់យើង។ នេះក៏ជាការកុហកដែរ។ អ្នករស់នៅក្នុងផ្ទះដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។ អ្នកបើកឡានដែលខ្ញុំបានទិញសម្រាប់គ្រួសាររបស់យើង។ លើសពីនេះទៅទៀត អ្នកបានចូលទៅដកលុយក្នុងគណនីធនាគាររួមគ្នារបស់យើង ហើយខ្ញុំបានផ្ញើប្រាក់ទៅអ្នកនៅពេលអ្នកស្នើសុំ។

ខ្ញុំបានព្យាយាមពិភាក្សាជាមួយអ្នក និងឯកភាពតាមសំណើរសុំលែងលះរបស់អ្នកតាំងពីយើងបែកគ្នា ប៉ុន្តែតាំងពីខែឧសភាមក អ្នកមិនដែលមកជួបខ្ញុំឡើយ។

អ្នកមានការព្រួយបារម្ភខ្លាំងណាស់ក្នុងការថែរក្សាកេរ្តិ៍ឈ្មោះរបស់អ្នកនៅក្នុងបណ្តាញសង្គម ដោយដើរតួធ្វើជាជនរងគ្រោះជាមួយប្តីអាក្រក់ និងក្លាយជាម្តាយមេម៉ាយដែលកំពុងតស៊ូម្នាក់ឯង។ អ្នកសុខចិត្តកុហកកូនប្រុសរបស់យើង ហើយប្រាប់គាត់ថា ឪពុករបស់គាត់បានចាកចេញពីគាត់ និងគ្រួសារ។

តើវាទៅជាបែបណា ពេលដែលម្តាយមួយរូបព្យាយាមបំបែកបំបាក់កូនចេញពីឪពុកបង្កើត ដែលស្រលាញ់កូនអស់ពីពោះ បែរជាម្តាយនោះប្រាប់កូនថា ឪពុកលែងស្រលាញ់កូនទៀតហើយនោះ? តើសកម្មភាពរបស់អ្នកគ្រាន់តែបំភ្លៃឡើងលើបណ្តាញសង្គម ដើម្បីកេរ្តិ៍ឈ្មោះខ្លនឯងឬ?

ខ្ញុំហ៊ានប្រឈមមុខជាមួយអ្នក ហើយសូមអ្នកបង្ហាញភស្តុតាងនូវអ្វីដែលអ្នកចោទប្រកាន់ខ្ញុំកន្លងមក។ ខ្ញុំអាចផ្តល់ឯកសារនានា និងអះអាងអ្វីដែលខ្ញុំបានសរសេរ ហើយខ្ញុំមានឆន្ទៈក្នុងការចែករំលែងភស្តុតាងជាមួយប្រព័ន្ធផ្សព្វផ្សាយ ដែលចាប់អារម្មណ៍ក្នុងការផ្សាយពីការពិតនៃរឿងនេះផងដែរ”។

ជុំវិញការបំភ្លឺ វាយបករបស់អតីតស្វាមីខាងលើនេះ “នគរធំ” មិនអាចសុំការបកស្រាយឆ្លើយតបពីតារាចម្រៀងទូច ស្រីលក្ខណ៍ បានទេ កាលពីល្ងាចម្សិលមិញ។

ទោះជាយ៉ាងណា កន្លងទៅ ទូច ស្រីលក្ខណ៍ តែងបញ្ចេញសារ និងវីដេអូ រៀបរាប់ថា ផ្លូវមួយដែលនាងខ្លាចបំផុតគឺផ្លូវបំបែក ឬការបែកបាក់គ្រួសារនេះឯង ហើយនាងបាន អត់ធ្មត់ខ្លាំងណាស់ទម្រាំសម្រេចដើរផ្លូវម្នាក់ឯងនេះ។

យ៉ាងណា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ អ្នកនាងទូច ស្រីលក្ខណ៍ បានបង្ហោះសារថា “ខ្ញុំនឹងធ្វើបទចំរៀងមួយបទនៅក្នុងពេលឆាប់ខាងមុខនេះ

១ បងទុកអូនចោលមានស្រីថ្មីទៀត បងប្រើគ្រប់ស្នៀតបង្ខូចឈ្មោះស្រី បង្ហោះ Facebook ចោតទាំងបំភ្លៃតើត្រូវដែររឺអី ឈ្មោះប្តីចោលអូន

២ បើចង់ដឹងពិត បងប្អូនត្រូវគិត ត្រូវរឺយ៉ាងណា គេបោះបង់កូនឲ្យរងឈឺផ្សារវេទនាកយ៉ាងណា រយៈពេលពីរឆ្នាំ

៣ បងដើរចើលអូន បងដើរចោលកូន ភ្ជាប់ពាក្យស្រីថ្មី ចុះចេញពីផ្ទះគ្មានមូលហេតុអ្វី សំខាន់លោកប្តីមិនទាន់លែងលេះ

ទោះជាបែបណាខ្ញុំត្រូវតែរឹងមាំសំរាប់តែកូនរបស់ខ្ញុំមួយមុខ សូមបងប្អូនគិតចុះ បើអ្នកតាមដានរូបខ្ញុំប្រាកដជាយល់ច្បាស់ណាស់”៕

RELATED ARTICLES